ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អាជ្ញាធរ ចុះមកដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋនៅស្រុកជីក្រែង នាពេលកន្លងមក (រូបថត៖ បូ សាវី)
ប្រជាពលរដ្ឋ៨២គ្រួសារ នៅស្រុកជីក្រែង ខេត្ដសៀមរាប គ្រោងធ្វើបាតុកម្មនៅខាងមុខតុលាការខេត្ដនេះ ដើម្បីទាមទារឲ្យតុលាការផ្ដល់យុត្ដិធម៌ដល់ពួកគេ ខណៈចៅក្រមកោះហៅពួកគេឲ្យចូលបំភ្លឺ និងបង្ហាញហេតុផល ។
តំណាងពលរដ្ឋ និងជាមេភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង លោក យង់ ហ៊ាន ប្រាប់ VOD នៅព្រឹកព្រហស្បតិ៍ម្សិលមិញថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដសៀមរាប លោក អឿង វណ្ណា បានចេញដីកាកោះហៅពួកគាត់បីនាក់ ដើម្បីឲ្យចូលបំភ្លឺ និងទាញហេតុផលដោយផ្ទាល់មាត់ នៅតុលាការខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ។ លោកថាការកោះហៅនេះ ធ្វើឡើងក្រោយពេលពួកគេ ៨២គ្រួសារ ប្ដឹងរក្សាការពារដីទំហំ៣០៥ហិកតា នៅស្រុកជីក្រែង ដែលចៅក្រមរូបនោះ ដកហូតប្រគល់ឲ្យពលរដ្ឋ៥នាក់នៅស្រុកប្រាសាទបាគង ទាំងអយុត្ដិធម៌ ។ លោកបន្ដថា លោកនឹងដឹកនាំពលរដ្ឋ ទៅតវ៉ានៅខាងមុខតុលាការខេត្តសៀមរាប បើសិនច្រៅក្រមមិនផ្ដល់យុត្ដិធម៌ដល់ពួកគាត់។ លោកថា «ទី១ កាត់ឲ្យខ្ញុំ លើកទី២ កាត់ឲ្យខ្ញុំ ដល់លើកទី៣ អឿង វណ្ណា នេះ គេមកកាត់[ក្តី]បំបិទមុខ គេកាត់តែខ្លួនគេ អីតែខ្លួនគេ ឲ្យ៥នាក់នោះឯង។ ភាគីម្ខាងទៀតអត់ដឹងទេ ហៅទៅជំនុំជម្រះនៅថ្ងៃទី២៦។ ខ្ញុំយកប្រជាជនភាគច្រើនទៅ គ្រប់មនុស្សទៅកាន់តុលាការ» ។
តំណាងពលរដ្ឋមួយរូបទៀត នៅភូមិល្វា លោក មាន ចេង ឲ្យដឹងថា ពលរដ្ឋ៥នាក់នៅស្រុកប្រាសាទបាគង បានរារាំងពួកគាត់មិនឲ្យបង្កបង្កើនផលលើដី៣០៥ហិកតា ។ លោកបន្ដថា នៅខែសីហា ឆ្នាំ២០១៤ អនុប្រធានសាលាដំបូងខេត្ដសៀមរាប លោក ឌុច សុខសារិន បានចេញដីកាសម្រេចការពារឲ្យពួកគេ ប៉ុន្ដែនៅខែតុលាចៅក្រម លោក អឿង វណ្ណា បែរជាចេញដីការពារឲ្យពលរដ្ឋ៥នាក់ទៅវិញ ទើបពួកគេដាក់ពាក្យបណ្ដឹងការពារឡើងវិញ ។
ករណីនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប លោក អឿង វណ្ណា មានប្រសាសន៍ថា ការកោះហៅពលរដ្ឋនេះ ដើម្បីឲ្យពួកគេបង្ហាញឯកសារ និងទាញយកហេតុផលដោយផ្ទាល់ បន្ទាប់ពីពួកគាត់ដាក់ពាក្យប្ដឹងតវ៉ារក្សាការពារ កាលពី២៧ ខែតុលាកន្លងមក ក្រោយពេលដែលលោកចេញដីកាសម្រេចការពារដី៣០៥ហិកតា ប្រគល់ឲ្យពលរដ្ឋ៥នាក់នៅស្រុកប្រាសាទបាគង ។ លោកមានប្រសាសន៍ថា «ព្រោះកាលណាតុលាការចេញដីកា សម្រេចរក្សាការពារ [បើគាត់]ចង់ប្តឹងតវ៉ា នឹងដីកាហ្នឹង គាត់ត្រូវមកដាក់ពាក្យ អ៊ីចឹងយើងត្រូវគាត់មក ដូចមានន័យថា មកឃើញហេតុផលដោយផ្ទាល់មាត់» ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ដសៀមរាប លោក ច័ន្ទ ចំរើន មានប្រសាសន៍ថា លោកកំពុងសិក្សាលើសំណុំរឿងនេះ ដើម្បីចុះធ្វើការស៊ើបអង្កេត។ លោកថា «យើងសិក្សាសំណុំរឿង ហើយចុះទៅបានយើងដឹងថា តើរឿងហ្នឹងវាយ៉ាងម៉េចៗ» ។
បើតាមពលរដ្ឋឲ្យដឹងថា នៅដើមខែមេសា ឆ្នាំ២០១២ ដីពួកគាត់៣០៥ហិកតានោះ ត្រូវបានតំណាងរាស្ដ្រខេត្ដសៀមរាប លោក សៀង ណាំ ប្រកាសប្រគល់ឲ្យប្រជាពលរដ្ឋ៨២គ្រួសារជាបណ្ដោះអាសន្ន បន្ទាប់ពីប្រគល់ឲ្យរួចមក ទំនាស់ចាប់ផ្ដើមកើតឡើង ។ ពលរដ្ឋបញ្ជាក់ថា នៅខែសីហា ឆ្នាំ២០១៤នេះ អនុប្រធានតុលាការខេត្ដនេះ បានចេញដីការសម្រេចការពារ និងរឹបអូសពីពលរដ្ឋ៥នាក់នៅស្រុកប្រាសាទបាគងនោះ ដោយរក្សាទុកនៅស្ថានភាពដើមនៃអចលនវត្ថុ។ ប៉ុន្ដែនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០១៤ ចៅក្រមសាលាដំបូងខេត្ដសៀមរាប លោក អឿង វណ្ណា បានចេញដីកាសម្រេចបគល់ឲ្យពលរដ្ឋទាំង៥នាក់នោះ ឲ្យបង្កបង្កើនផលវិញ ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com