ដោយ៖ ពៅ មេត្តា
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កសិករកំពុងទស្សនាវីដេអូ ពីរបៀបធ្វើកសិកម្មតាមកុំព្យូទ័រយួរដៃ (រូបថត៖ ពៅ មេត្តា)
ប្រជាពលរដ្ឋខ្មែរប្រមាណ៨០ភាគរយប្រកបរបរកសិកសកម្ម គឺធ្វើកសិកម្មតាមបែបយថាផល ពិបាកក្នុងការផលិតឲ្យមានគុណភាពល្អ ដើម្បីយកទៅប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ ។ បច្ចុប្បន្នកសិករមួយចំនួនយកចិត្តទុកដាក់ស្វែងយល់ពីវិធីសាស្ត្រថ្មី ដើម្បីពង្រើកគុណភាពកសិផល ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងតម្លៃនៅលើទីផ្សារ ។
កសិករភាគច្រើនពួកគាត់មិនសូវទទួលបានការអប់រំច្រើនទេ ទាំងការអប់រំចំណេះដឹងទូទៅ និងការអប់បែបចំណេះជំនាញកសិកម្ម ។ កសិករភាគច្រើនប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រួសារ ហើយនៅសេសសល់ក៏លក់ដូរយកជាប្រាក់ ។
ដើម្បីពង្រឹងសមត្ថភាពរបស់កសិករឲ្យអាចផលិតកសិផលមានគុណភាព និងទទួលបានផលច្រើនដើម្បីអាចផ្គត់ផ្គង់តម្រូវក្នុងស្រុក និងអាចយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនោះ ធនាគារអភិវឌ្ឍន៍អាស៊ី បានដាក់ចេញគម្រោងមួយស្តីពីការបង្រៀនកសិករពីរបៀបធ្វើកសិកម្មតាមបច្ចេកទេស ដោយសិក្សារតាមបច្ចេកវិទ្យាថ្មី ។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ គឺមានផ្តល់កុំព្យូទ័រយួរដៃចំនួន១៩៦ សម្រាប់ឲ្យកសិករសិក្សារៀនសូត្រពីរបៀបធ្វើកសិកម្ម ។
គម្រោងថ្មីនេះ ផ្តល់កុំព្យួទ័រយូរដៃឲ្យបុគ្គលិកផ្សព្វផ្សាយចំនួន១៩៦នាក់ នៅក្នុងខេត្តចំនួន៥ ដើម្បីយកទៅចាក់បញ្ចាំងខ្សែវីដេអូពីរបៀបធ្វើកសិកម្ម ឲ្យកសិករតាមក្រុមគោលដៅមើល ។ ខេត្តគោលដៅដែលធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងនេះមានដូចជា បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងសៀមរាប ។
អ្នកស្រី ព្រំ និច ជាកសិករនៅក្នុងខេត្តកំពង់ធំថ្លែងក្នុងពេលជួបជុំទស្សនាវីដេអូពីរបៀបធ្វើកសិកម្ម នៅក្នុងក្រុងស្ទឹងសែនថា អ្នកស្រីបានមើលវីដេអូនោះ២ទៅ៣ដង ហើយចាប់អារម្មណ៍ពីររៀបថ្មីនៃការធ្វើកសិកម្ម ។ អ្នកស្រីបញ្ជាក់ថា ចំណុចចាប់អារម្មណ៍នោះគឺការធ្វើស្រូវ ដោយស្ទូងមួយដើមៗគឺចំណាយពូជតិច តែបានផលច្រើន ។ អ្នកស្រីមានប្រសាសន៍ថា «ពេលនេះគេដាក់រង្វើលៗតែបានផលច្រើនជាង ហើយអត់ពូជតិចជាង» ។
អ្នកស្រី ព្រំ និច ថ្លែងទៀតថា ក្រៅពីការបច្ចេកទេសនៃការដាំស្រូវនោះ តាមរយៈខ្សែវិដេអូក៏បានបង្រៀនរូបគាត់ ចេះពីរបៀបដាំបន្លែបង្ការផ្សេងៗទៀតដែរ ។
កសិករវ័យប្រមាណ៦០ឆ្នាំម្នាក់ទៀត ដែលកំពុងមើលខ្សែវីដេអូដែរនោះលោក ទេស សាកេន ថ្លែងថាលោកធ្វើកសិកម្មជាងពាក់កណ្តាលជីវិតទៅហើយ គឺអនុវត្តតាមទម្លាប់តៗពីដូនតាមក ។ លោកបន្តដោយទឹកមុខញញឹមថា បច្ចេកទេសថ្មីនៃការស្ទូងស្រូវដែលគាត់ទទួលបានពីការមើលខ្សែវីដេអូនេះ គឺមានភាពងាយស្រួលក្នុងថែទាំជាងទម្លាប់បុរាណ ។ លោកបន្ថែមថា «ងាយស្រួលថែជាងអាយើងស្ទូងញឹក ងាយដែលវាមានប្រលោះជើងចំហ ជើងជាន់ ដើរចូលទៅស្រួល បើស្ទូងញឹកយើងដើរចូលអត់កើត» ។
ការបង្រៀនកសិករពីវិធីធ្វើកសិកម្មរបស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តទាំង៥នេះ គឺមានបុគ្គលិកផ្សព្វផ្សាយនៅតាមឃុំ ចាំពន្យល់រាល់ចម្ងល់ផ្សេងៗរបស់ក្រុមកសិករគោលដៅ ។ ក្រៅពីការសួរពេលមើលខ្សែវីដេអូដោយផ្ទាល់ កសិករក៏អាចសាកសួរទៅបុគ្គលិកផ្សព្វផ្សាយកសិកម្មតាមទូរស័ព្ទបានដែរ នៅពេលដែលកសិករមានចម្ងល់ពេលអនុវត្ត ការដាំដុះ ឬ ចិញ្ចឹមសត្វនេះ ។
បុគ្គលិកផ្សព្វផ្សាយព័ត៌មានកសិកម្មប្រចាំឃុំ អាចកំណត់ពេលណាត់កសិករក្នុងមួយខែ ឬមួយសប្តាហ៍ម្តង ដើម្បីបង្ហាញខ្សែវីដេអូពីរបៀបធ្វើកសិកម្ម ។ កសិករអាចជួបគ្នាពី៤ទៅ៥នាក់ក្នុងពេលជួបគ្នាមើលខ្សែវីដេអូមួយលើកៗ ។
ខ្សែវីដេអូបង្ហាញពីការបច្ចេកទេសកសិកម្មក្នុង៤ខែដំបូងនេះ មានបង្ហាញពីការផលិតស្រូវ និងចិញ្ចឹមមាន់ រួមទាំងរបៀបដាំបន្លែផ្សេងៗទៀត ។ ខ្សែវីដេអូដែលចាក់ឲ្យកសិករមើលនោះគឺផលិតដោយក្រសួងកសិកម្ម និងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលធ្វើការទាក់ទងវិស័យកសិកម្ម ។
មន្ត្រីកសិកម្មឃុំគគីធំ ស្រុកបារ៉ាយ ខេត្តកំពង់ធំ លោក ម៉ាន ភារុណ លើកឡើងថា មានភាពងាយស្រួលក្នុងការបង្រៀនកសិករពីរបៀបធ្វើកសិកម្ម តាមរយៈការបង្ហាញជាខ្សែវីដេអូ ព្រោះថាកសិករដែលមិនចេះអក្សរក៏ពួកគាត់អាចរៀនសូត្របានដែរ មិនពិបាកដូចអានអក្សរក្នុងសៀវភៅ ឬប័ណ្ណផ្សព្វផ្សាយផ្សេងៗនោះទេ ។ លោកបញ្ជាក់ថា ចាប់តាំងពីការបង្ហាញវីដេអូកសិករមើលមក គឺការអនុវត្តរបស់កសិករមានភាពផ្លាស់ប្តូរ ។ លោកមានប្រសាសន៍ថា «ធ្វើស្រូវអ៊ីចឹង បើបច្ចេកទេសធ្វើស្រូវឲ្យគាត់ ពេលដែលគាត់[ចញ្ចឹម]មាន់ បើកបច្ចេកទេសមាន់ឲ្យគាត់មើល ដល់ពេលអ៊ីចឹងគាត់អាចដឹងថា អូហ៍ របៀបចិញ្ចឹមមាន់ធ្វើទ្រុងវាដូចម៉េច ពេលពន្លែងវាដូចម្ត៉េច ខុសគ្នាអ៊ីចឹង» ។
មន្ត្រីកសិកម្មនៅឃុំម្សាក្រង នៅស្រុកស្ទោង កញ្ញា ស៊ឹម សារឿន ថ្លែងថាការបង្ហាញតាមខ្សែវីដេអូដល់កសិករ មិនពិបាកបង្រៀនទេ គឺអ្នកដែលចេះអក្សរអាចកត់ត្រាបន្ថែម ចំណែកអ្នកមិនចេះអក្សរអាចមើល ហើយចំណាំទុកយកទៅអនុវត្តផ្ទាល់ ។ កញ្ញាបន្តថា នៅក្នុងឃុំម្សាក្រង កសិករភាគច្រើនចាប់អារម្មណ៍លើការចិញ្ចឹមមាន់ ។ កញ្ញាថា «ឧបមាថា ទ្រុងមាន់អ៊ីចឹង ធ្វើវាគ្រាន់បើជាង។ ឧទាហរណ៍ថា គាត់ជាគ្រួសារក្រីក្រអ៊ីចឹង គាត់អត់សូវមានលទ្ធភាពទេ អ៊ីចឹងគាត់អាចយកធាងត្នោតមកធ្វើទ្រុងមាន់ ប៉ុន្តែក៏ដូចគ្នា» ។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គិត សេង លើកឡើងក្នុងរបបទីផ្សារសេរី ឈ្មួញជាអ្នកកំណត់តម្លៃកសិផល ហើយរដ្ឋាភិបាលមិនអាចលូកដៃចូលបានទេ ។ តែលោកបញ្ជាក់ថា ដើម្បីជួយដល់កសិករគឺរដ្ឋាភិបាល កំពុងពង្រឹងសមត្ថភាពកសិករ និងពង្រីកឲ្យមានទីផ្សារច្រើន ឲ្យមានការប្រកួតប្រជែងទិញកសិផលមានតម្លៃខ្ពស់ ។ លោកថា «យើងមានភាព Access(ដំណើរការ) ទៅកាន់ទីផ្សារច្រើន មិនអាចថាទីផ្សារដែលវៀតណាម ទីផ្សារដែលខាងថៃ ព្រំដែន គឺយើងគិតទីផ្សារអន្តរជាតិ ទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក ទីផ្សារហុងកុង ទីផ្សារចិន ព្រោះចិនជាមហាប្រទេសធំដែលទំនិញត្រូវការច្រើនដែរ រកវិធីសាស្ត្រគ្រប់បែបយ៉ាងឲ្យអង្ករ និងទំនិញរបស់យើងគ្រប់មុខទាំងអស់ ចូលទៅទីផ្សារចិនបាន» ។
ចំណូលពីវិស័យកសិកម្មក្នុងសេដ្ឋកិច្ចកម្ពុជាស្មើនឹង ២៩% នៃប្រាក់ចំណូលទទួលបានពីការនាំចេញសរុប ។ បច្ចុប្បន្នបញ្ហាប្រឈមរបស់កសិករក្រៅពីមិនមានចំណេះដឹងបច្ចេកទេសកសិកម្ម ខ្វះដីបង្ករបង្កើនផល ខ្វះប្រព័ន្ធធារាសាស្ត្រ កសិផលផលិតបានមិនមានទីផ្សារ ឬលក់បានក្នុងតម្លៃថោកមិនសមនឹងការចំណាយរបស់កសិករ ឬត្រូវឈ្មួញកណ្តាលកំណត់ថ្លៃតាមនឹងចិត្តជាដើម ។ កត្តាទាំងនេះនាំឲ្យកម្ពុជាជាប្រទេសកសិកម្ម តែកសិករក្លាយជាអ្នកក្រីក្ររហូត ដល់អ្នកខ្លះខ្វះអង្ករបរិភោគ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com