​តុលាការ​កម្ពុជា​ផ្តល់​ភាពយុត្តិធម៌​ដល់​ស្ត្រី​នៅ​មានកម្រិត​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ស្ត្រីដែល​ជាសកម្មជន​ដី​ធ្លីនៅ​តំបន់​បឹងកក់ កាលពី​មិន​ទាន់​ចាប់​ខ្លួន បានមក​អង្គុយតវ៉ា​ បិទផ្លូវនៅ​មុខ​សាលារាជធានីនាពេលកន្លងមក

ក្រសួង​យុត្តិធម៌ និង​អង្គការ​អន្តរជាតិ​ធ្វើការ​ផ្នែក​ស្ត្រី នៅ​ថ្ងៃ​ប្រហ​ស្ប​តិ៍​នេះ​លើកឡើង​ថា ស្ត្រី​ខ្មែរ​ភាគច្រើន នៅតែ​មិន​ទាន់​ទទួល​បាន​ភាពយុត្តិធម៌​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​ឡើយ ខណៈ​តុលាការ​នៅ​កម្ពុជា​រង​ការរិះគន់​ថា ជា​ស្ថាប័ន​មួយ​ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​តិចតួច​បំផុត​ ។  

នេះ​ជា​ការលើកឡើង​របស់​អ្នកជំនាញ ក្នុង​សន្និសីទ​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញាជា​ស្ត្រី ស្តីពី​ "​សិទ្ធិ​ស្ត្រី​ទទួលបាន​យុត្តិធម៌​" ដែល​រៀបចំ​ដោយ​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អង្គការ UN-Women និង​ក្រសួង​យុត្តិធម៌​ ។

តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR-Cambodia) លោកស្រី Wan Hee Lee មានប្រសាសន៍ថា ការផ្តល់​យុត្តិធម៌​ចំពោះស្ត្រី ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នៅមានកម្រិត ។ លោក​ស្រី​ថា បញ្ហា​នេះ​អាច​ដោយសារចៅក្រម និង​ព្រះរាជអាជ្ញា​ភាគច្រើន​ជា​បុរស ហើយ​ការ​ឲ្យ​តម្លៃលើ​ស្ត្រី​នៅមានកម្រិត​ ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោកស្រី ចាន់ សុទ្ធា​វី មានប្រសាសន៍​ដែរ​ថា មូលហេតុ​ស្ត្រី​កម្ពុជា​មួយចំនួន​មិនទាន់​ទទួល​បាន​ភាពយុត្តិធម៌ ដោយសារ​ការអនុវត្ត​​ច្បាប់​របស់​មន្ត្រី​នៅមានកម្រិត និង​ការរើសអើង​លើ​ស្ត្រីភេទ ​។ លោកស្រី​បន្ត​ថា អ្វី​ដែល​សំខាន់​ស្ត្រី​ភាគច្រើន មិនទាន់​បាន​យល់ដឹង​ពី​ច្បាប់ ហើយ​រស់​ក្នុង​គំនាប​គ្រួសារ​ ។

សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក សុរិយា ស៊ូ​ប៊ែរ​ឌី កាលពីថ្ងៃទី១៨ ​ខែវិច្ឆិកា បានរិះគ​ន់ថា ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍ របស់​អំណាចនីតិប្រតិបត្តិ​ម្ដង​ហើយ​ម្ដងទៀត ចាប់តាំងពី​លោក​ចូលកាន់​មុខ​នាទី​ជា​អ្នករាយការណ៍​ពិសេស​ក្នុង​អាណត្តិ​នេះ ​។ ​លោក​បន្ថែមថា កង្វះ​ឯករាជ្យភាព​នៃ​តុលាការ គឺជា​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ចម្បង​នានា​ ។

ថ្មីៗ​នេះ​ទៀត អង្គការ​សិទ្ធិមនុស្សបានរិះគ​ន់​តុលាការ​ដែល​ផ្តន្ទាទោសស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ ដាក់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ជន់​លិច​ផ្ទះ​នៅ​បឹងកក់​ ៕

សូមសរសេរមកអ្នក​នាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles