អេសស៊ីជី ត្រៀម​ផ្តល់​អាហារូបករណ៍ ១០០ កន្លែង​សម្រាប់​សិស្ស​កម្ពុជា​ជា​លើក​ដំបូង

គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន អេសស៊ីជី ដែល​ប្រកាស​ផ្តល់​អាហារូបករណ៍។

គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន អេសស៊ីជី ដែល​ប្រកាស​ផ្តល់​អាហារូបករណ៍។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អេសស៊ីជី ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន ទើប​នឹង​ប្រារព្ធ​កម្មវិធី​គម្រប់​ខួប​១០០​ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ខ្លួន​កន្លង​ទៅ​នេះ បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០០ កន្លែង​តាមរយៈ​កម្មវិធី​អាហារូបករណ៍ “អេសស៊ីជី ចែករំលែក​ក្តីសុបិន” សម្រាប់​យុវសិស្ស​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​លើក​ដំបូង។

កន្លងមក​ក្រុមហ៊ុន អេសស៊ីជី បាន​បង្កើត​កម្មវិធី​អាហារូបករណ៍ “អេសស៊ីជី ចែករំលែក​ក្តីសុបិន”ដល់​កុមារ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ និង ថៃ ដែល​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម ក៏ដូចជា មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​នា​ពេល​អនាគត។ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​រហូត​ដល់​ជាង ៥០០០ កន្លែង​ហើយ​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់​អាស៊ាន។ កម្មវិធី​“អេសស៊ីជី ចែករំលែក​ក្តីសុបិន” មាន​ការ​ប្តេជ្ញា​ជួយ​ដល់​គ្រួសារ​សិស្ស​ក្នុង​ការ​ផ្គត់ផ្គង់​លើ​ការ​សិក្សា​របស់​ពួកគេ​តាមរយៈ​ការ​ឧបត្ថម្ភ​លើ​តម្រូវការ​ចាំបាច់​នានា​ដូចជា សម្ភារសិក្សា សៀវភៅ ថ្លៃសិក្សា និង​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ពេញ​មួយ​ឆ្នាំ​សិក្សា។

លោក Somwang Manpimonchai ប្រធាន​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖​«​អេសស៊ីជី ប្តេជ្ញា​ធ្វើ​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ពង្រឹង​គុណភាព​នៃ​ការ​រស់នៅ​ខណៈ​ដែល​យើង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើឲ្យ​មាន​ការ​អភិវឌ្ឍ​សង្គម។ ជាមួយ​កម្មវិធី “អេសស៊ីជី ចែករំលែក​ក្តីសុបិន” និង​ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​ការ​អភិវឌ្ឍធនធាន​មនុស្ស យើង​សង្ឃឹម​ថា​នឹង​អាច​ជួយ​ជំរុញ​សិស្សានុសិស្ស​ក្នុង​ប្រទេស​កម្ពុជា (​ជាពិសេស​សិស្សានុសិស្ស​ដែល​ខ្វះខាត) ឲ្យ​ស្រឡាញ់​ការ​សិក្សា​របស់​ខ្លួន ព្រមទាំង​បង្កើត​នូវ​មូលដ្ឋាន​គ្រឹះ​រឹងមាំ​មួយ​សម្រាប់​ការសិក្សា»។

លោក​បន្ថែម​ទៀត​ថា៖​«​ក្រុមហ៊ុន អេសស៊ីជី តែងតែ​គិតគូរ​ដល់​ការ​ទទួល​ខុសត្រូវ​សង្គម ដោយ​អនុវត្ត​ដំណើរការ​ផលិត និង​ចែកចាយ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដើម្បី​លើកស្ទួយ​ដល់​គុណភាព​នៃ​ការ​រស់នៅ​របស់​សហគមន៍​កម្ពុជា ការ​ផ្តល់​អាហារូបករណ៍​ក្នុង​វិស័យ​អប់រំ និង​សម្ភារ​កីឡា​។ ជាមួយ​នឹង​ការ​តាំងចិត្ត​នេះ យើង​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ដែល​បាន​ជួយ​ដោះស្រាយ​តម្រូវការ​ជាក់ស្តែង​របស់​សង្គម​ដូចជា ជួយ​សហគមន៍​ឲ្យ​មាន​លទ្ធភាព​អភិវឌ្ឍ​គុណភាព​នៃ​ការ​រស់នៅ​របស់​ខ្លួន​ជាដើម។ សម្រាប់​យើង នេះ​មិនមែន​ជា​សកម្មភាព​ថ្មី​ឡើយ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុសត្រូវ​សង្គម​ដែល​យើង​តែងតែ​ធ្វើ​កន្លងមក​សម្រាប់​ប្រជាជន​កម្ពុជា។ យើង​ជឿជាក់​ថា តាមរយៈ​ការ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា​មាន​អត្តចរិត​ល្អ និង​ស្រឡាញ់​ការសិក្សា គឺជា​គន្លឹះ​ដ៏សំខាន់​ដើម្បី​បង្កើត​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត”។

សម្រាប់​កម្មវិធី​អាហារូបករណ៍ “អេសស៊ីជី ចែករំលែក​ក្តីសុបិន​” បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ និង​ឯកសារ​ពាក់ព័ន្ធ​នានា រួម​ជាមួយ​អត្ថបទ​សរសេរ​ដោយ​ដៃ ១-២ ទំព័រ​ក្រោម​ប្រធានបទ “​ខ្ញុំ​ជា​មនុស្ស​ល្អ ហើយ​ខ្ញុំ​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា” ដោយ​ធ្វើការ​រៀបរាប់​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​និង​គ្រួសារ​អ្នក និង​ពន្យល់​ពី​ក្តីសុបិន​របស់​អ្នក​ក្នុង​ការសិក្សា ទៅកាន់​អ្នក​សម្របសម្រួល​តាម​សាលា និង​/​ឬ នាយក​សាលា ដាច់​ដោយឡែក​ពី​គ្នា​យ៉ាងយូរ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

សម្រាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​ដំណឹង​អាហារូបករណ៍​ជា​លើក​ទី​១​នេះ លោក​អ្នក​អាច​ទាក់ទង​លោក ជា វង្សវិចិត្រ តាមរយៈ​ទូរស័ព្ទ​លេខ ០៩៨ ៩៨៩ ៣៨១៕


What Next?

Recent Articles