Tue, 2 December 2014
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ដំណើរវិលចូលប្រឡូកក្នុងអាជីពសម្តែងវិញ និងកំពុងទទួលបានការចាប់អារម្មណ៍ពីកាយវិការសម្តែងក្នុងខ្សែភាពយន្តភាគរឿងនិស្ស័យស្នេហ៍ ដែលឈុតសម្តែងបង្កស្នេហារោលរាលនោះ កញ្ញា ទិត រីយ៉ា ក៏បានប្រកាសពីមហិច្ឆតាបន្តភ្ជាប់ខ្លួនជាមួយកាយវិការសម្តែងឈុតឆាកបែបនេះថា ការសម្តែងឈុតបែបសិចស៊ីនេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ការបោះជំហានចូលអុកឡុក និងឆាកសម្តែងភាពយន្តលើកទី២របស់អតីតកញ្ញាឯក ប្រ៊ិជស្តូនលេខ៣ ឆ្នាំ២០០៧ ក្រោយពីបោះបង់អាជីពនេះជាងពីរឆ្នាំ ក្រោមព្យុះព័ត៌មានថា នាងដកខ្លួនតាមសំណូមពរម្ចាស់ស្នេហ៍ជាអ្នកមានទ្រព្យស្តុក មិនចង់ឲ្យនាងរកតម្រៃហាលថ្ងៃភ្លៀងខ្យល់នាំឲ្យខូចសម្រស់នោះ។
ទោះយ៉ាងណា កញ្ញា ទិត្យ រីយ៉ា ដែលមហាជនស្គាល់ថា ជាតារាសម្តែងឆ្នាសឆ្នើមក្នុងខ្សែភាពយន្តភាគរឿង ផ្ការីកពេញរដូវរូបនោះ ក្រៅពីបដិសេធព័ត៌មានដែលបោកបក់លើនាងមិនមែនជាការពិត ដោយបញ្ជាក់ហើយបញ្ជាក់ទៀតថា ការដកឃ្លាពីសិល្បៈមុននោះ ដោយសារបញ្ហាសុខភាពមិនសូវល្អ ពោលគឺជំងឺក្រពះធ្វើទុក្ខខ្លាំងនោះ កញ្ញា ទិត្យ រីយ៉ា បានប្រាប់៖«ការវិលមកវិញ ក្នុងរយៈពេលជាងមួយឆ្នាំនេះ ទទួលបានការថតភាពយន្តភាគចាក់សម្តែងលើកញ្ចក់ទូរទស្សន៍មួយចំនួន ដែលសុទ្ធសឹងចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ CTN និង My TV»។
ខ្សែភាពយន្តភាគទាំង៤ ក្នុងនោះមានរឿង រលកបោកខ្សាច់ កូនប្រសាអ្នកទីក្រុង កំលោះទីក្រុងនិងរឿងនិស្ស័យស្នេហ៍ ហើយរឿងទាំងបួននោះ ត្រូវបាន កញ្ញា ទិត្យ រីយ៉ា លើកឡើងដោយមោទនភាពខ្លួនឯងថា ជួយឲ្យប្រជាប្រិយភាពនាងងើបឡើងខ្លាំងវិញក្នុងអាជីពសម្តែងក្រោយឈប់ពីសិល្បៈរយៈពេលជាងពីរឆ្នាំ ដែលស្ទើរតែមហាជនភ្លេចមុខនោះ។
ប៉ុន្តែ រីយ៉ា ហាក់បង្ហាញការចាប់អារម្មណ៍ខ្លួនខ្លាំងលើរឿងនិស្ស័យស្នេហ៍ដែលពេលនេះកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ My TV ដោយនាងអះអាងថា រឿងភាគដែលនាងសម្តែងមួយនេះ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ លាយឡំជាមួយសំណើចកក្អឹក កញ្ញា ទិត្យ រីយ៉ា បានប្រាប់ថា៖ «ដ្បិតថា ខ្ញុំមិនមែនជាតួឯកធំ ប៉ុន្តែការសម្តែងរឿងនេះទទួលបានការចាប់អារម្មណ៍គួរសម ពិសេសដោយភាពយន្តនេះ មានលាយឡំឈុតឆាកស្នេហារោលរាលច្រើន និងឈុតសម្តែងបែបសិចស៊ីផងនោះ»។
រីយ៉ា បានបង្ហាញការរំពឹងទុកផងដែរថា បើមានការសម្តែងបែបហ្នឹងច្រើន នោះអាចធ្វើឲ្យប្រជាប្រិយភាពនាងក៏ឡើងលឿនដែរ។ ការយល់ឃើញនេះ ក៏ត្រូវបានតារាសម្តែង វ័យ២៤ឆ្នាំមានកំណើតពីខេត្តកំពតរូបនេះ លើកជាគំរូពីតួឯកស្រីរឿងស្បែកគង់ កញ្ញា ឌុច លីដា ។
នាងនិយាយថា ឆ្នាំ២០១៤នេះ ស្ទើរតែមិនជឿថា លីដា នាងមានប្រជាប្រិយភាពលោតឡើងលឿនយ៉ាងនេះពីការសម្តែងនោះដោយសារនាងហ៊ានសម្តែងឈុតខ្លះ ដែលតួខ្លះមិនហ៊ានសម្តែង។ រីយ៉ា បានបញ្ជាក់ទៀតថា យ៉ាងណានាងក៏ហ៊ានសម្តែងដែរ សម្រាប់ឈុតសម្តែងដូច លីដា សម្តែងនោះ ព្រោះថា ការដែលអ្នកទស្សនាគាត់មើលឃើញផ្សេង តែការពិតមិនដូចនោះទេ វាជាបច្ចេកទេសច្រើនជាងការសម្តែង»។
បើទោះជា រីយ៉ា ប្រកាសពីភាពក្លាហានចង់ថតរឿងបែបលេចលើលេចក្រោមក្តី ប៉ុន្តែនាងក៏សារភាពផងដែរ គឺសម្រាប់តែការសម្តែងរបស់នាងក្នុងឈុតឆាកស្រើបស្រាលដែលមានបច្ចេកទេសជួយដែរ តែបើស្រើបស្រាល និងមានភាពសិចស៊ីខ្លាំងពេក ដែលមើលទៅមិនមែនជាប្រពៃណីវប្បធម៌ខ្មែរ ឬក៏ធ្វើឲ្យប៉ះពាល់ភាពជានារីខ្មែរនោះ ក៏នាងមិនទទួលសម្តែងដែរ ទោះបីតម្លៃខ្លួនប៉ុនណាក្តី៕
