​អាជីវករ​លក់ដូរ​នៅ​តាម​ប្រាសាទ​បុរាណ​ជិត​៥០​នាក់​ប្ដឹង​អាជ្ញាធរ​ជាតិ​អប្សរា ករណី​ឲ្យ​ពួកគេ រុះរើ​តូប​លក់ដូរ​ទៅ​កន្លែង​ផ្សេង​​

ដោយ៖​ បូ សាវី​
ថ្ងៃអាទិត្យ ទី23 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ខាងមុខ​ភ្នំបាក់​ខែង ដែលអាជ្ញាធរអប្សរាចង់​រុះរើ (រូបថត៖ បូ សាវី)

ក្រុម​អាជីវករ​លក់ដូ​រ​នៅ​តាម​ប្រាសាទ​បុរាណ​ជិត​៥០​នាក់ ក្នុង​តំបន់​ទេសចរណ៍​អង្គរ ស្វែងរក​អន្ដរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​តំណារាស្ដ្រ​សៀមរាប ករណី​អាជ្ញាធរ​ជាតិ​អប្សរា បង្ខំ​ឲ្យ​ពួកគេ​រុះរើ​តូប​លក់ដូរ​ផ្លាស់​ទៅ​កន្លែង​ផ្សេង ឆ្ងាយ​ពី​ភ្ញៀវទេសចរ​។​

​ករណីនេះកើតឡើងបន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​ចេញ​លិខិត​ជូនដំណឹង ឲ្យ​ក្រុម​អា​ជីករ​លក់ដូរ​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ និង​ខាង​មុខ​ភ្នំ​បាខែង រុះរើ​តូប​លក់ដូរ និង​មក​ចុះ​ឈ្មោះ​យក​ទីតាំង​ថ្មី ឲ្យបាន​មុន​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។​

​តំណាង​អាជីវករ​លក់ដូរនៅខាងមុខ​ប្រាសាទភ្នំបាខែង អ្នកស្រី យឿន សាវឿន ប្រាប់ VOD​ នៅ​ថ្ងៃ​នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ខំ​ឲ្យ​ពួកគាត់ រុះរើ​តូប​លក់ដូរ​ពួកគេ​ចេញ​ពី​ខាង​មុខ​ប្រាសាទភ្នំបាខែង ក្រោម​ហេតុផល​ប៉ះពាល់​ដល់​បុរាណ​វិទ្យា និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​។ អ្នកស្រី​បន្ដ​ថា មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​មក​គំរាមកំហែង និង​បង្ខំ​ឲ្យ​ពួកគាត់ ទទួលយក​តូប​លក់ដូរ​ថ្មី​នៅក្នុង​ព្រៃ ដែល​មាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ពី​កន្លែងចាស់ និង​មិន​មាន​ភ្ញៀវ​ចូល​ទិញ​។  អ្នកស្រីមាន​ប្រសាសន៍​ថា «នៅ​បាក់​ខែង​លក់​បាន​តែ​ពេល​ថ្ងៃ​លិច ពេល​ភ្ញៀវ​ចុះ​មក​ម៉ោង​៤ ម៉ោង​៥​ ភ្ញៀវ​ចុះ​ហើយ អ៊ីចឹង​លក់បាន​តែ​១ម៉ោង​២ម៉ោង​ហ្នឹង​ឯង អត់​បាន​លក់​បាន​មួយ​ថ្ងៃ​វាល់​ល្ងាច​ទេ​។ ថ្ងៃ​ខ្លះ​ក៏​ដាច់ ថ្ងៃ​ខ្លះ​ក៏​អត់​ ថ្ងៃ​ខ្លះ​សូម្បី​តែ​នៅ​ខាង​មុខ​ហ្នឹង​១០០ខ្មែរ​មិន​បាន​ផង។ បើ​សិន​ជា​គាត់​ឲ្យ​ទៅ​ខាង​ក្រោយ​ហ្នឹង​ រឹត​តែ​អត់​ដាច់​ទៀត​ហើយ ព្រោះ​នៅ​ខាង​ក្រោយ​ផ្លូវ ទី​១ លក់​អត់​កើត​ទេ នៅ​ជាប់​ផ្លូវឡាន​គេ​បើ​ហុយ អ៊ីចឹង​ភ្ញៀវ​គាត់​អត់​ដើរ​ឆ្លង​កាត់​ទេ ឆ្លង​កាត់​មិន​កើត​ព្រោះបើ​កហុយ​» ។

​តំណាង​អាជីវករ លក់ដូរ​នៅ​ក្លោងទ្វារ​ទន្លេ​អុំ មួយ​រូប​ទៀត អ្នកស្រី មិន ស៊ី​ណាត ថ្លែងថា ពួកគេ បាន​ដាក់ពាក្យ​ប្ដឹង ដល់​តំណាងរាស្ដ្រ លោកស្រី កែ សុវណ្ណ​រតន៍ និង​អង្គការ អាដហុក ដើម្បី​ជួយ​អន្ដ​រគ​មន៍​ទៅ​អាជ្ញាធ​ជាតិ​អប្សរា ឲ្យបាន​ពួកគេ​លក់ដូរ​នៅ​កន្លែ​ង​ចាស់​ដដែល​។​ អ្នកស្រី​បញ្ជាក់ថា​ពួកគេ​សុខចិត្ដ​បង្រួម​តូប​លក់ ប៉ុន្ដែ​មិន​អាច​ទទួលយក​កន្លែង​ថ្មី​បាន​នោះទេ ដោយ​សារ​ទៅ​លក់​នៅ​កន្លែង​ថ្មី មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន ​។ អ្នក​ស្រីថា «នៅ​ពេល​ដែល​អាជ្ញាធរ​អប្សរា​គាត់​រៀបចំ​ម្តងៗ គឺ​ពិ​បាក​ គាត់​អត់​គិត​ដល់​ធុរៈ​របស់​អាជីវ​ករ​ទេ។ តើ​ទី​តាំង​ដែល​គាត់​ឲ្យ​ហ្នឹង​ អាជី​វករអាច​លក់​ដូរ​បាន​អត់? ដាច់ឬអត់​ គាត់​អត់​ខ្វល់​ទេ គាត់​ធ្វើ​ម៉េច​តែ​គាត់​ចង់​រៀបចំៗ ដឹង​តែ​ចង់​ដេញ​ប្រជាជន មិន​ចង់​ឲ្យ​រកស៊ី​តែម្តង ហើយ​អាហ្នឹង​លក្ខណៈចង់​ថា សម្លាប់​ប្រជាជន​ដោយ​ប្រយោល​តែ​ម្តង​»

​ករណីនេះតំណាងរាស្ដ្រ​មណ្ឌលខេត្ដ​សៀមរាប លោកស្រី កែ សុវណ្ណ​រតន៍ មានប្រសាសន៍ថា អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ គួរ​ពិចារណារ ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រាសាទ​រស់នៅ​ដោយ​សេចក្ដីសុខ។ ​លោកស្រី​កត់សម្គាល់ថា ការបណ្ដេញ​ពលរដ្ឋ​ចេញពី​ការលក់ដូរ​នេះ ដើម្បី​ស្ថាប័នេះ ធ្វើ​តូប​ប្រមូល​លុយ ជា​ប្រយោជន៍​បុគ្គល​ទៅ​វិញ​នោះ​ទេ​ ។ លោក​ស្រី​ថ្លែង​ថា «ហើយ​យើង​គួរ​ពិចារណាដែល​ថា ផល​ប្រយោជន៍​របស់​ជាតិ​ត្រូ​វតែ​ចែករំលែ​ក​ទៅ​ដល់​ពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​តំបន់ ដែល​យើង​អភិវឌ្ឍន៍​ហ្នឹង។ បើ​សិនជាពេលយើង​អភិវឌ្ឍន៍ ហើយ​យើង​បណ្តេញ​គាត់​ចេញ តើ​ឲ្យ​គាត់​ប្រកប​របរ​រក​ស៊ី​អី​ បើ​កន្លែង​ដែល​ខ្លួន​នៅ​គេ​មិន​ផ្តល់​សិទ្ធិ​ឲ្យ​រស់​នៅ​សមរម្យ ត្រឹមត្រូវ​។ អ្នក​ដែល​រស់​នៅ ភាគច្រើន តាំង​ពីជីដូ​នជីតាមក​ម្ល៉េះ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​អន្តរាគមន៍​ទៅ​លោក​ ប៊ុន ណារិទ្ធ​ ដែរ។ ខ្ញុំ​ថាផល​ប្រយោជន៍​បន្តិចបន្តួចប្រចាំ​ថ្ងៃ​សម្រាប់​ជី​វភាព​គាត់ គួរ​តែ​ផ្តល់​ឲ្យប្រជាពលរដ្ឋទៅ​»

VOD មិនអាច​ទាក់ទង អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បាន​ទេ​។ ​ប៉ុន្ដែ​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា  ឆ្នាំ​២០១៤ ឲ្យដឹងថា ការរុះរើ​តូប​លក់ដូរ​អាជីវករ​នេះ ដើម្បី​រក្សា​សោ​ភណ្ឌ​ភាព និង​សេវាកម្ម​នានា និង​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ និង​បង្កើន​ប្រាក់​ចំណូល​ដល់​អាជីវករ​ផង​ដែរ​។

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​សៀមរាប លោក សួស ណារិន មានប្រសាសន៍​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​ថា អាជីវករ​ទាំង​ពីរ​កន្លែង​នេះ មិន​ព្រម​រុះរើ​តូប​លក់ដូរ​ទៅកាន់​កន្លែង​ថ្មី តាម​ការជូនដំណឹងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះទេ ដោយសារ​កន្លែង​ថ្មី មិន​មាន​ភ្ញៀវទេសចរ​ទៅដល់ ដែល​ធ្វើឲ្យ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​ពួកគេ​។ លោក​បន្ដថា ការដេញ​ពលរដ្ឋ​ដោយ​បង្ខំ​នេះ ជា​ការរំលោភ​លើ​សិទ្ធិ​សេដ្ឋកិច្ច​ពលរដ្ឋ ខណៈ​ពួកគាត់​កំពុង​មាន​លក្ខណៈ​ល្អ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​អាច​បាត់បង់​ព្រៃ​ឧទ្យាន​អង្គរ​ផងដែរ​។​

​បើ​តាម​លិខិត​ជូនដំណឹង អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា ស្ថាប័ន​នេះ នឹង​ឈប់​ឲ្យ​អាជីវករ​លក់ដូរ នៅខាងមុខ​ប្រាសាទភ្នំ​បាក់​ខែង និ​ក្លោងទ្វារ​ទន្លេ​អុំ ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ខាងមុខនេះ៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles