Fri, 21 November 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុមស្រ្តីជាតិហូឡង់បួននាក់ជាមិត្តភក្តិគ្នាបានមូលមតិបង្កើតអង្គការ R4WR ឬ Ride 4 Women’s Rights ក្នុងគោលដៅសំខាន់ដើម្បីសិក្សាស្វែងយល់ពីសិទ្ធិនារី និង បញ្ហាយេនឌ័រតាមតំបន់នានានៅលើសកលលោក តាមរយៈការធ្វើដំណើរដោយកង់ឈ្នាន់ធាក់ពីរត្រាច់ចរលើចម្ងាយផ្លូវមានប្រវែង១៤០០០គីឡូម៉ែត្រ។
ដំណើរផ្ដើមចេញពីទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី នឹងបញ្ចប់នៅឯទីក្រុងអាំស្ទ៊ែរដាំទឹកដីកំណើតពួកគេ។ ការជិះកង់នេះត្រូវចំណាយពេល៤០០ថ្ងៃ និងត្រូវឆ្លងកាត់២២ប្រទេស ខណៈពួកគេត្រូវជិះកង់ឲ្យបានចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ និងមួយថ្ងៃជិះកង់ចម្ងាយ៧០គីឡូម៉ែត្រ។
ដំណើរផ្សងព្រេងដែលមានឆន្ទៈខ្ពស់ និងទិសដៅធំសិក្សាស្វែងយល់ពីសិទ្ធិនារី ឬបញ្ហាយេនឌ័រនៅលើសកលលោករបស់ក្រុមនេះ បានចេញដំណើរដំបូងតាំងពីខែកញ្ញាឆ្នាំ២០១៤មកម្ល៉េះ។ ពួកគេបានឆ្លងកាត់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ មុននឹងមកដល់ទីក្រុងសៀមរាបប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា រួចបន្តមករាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១៨ខែវិច្ឆិកានេះផងដែរ។
នាង ខាលីញ បេតធីង សមាជិកម្នាក់នៃក្រុម R4WR បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «តាមពិតទៅពួកយើងទាំងបួននាក់រាប់អានគ្នាតាំងពីក្មេង និងជាមិត្តនឹងគ្នាអស់១៧ឆ្នាំហើយ។ ទោះបីយើងរៀននៅលាលាផ្សេងគ្នាក្តី តែយើងនៅតែបន្តជួបជុំគ្នាពេលវិស្សមកាលគ្រប់រដូវក្តៅ»។
ស្ត្រីជាសម្លាញ់នឹងគ្នាជិត២ទសវត្សរ៍នោះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរៀងៗខ្លួនកាលពីឆ្នាំមុនមក។
ក្រោយពីផ្ដួចផ្ដើមបង្កើតអង្គការខ្នាតតូចមួយនេះនាង ខាលីញ បេតធីង បានរៀបរាប់ទៀតថា៖ «យើងបង្កើតដំណើរផ្សងព្រេងនេះក្នុងគោលបំណងមួយចង់បានប្រភពនៃការសិក្សា និងអភិវឌ្ឍលើខ្លួនឯង។ តែយើងគ្មានឱកាសអ្វីក្រៅពីការជិះកង់ត្រាច់ចររួមគ្នាដើរជុំវិញពិភពលោកបែបនេះឡើយ។ ម្យ៉ាងទៀត ការជិះកង់មួយមានឈ្នាន់ធាក់ពីរនាក់នេះ ក៏បានផ្តល់ឱកាសឲ្យពួកយើងអាចមើលថែទាំគ្នាបានល្អតាមផ្លូវពេលមានអ្នកណាម្នាក់ឈឺថ្កាត់ផងដែរ»។
ដំណើរជិះកង់រួមគ្នាបែបផ្សងព្រេងជុំវិញពិភពលោករបស់ក្រុម R4WR ដែលមានស្រ្តីជាតិហូឡង់ទាំងបួនដូចជា នាង ម៉ូនីក វ៉ាន់ឌឺ វីខិន នាង សូភី វ៉ាន់ហូហ្វ៍ នាង លីដេវិជ ប៉ុនជី និង នាង ខាលីញ បេតធីង បានមកដល់ប្រទេសកម្ពុជាតាមរយៈទំនាក់ទំនងជាមួយអង្គការពាក់ព័ន្ធនឹងស្រ្តីចំនួនពីរគឺអង្គការ Plan និង Care International។ ក្រុម R4WR នឹងចេញដំណើរទៅកាន់ប្រទេសវៀតណាម ខណៈពួកគេត្រូវឆ្លងកាត់១៧ប្រទេសទៀត មុននឹងវិលទៅទឹកដីកំណើតវិញ។
ទាក់ទិននឹងការចំណាយ ខាលីញ បេតធីង បានបញ្ជាក់ថា៖ «មុននឹងចេញដំណើរសម្រាប់កិច្ចការក្រុម R4WR ពួកយើងបាននាំគ្នាសន្សំប្រាក់រៀងៗខ្លួនទុករយៈពេលមួយឆ្នាំត្រៀមទុកចាយវាយប្រចាំថ្ងៃ ហើយថ្លៃសេវាកម្មផ្សេងៗដូចជា ទិដ្ឋការ សម្លៀកបំពាក់ និងកង់ជាដើមនោះ ទទួលបានការគាំទ្រពីក្រុមអ្នកឧបត្ថម្ភនានា»។
នាង ខាលីញ បេតធីង បានបន្ថែមថា៖ «ពេលទៅដល់ក្រុងអាំស្ទ៊ែរដាំ ពួកយើងរៀបចំឯកសារដែលប្រមូលបានពីការជិះកង់ចម្ងាយ១៤០០០គីឡូម៉ែត្រនេះ ធ្វើបទបង្ហាញមួយស្តីពីការស្វែងយល់ពីសិទ្ធិនារីទៅកាន់ស្ថាប័នសភា អង្គការស្រ្តីនានា និងសាលារៀនមួយចំនួនឲ្យបានដឹងអំពីរឿងរ៉ាវដែលពួកយើងបានខិតខំធ្វើនេះផងដែរ»៕