ដោយ ទីន ហ្សាការីយ៉ា
2014-12-02
RFA

ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) RFA
សេចក្ដីព្រាងសេចក្ដីស្នើច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទោះបីជាគណបក្សទាំងពីរឯកភាពគ្នាស្ទើរតែទាំងស្រុងទៅហើយក៏ដោយ តែមកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់ឯកភាពទាំងស្រុងនៅឡើយ។
អ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយអនុក្រឹត្យនោះ គឺអាចនឹងប៉ះពាល់ឯករាជ្យរបស់ គ.ជ.ប ថ្មី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២ ធ្នូ ថា គណបក្សសង្គ្រោះជាតិ កំពុងឲ្យអ្នកច្បាប់ពិនិត្យមើលចំណុចដែលគណបក្សទាំងពីរខ្វែងគំនិតគ្នានោះ។
លោក កឹម សុខា មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះចំណុចដែលនៅខុសតិចតួចនៃសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលក្រុមការងារគណបក្សទាំងពីរបានពិភាក្សាគ្នាកាលពីថ្ងៃទី១ ធ្នូ នោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា ចំណុចដែលគណបក្សសង្គ្រោះជាតិ មិនទាន់ឯកភាព ១០០% នេះ អាស្រ័យលើគណបក្សសង្គ្រោះជាតិ ជាអ្នកសម្រេច។ ចំពោះក្រុមការងាររបស់លោក មិនហ៊ានសម្រេចទេ ដោយគោរពលើគោលការណ៍របស់ថ្នាក់ដឹកនាំគណបក្សទាំងពីរ គឺលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបគ្នាកាលពីថ្ងៃទី២៨ វិច្ឆិកា នៅរដ្ឋសភា។ លោក ប៊ិន ឈិន បានលើកពីចំណុចខុសគ្នាដូច្នេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបគ្នាជាសម្ងាត់មួយកាលពីថ្ងៃទី២៨ វិច្ឆិកា ដើម្បីបញ្ចប់ភាពមិនចុះសម្រុងគ្នានៃការធ្វើសេចក្ដីព្រាងច្បាប់បង្កើត គ.ជ.ប ថ្មីនេះ ដោយឲ្យក្រុមការងារគណបក្សទាំងពីរពិភាក្សាគ្នាដោះស្រាយបញ្ចប់។ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសេចក្ដីស្នើសេចក្ដីព្រាងច្បាប់ ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ឲ្យរួចរាល់ជាមួយគ្នាយ៉ាងយូរនៅដំណាច់ខែកុម្ភៈ ខាងមុខ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា ការកំណត់អគ្គលេខាធិការដ្ឋាន គ.ជ.ប នៅក្រោមអនុក្រឹត្យនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គណបក្សទាំងពីរនឹងធ្វើសិក្ខាសាលាស្ដីពីការធ្វើសេចក្ដីព្រាងច្បាប់នេះនៅពេលខាងមុខ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធចូលរួមផ្ដល់អនុសាសន៍។
លោក ប៊ិន ឈិន អះអាងថា ក្រុមការងារគណបក្សទាំងពីរ នឹងជួបគ្នានៅថ្ងៃសុក្រ ទី៥ ធ្នូ ដើម្បីជជែកអំពីគ្រោងឆ្អឹងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។ ចំណែកនៅថ្ងៃច័ន្ទ ទី៨ ធ្នូ ក្រុមការងារគណបក្សទាំងពីរ នឹងចាប់ផ្ដើមពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ចង់ឱ្យកម្ពុជាជាប្រទេសប្រជាជនមានចំណូលមធ្យមនិងខ្ពស់
- “អតុល្យភាពសង្គមកើនឡើងធ្វើឲ្យមានផលប៉ះពាល់ដល់សង្គមកាន់តែច្រើន”
- គណបក្សទាំងពីរបញ្ចប់កិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ គ.ជ.ប ថ្មី
- អាជ្ញាធរខេត្តសៀមរាបមិនទាន់ស៊ើបអង្កេតករណីគំរាមសម្លាប់សកម្មជនបក្សប្រឆាំង
- ហេតុអ្វីត្រូវការឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា?
- គណបក្សសង្គ្រោះជាតិស្វែងរកថវិកាដើម្បីដំណើរការប៉ុស្តិ៍ទូរទស្សន៍
- លោក កឹម សុខា អះអាងពីភាពជោគជ័យនៃជំនួបចរចានយោបាយ
- អ្នកវិភាគ៖ គណបក្សជាប់ឆ្នោតទាំងពីរកំពុងលេងល្បែងចែកអំណាចគ្នា
- រដ្ឋសភាបន្តប្រជុំពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៥