បណ្ណាល័យ​ជាតិ​នឹង​ត្រូវ​កែលម្អ​ដើម្បី​អភិរក្ស

អគារ​បណ្ណាល័យ​ជាតិ ត្រូវ​បាន​សម្ពោធ​ក្នុង ឆ្នាំ​១៩២៤ ដែល​ជា​ផ្នែក​នៃ​បណ្ដាញ​បណ្ណាល័យ​ក្នុង​សម័យ​អាណា​និគម​បារាំង។

អគារ​បណ្ណាល័យ​ជាតិ ត្រូវ​បាន​សម្ពោធ​ក្នុង ឆ្នាំ​១៩២៤ ដែល​ជា​ផ្នែក​នៃ​បណ្ដាញ​បណ្ណាល័យ​ក្នុង​សម័យ​អាណា​និគម​បារាំង។ Charlotte Pert



ភ្នំពេញប៉ុស្តិ៍

HARRIET FITCH LITTLE

ភ្នំពេញៈ នៅ​ពេល​ដើរ​ចូល​ទៅ​បណ្ណាល័យ​ជាតិ​កម្ពុជា វា​ធ្វើ​ឲ្យ​នឹក​ឃើញ​អំពី​សម្រស់​នៃ​បេតិកភណ្ឌ​ស្ថាបត្យកម្ម​របស់​រាជធានី​ភ្នំពេញ។ ដោយ​កសាង​ឡើង​នៅ​លើ​ផ្ទៃ​ដី​ធំ​មួយ​នៅ​ផ្នែក​ខាង​លិច​នៃ​វត្ត​ភ្នំ ហើយ​ខាង​ក្រោយ​អគារ​នេះ​គឺ​នៅ​ជិត​ប័ណ្ណសារ​ជាតិ ដែល​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ។

ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ក្នុង​អគារ​ចំណាប់​អារម្មណ៍​នៃ​ភាព​ស្រស់​ស្អាត​នេះ បាន​រលាយ​បាត់។ កង្ហារ​នៅ​លើ​ពិតាន​ខ្ពស់​បក់​យឺតៗ​ដើម្បី​ព្យាយាម​ឲ្យ​ក្រុម​អ្នក​អាន​សៀវភៅ​នៅ​តាម​តុ​វែងៗ​ត្រជាក់។ គំនរ​សៀវភៅ​មិន​មាន​របៀប​រៀបរយ​ត្រូវ​បាន​ដាក់​នៅ​ជិត​តុ​អ្នក​ទទួល​ភ្ញៀវ។

កំណត់​ត្រា​ដំបូង​នៃ​អ្នក​ទៅ​បណ្ណាល័យ​នេះ​គឺ​ពី ឆ្នាំ​១៩២៨ ដែល​បាន​កត់​ត្រា​អ្នក​ទៅ​បណ្ណាល័យ​មាន​ចំនួន ៩៦៩៨ នាក់​ទៅ​បន្ទប់​អាន​សៀវភៅ​នៅ​ក្នុង​ឆ្នាំ​ទី​មួយ។ សព្វ​ថ្ងៃ​នេះ ប្រធាន​បណ្ណាល័យ​លោក​ស្រី ខ្លូត វិបុលឡា គិត​ថា ចំនួន​គឺ​ពាក់​កណ្តាល​នោះ ដោយ​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​អាន​និង​អ្នក​ខ្ចី​សរុប​មាន​ចំនួន​ប្រហែល ៤៨០០ នាក់​ក្នុង​មួយ​ឆ្នាំ។

លោក​ស្រី ខ្លូត វិបុលឡា កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ។ Charlotte Pert

រឿន វីរៈ ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​បាន​ថ្លែង​ថា ប្រជាជន​វ័យ​ក្មេង​តិច​តួច​ប៉ុណ្ណោះ​ដែល​ពិចារណា​ប្រើ​ប្រាស់​បណ្ណាល័យ​នេះ។ វីរៈ បន្ថែម​ថា៖ «ពួក​គេ​មិន​មាន​សៀវភៅ​ដែល​ខ្ញុំ​ត្រូវ​ស្រាវ​ជ្រាវ មាន​តែ​បុគ្គលិក​អាច​ចូល​ទៅ​អ៊ីនធឺណិត ហើយ​កុំព្យូទ័រ​គឺ​ចាស់​ណាស់​និង​ហួស​សម័យ​ទៀត​ផង»។

ប៉ុន្តែ​ការ​ចូល​ទៅ​ក្នុង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន (ASCC) នា​ពេល​ខាង​មុខ​របស់​កម្ពុជា​បាន​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដែល​មនុស្ស​ជាច្រើន​ជឿ​ថា នឹង​ធ្វើ​ឲ្យ​បណ្ណាល័យ​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន។ ជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​សមាជិក​ភាព​រដ្ឋាភិបាល​បាន​ប្តេជ្ញា​កែលម្អ​បណ្ណាល័យ​នេះ​ឲ្យ​ទាន់​សម័យ។ លោក​ស្រី វិបុលឡា បាន​ថ្លែង​ថា៖ «យើង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ពេល​កម្ពុជា​ចាប់​ផ្តើម​ចូល​ជា​សមាជិក ASCC»។

ជា​ផ្នែក​នៃ​គំនិត​ច្នៃ​ប្រឌិត​បណ្ណាល័យ​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​មួយ​ចំនួន​ដែល​នឹង​ជួយ​ឲ្យ​បណ្ណាល័យ​នេះ​ឲ្យ​ទាន់​សម័យ​ដូច​នៅ​តាម​បណ្ណាល័យ​ទំនើប​របស់​ប្រទេស​ដទៃៗ​ដូច​ជា សៀវភៅ​នឹង​ត្រូវ​ស្គែន និង​ការ​បង្កើត​គេហទំព័រ​ដែល​អាច​ចូល​មើល​ពី​ចម្ងាយ​បាន​ផង​ដែរ។

ក្រៅ​ពី​ការ​ដាក់​ប្រព័ន្ធ​ឌីជីថល អគារ​បណ្ណាល័យ​ចាស់​នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​និង​អភិរក្ស​ជា​បេតិកភណ្ឌ។ រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​ការងារ​ជួស​ជុល​ដំបូល​និង​ប្រព័ន្ធ​ខ្សែ​ភ្លើង​អគ្គិសនី​ឡើង​វិញ។

លោក ហាប់ ទូច ប្រធាន​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​និង​អរូបី​នៅ​ក្រសួង​វប្បធម៌ បាន​ថ្លែង​ថា ផែនការ​មេ​សម្រាប់​ការ​ពង្រីក​អគារ​ដើម្បី​កែលម្អ​នឹង​ត្រូវ​បញ្ចប់ «ឆាប់ៗ» នេះ។ ការ​ជួស​ជុល​នេះ​ក៏​នឹង​បន្ថែម​សួនច្បារ​ផង​ដែរ​ដើម្បី​ឲ្យ​អ្នក​អាន​អាច​អង្គុយ​អាន​សៀវភៅ​បាន​ដែល​បច្ចុប្បន្ន​ជា​កន្លែង​ចត​ឡាន។ «យើង​ជា​សមាជិក ASCC ឥឡូវ​នេះ ដូច្នេះ​យើង​ត្រូវ​ពង្រីក​បណ្ណាល័យ​ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ដែល​ជា​ផ្នែក​នៃ​សកម្មភាព​កម្មវិធី»។

វា​ជា​ការ​ប្តេជ្ញា​ចិត្ត​ពី​រដ្ឋាភិបាល​ក្នុង​ការ​កែលម្អ​បណ្ណាល័យ​នេះ។ កាល​ពី​អតីតកាល បណ្ណាល័យ​នេះ​ជា​និមិត្ត​រូប​នៃ​សេចក្តី​អង់​អាច​របស់​កម្ពុជា ដែល​លែង​ស្ថិត​នៅ​ក្រោម​អាណា​និគម​បារាំង។ ក្នុង ឆ្នាំ​១៩៥៤ ការ​ដាក់​តម្តល់​សៀវភៅ​ជា​លើក​ទី​មួយ​ជា​ភាសា​ខ្មែរ បង្ហាញ​ពី​ការ​លែង​ស្ថិត​នៅ​ក្រោម​អាណា​និគម​បារាំង។

ក្នុង​អំឡុង​សម័យ​ខ្មែរ​ក្រហម អគារ​នេះ​ត្រូវ​បាន​ប្រើ​ធ្វើ​ជា​កន្លែង​ធ្វើ​បាយ​សម្រាប់​ទីប្រឹក្សា​ចិន ហើយ​ទីធ្លា​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ចិញ្ចឹម​ជ្រូក។

លោក​ស្រី Helen Jarvis ជា​អ្នក​បណ្ណាល័យ​ជនជាតិ​អូស្រ្តាលី ដែល​បាន​មក​លេង ទីក្រុង​ភ្នំពេញ ដំបូង​ក្នុង ឆ្នាំ​១៩៨៧ រំឭក​អំពី​ទសវត្សរ៍​មួយ​ដែល​កាល​នោះ​បុគ្គលិក​ទាំង​អស់​គ្នា​ចំណាយ​រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​សម្អាត​សួនច្បារ​ជុំវិញ​នោះ។

ប៉ុន្តែ​ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ពាក្យ​ចចាម​អារ៉ាម​បាន​លេច​ឮ​ឡើង​ថា បណ្ណាល័យ​អាច​នឹង​ត្រូវ​បាន​លក់។

កំណត់​ត្រា​ស្លឹក​រឹត​ដែល​បាន​បន្សល់​នៅ​ក្នុង​បណ្ណាល័យ​ជាតិ។ Charlotte Pert

លោក Tony Morine ជន​ជាតិ​នូវែល​សេឡង់ ដែល​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​បណ្ណាល័យ​ជាតិ​អស់​រយៈ​ពេល ៥​ឆ្នាំ និង​នៅ​តែ​ជួយ​បណ្ណាល័យ​នេះ បាន​ថ្លែង​ថា៖ «ប៉ុន្តែ​រដ្ឋ​មន្រ្តី​វប្បធម៌​បាន​និយាយ​ថា វា​មិន​ពិត​ទេ»។

ទោះ​យ៉ាង​ណា​ក្តី ក្នុង ឆ្នាំ​២០១២ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូរ​ដី​មួយ​ចំនួន ដែល​អគារ​មន្រ្តី​រាជការ​ត្រូវ​បាន​រើ​ទៅ​កន្លែង​ថោកៗ​នៅ​ជាយ​ក្រុង លោក ហ៊ុន សែន បាន​ផ្តល់​សុន្ទរកថា​មួយ​ថា បណ្ណាល័យ​នេះ​រួម​ជាមួយ​នឹង​អគារ​សំខាន់ៗ​ដទៃ​ទៀត នឹង​មិន​ត្រូវ​លក់​ទេ។

អតីត​រដ្ឋ​មន្រ្តី​វប្បធម៌ លោក ហឹម ឆែម មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន ខណៈ​លោក ទូច បាន​ថ្លែង​ថា លោក​មិន​ដឹង​អំពី​ការ​លក់​ឬ​អត់​ទេ?

លោក ស្រី វិបុលឡា បាន​ថ្លែង​ថា មិន​ប្រាកដ​ថា តើ​នឹង​មាន​ការ​រើ​ទីតាំង​ឬ​អត់​នោះ​ទេ? ផ្ទុយ​ពី​បណ្ណាសារ​ជាតិ​នៅ​ជិត​នោះ បណ្ណាល័យ​ជាតិ​មិន​មាន​រដ្ឋបាល​ស្វយ័ត​ឬ​ថវិកា​ឯករាជ្យ​ទេ ហើយ​បុគ្គលិក​បណ្ណាល័យ​នេះ​កម្រ​ដឹង​អំពី​ការ​ចរចា​និង​ពិភាក្សា​ជាន់​ខ្ពស់​ណាស់។

ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ថវិកា​រដ្ឋាភិបាល​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់ បណ្ណាល័យ​នេះ​បាន​ស្វែង​រក​ជំនួយ​ពី​បរទេស​ដើម្បី​ជួយ​រក្សា​ផ្នែក​សំខាន់ៗ​របស់​ខ្លួន។ ចន្លោះ​ពី ឆ្នាំ​២០០៥ និង ២០១២ បារាំង​បាន​ជួយ​លើ​ការ​ដាក់​ម៉ាស៊ីន​ត្រជាក់ កុំព្យូទ័រ និង​ម៉ាស៊ីន​ថត​ចម្លង ព្រម​ជាមួយ​នឹង​វិភាគទាន​ចំពោះ​ការ​ចំណាយ​ថ្លៃ​ទឹក​ភ្លើង​របស់​អគារ​នេះ។ ពួក​គេ​បាន​ផ្តល់​ថវិកា​លើ​ការ​ប្រមូល​សៀវភៅ​កម្រៗ និង​ស្លឹក​រឹត និង​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​ឌីជីថល និង​ក្នុង​ករណី​មួយ​ចំនួន ពួក​គេ​ជួយ​បោះពុម្ព​ផ្នែក​នៃ​សៀវភៅ​មុន​សម័យ​ឯករាជ្យ​ខូច​ខាត និង​រក្សា​សៀវភៅ​ជាច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​សម័យ​អាណា​និគម​បារាំង។

រហូត​ដល់​គម្រោង​ចូល ASCC ចូល​ជា​ធរមាន ទើប​ការ​កត់​ត្រា​តាម​អនឡាញ​អំពី​ឯកសារ​ស្គែន មាន​វត្តមាន​នៅ​លើ​គេហទំព័រ។

លោក ស្រី វិបុលឡា មាន​សេច​ក្តី​រីក​រាយ​ចំពោះ​ការ​ជួយ​នេះ។

លោក​ស្រី បាន​ថ្លែង​ថា៖ «បណ្ណាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រជាជន​បារាំង ប្រសិន​បើ​យើង​គិត​តែ​អភិរក្ស​សៀវភៅ​ភាសា​ខ្មែរ យើង​នឹង​មិន​មាន​សៀវភៅ​ច្រើន​សម្រាប់​អាន​ទេ»។

លោក Morine បាន​ថ្លែង​ថា លោក​ក៏​កំពុង​សម្លឹង​ស្វែង​រក​ជំនួយ​ផង​ដែរ។ បច្ចុប្បន្ន​នេះ​កំពុង​មាន​គម្រោង​អំពាវនាវ ទី៣ ទៅ​មូលនិធិ Bill and Melinda Gate Foundation ដើម្បី​ស្វែង​រក​ជំនួយ​ធំ​មួយ។ ការ​ដាក់​សំណើ ២ ដំបូង​ត្រូវ​បាន​ច្រាន​ចោល ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ដោយ​សារ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ដាក់ ហើយ​ឆ្នាំ​នេះ​លោក​គ្រោង​រៀបចំ​ដាក់​ឲ្យ​ត្រឹម​ត្រូវ​ហើយ​នឹង​សរសេរ​លិខិត​​ជា​ចំហ​ដោយ​ផ្ទាល់​ទៅ​ដល់​លោក BillGates។

ទោះ​យ៉ាង​ណា​ក្តី បច្ចុប្បន្ន​សៀវភៅ​ចាស់ៗ​ជាច្រើន​មាន​ការ​ខូច​ខាត ដែល​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​ឌីជីថល។

នៅ​ពេល​និយាយ​អំពី​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក វា​ប្រហែល​ជា​ចៀស​មិន​រួច​ទេ​គឺ​ថា ការ​បរិច្ចាគ​ជំនួយ​នឹង​ផ្តោត​ទៅ​លើ​គុណ​សម្បត្តិ​នៃ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​បណ្ណាល័យ​នេះ។

ហេតុ​ដូច្នេះ លោក​ស្រី វិបុលឡា ជឿ​ថា តាម​រយៈ​ការ​ចូល​អាស៊ាន​នេះ រដ្ឋាភិបាល​កំពុង​បង្កើន​ល្បឿន​កែលម្អ​បណ្ណាល័យ​មួយ​នេះ។

លោក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ដោយ​សារ​តែ​ដំណើរ​ការ​ទាំង​នេះ យើង​ឥឡូវ​នេះ​កំពុង​ធ្វើ​ការងារ​កែលម្អ​បណ្ណាល័យ​នេះ​នឹង​មាន​ការ​អភិវឌ្ឍ​នា​ពេល​ខាង​មុខ។ យើង​ចង់​អភិរក្ស​មិន​បោះ​បង់​វា​ចោល​នោះ​ទេ»៕


What Next?

Recent Articles