Tue, 2 December 2014
មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កម្មករប្រមាណជាង ២០០០ នាក់នៅរោងចក្រចំនួនពីរក្នុង ទីក្រុងភ្នំពេញ និង ខេត្តកណ្តាល បានធ្វើការតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារកាលពីថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែរោងចក្រមួយត្រូវបានសម្របសម្រួលសម្រេចបានលទ្ធផល ហើយកម្មករក៏ត្រឡប់ចូលធ្វើការវិញដែរ នៅថ្ងៃដដែលនោះ។
លោក រី សិទ្ធីណែត មន្រ្តីសហជីពសេរីកម្មករដែលបានចុះធ្វើអន្តរាគមន៍នៅរោងចក្រយូអេសឌី (USD) ក្នុង ខណ្ឌឫស្សីកែវ បាននិយាយកាលពីថ្ងៃម្សិលមិញថា កម្មករទាមទារឲ្យខាងរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពសេរីកម្មករចំនួន ៣ នាក់ប្រចាំរោងចក្រ យូអេសឌី ចូលធ្វើការវិញ បន្ទាប់ពីពួកគាត់ត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីសប្តាហ៍មុន និងទាមទារនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។
លោកបានថ្លែងថា៖ «កម្មករបានយល់ព្រមចូលធ្វើការវិញហើយ បន្ទាប់ពីខាងរោងចក្រព្រមទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញនិងព្រមកាត់ថ្ងៃតវ៉ាទុកកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំវិញ ចំណែកចំណុចទាមទារផ្សេងទៀត ភាគីទាំងពីរព្រមព្រៀងយកទៅធ្វើការផ្សះផ្សានៅក្រសួងការងារ»។
ចំណុចដែលកម្មករនៅ យូអេសឌី ទាមទារមានប្រាក់ថ្លៃបាយ ៤០០០ រៀល ប្រាក់បាយចំនួន ២០០០ រៀលក្នុង ១ ម៉ោងចំពោះកម្មករស្ម័គ្រចិត្តថែមម៉ោង ធ្វើការថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្តសុំប្រាក់បន្ថែមចំនួន ២៨ ដុល្លារពីលើប្រាក់ឈ្នួលចាស់និងចំណុចមួយចំនួនទៀត។
ជាមួយគ្នានេះដែរ មានកម្មករប្រមាណជា ១៦០០ នាក់នៅរោងចក្រ នូវខប (Now Corp) ក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំគ្នាតវ៉ានៅខាងមុខរោងចក្រកាលពីព្រឹកម្សិលមិញនេះដែរ ដោយទាមទារអត្ថប្រយោជន៍ជាង ១០ ចំណុច ប៉ុន្តែការចរចាមិនត្រូវបានក្រុមហ៊ុនទទួលយកទាំងអស់នោះទេ ដែលកម្មករត្រូវធ្វើការតវ៉ាបន្តទៀតនៅថ្ងៃអង្គារនេះ។
លោក សៀង សម្បតិ្ត ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករបាននិយាយប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា មកដល់ពេលនេះ (ម្សិលមិល) មានការដោះស្រាយបានប្រហែលជា ៨០ ភាគរយហើយ ដោយក្រុមហ៊ុនបានទទួលយកជាច្រើនចំណុចតាមការទាមទាររបស់កម្មករ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «នៅប្រហែលជា ៤ ទៅ ៥ ចំណុចទៀតដែលខាងរោងចក្រមិនទាន់យល់ព្រមដែលធ្វើឲ្យកម្មករមិនអាចវិលត្រឡប់ទៅកាន់កន្លែងការងាររបស់ពួកគេវិញបាន និងសម្រេចបន្តធ្វើការតវ៉ាតទៅទៀត»។
លោក សៀង សម្បត្តិ បានបន្តទៀតថា លោកក៏មានការព្រួយបារម្ភពីការបង្រ្កាបពីខាងក្រុមហ៊ុនផងដែរ។ ដោយសារតែលោកបានទទួលព័ត៌មានថា រោងចក្រនេះមានខ្នងជាអ្នកមានអំណាចនៅពីខាងក្រោយ ដូចនេះការធ្វើអ្វីមួយមកលើកម្មករវាមិនពិបាកទេ ប៉ុន្តែ លោកនឹងព្យាយាមមិនឲ្យមានហិង្សាណាមួយកើតមានបាននោះទេ។
ចំណែកឯបុគ្គលិករោងចក្រ នូវខប ដែលបានលើកទូរស័ព្ទបានឆ្លើយតបថា អ្នកនាងមិនបានដឹងអ្វីទេ ហើយក៏បានធ្វើការបដិសេធមិនផ្តល់លេខទាក់ទងណាមួយខាងផ្នែករដ្ឋបាលរោងចក្រផងដែរ៕
