ប្រ​ជា​សហគមន៍​​​វាល​ស្បូវក្មុង​ខណ្ឌ​ច្បារអំពៅ ​កំ​ពុង​ខ្វះ​ខាត​ស្បៀងដោយ​សារ​ជំនន់​ទឹក​ភ្លៀង​មិន​ទាន់​ស្រក​​

ដោយ៖​ ទូច សុខា​
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ស្ថានភាពជំនន់ទឹកភ្លៀង​នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (រូបថតពី៖ អង្គការ People In Need)

ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​វា​លស្បូវ ក្នុង​សង្កាត់​​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ លើក​ឡើង​​ថា ពួក​គេ​កំពុង​តែ​ជួប​ការ​លំបាក​ផ្នែក​​​ម្ហូប​អាហារ ទឹក​ស្អាត និង​ផ្នែក​សុខ​ភាព​ ខណៈ​ដែល​​សហគម​ន៍​របស់​ពួក​គាត់​​ប្រមាណ​​៦០​គ្រួសារ​ទទួល​រង​ជំនន់​​ទឹក​ភ្លៀង​ជាង​២​ខែ​មក​ហើយ ។

ពល​រដ្ឋ​សហគម​ន៍វាល​ស្បូវ​​ម្នាក់​អ្នក​ស្រី នៅ រដ្ឋា អះ​អាង​ថា​ សហគមន៍​​របស់អ្នក​ស្រី​​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​តាំង​ពី​ដើម​ខែ​តុលា ហើយ​រហូត​មក​ដល់​ពេល​នេះ ទឹកមិនទាន់​ស្រក​អស់​នៅ​ឡើយ​ទេ ។ ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​កំពុង​រស់​​នៅ​លើ​ទី​ទួល​សុវត្ថិ​ភាព នៅ​ជិត​ទី​តាំង​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​ ។

​អ្នក​ស្រី នៅ រដ្ឋា ឲ្យ​ដឹង​ថា​ ​នៅ​ពេល​នេះ ទឹក​បាន​ស្រក​នៅ​ត្រឹម​ជង្គង់ ដែល​ពី​មុន​ទឹក​មាន​ជម្រៅ​ត្រឹម​ភ្លៅ​ ។ អ្នកស្រី​បន្ត​ថា ពួក​គាត់​មិន​ទាន់​អាច​វិល​ត្រ​ឡប់ទៅ​​កាន់​ភូមិ​វិញ​បាន​នៅ​ឡើយ​ទេ ព្រោះ​ផ្ទះ​របស់​ពួក​គាត់​នៅ​តែ​មាន​ទឹក​លិច​នៅ​ឡើយ​ ។ អ្នក​ស្រី​បញ្ជាក់​ពី​ផល​លំ​បាក​មួយ​ចំនួន​ថា ពួក​គាត់​ពុំ​មាន​ម្ហូប​អាហារ​ហូប​គ្រប់​គ្រាន់​ទេ ដោយ​សារ​តែ​មិន​អាច​ចេញ​ទៅ​​ប្រកប​របរអ្វី​បាន​ ហើយ​ទឹក​ស្អាត​ក៏​មាន​តម្លៃ​ថ្លៃ​រហូត​​ជាង​៥០០០រៀល​​ក្នុង​មួយ​ម៉ែត្រ​គួប ចំណែក​អាជ្ញា​ធរ​ក៏​មិន​បាន​មក​ជួយ​ពួក​គាត់​ដែរ ក្រៅ​ពី​ផ្តល់​តង់​មួយ​ទំហំ​៤ម៉ែត្រគុណ​៦ម៉ែត្រ​សម្រាប់​មួយ​គ្រួសារ ។

លោក​ស្រីបន្ថែម​​ថា​ «ឥឡូវ​ពួក​ខ្ញុំ​ពិ​​បាក​ណាស់​ ពិ​បាក​អញ្ចេះ ទី​១​សិស្ស​ទៅ​រៀន​អត់​បាន​ដោយ​សារ​ទឹក​លិច​ហ្នឹង​ ហើយ​ផ្ទះ​សម្បែង​ក៏​រស់​នៅ​អត់​បាន​ដែរ ព្រោះ​ផ្លូវវា​​ពិ​បាក​ពេក ។ ផ្លូវ​វា​ពិ​បាកហើយណាមួយ​​ពួក​ខ្ញុំ​ឧស្សា​ហ៍ឈឺណាស់ អញ្ចឹង​ទៅ​កន្លែង​សហគម​ន៍​ហ្នឹង​អត់​បាន​ទេ តែ​ឈឺ​ដឹក​គាត់​មក​ពេទ្យ​អត់​ទាន់​គាត់​ដឹង​ថា​មាន​​គ្រោះ​ថ្នាក់​ហើយ។ អញ្ចឹង​ពួក​ខ្ញុំ​នៅ​លើ​ទី​ទួល​សុវត្ថភាពនៅ​ឡើយ អត់​​ទាន់​វិល​ទៅ​ភូមិ​វិញ​ផង​»។​​​​​ ​

​ពល​រដ្ឋ​សហគមន៍​វាល​ស្បូវ​ម្នាក់​ទៀតអ្នក​ស្រី ​ហៀង ណុន ​បញ្ជាក់​ថា នៅ​មាន​ផ្ទះ​ប្រ​ហែល​ជា​៥០​ខ្នង​ទៀត​ដែល​នៅ​រង​ការ​លិច​លង់​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ ។ អ្នកស្រីសង្ឃឹម​ថា​ ទឹក​នឹង​បន្ត​ស្រក​ទៅ​ទៀត​ដោយ​សារ​តែ​ខែ​នេះ​មិន​សូវ​មាន​ភ្លៀង ​។ លោក​ស្រី​ថា​ ទឹក​ជំនន់​នេះ​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និងបង្កឲ្យ​ក្មេង​ៗ​មាន​ជំងឺ និង​មិន​ទាន់​មាន​អាជ្ញា​ធរ​ចុះ​មក​ជួយ​នៅ​ឡើយ​ទេ​ ។ លោក​ស្រី​បន្ថែមថា «​ផល​លំ​បាកគឺ​ថា​ពិ​បាក​​ដើរ​លុយ​ទឹក​ស្អុយ អ្នក​ខ្លះ​មាន​ស្ពាន​មាន​ឈើ​ ធ្វើ​ស្ពាន​ទៅ អ្នក​ខ្លះ​ប៉ះ​ពាល់​កូន​ក្មេង​ដោយ​សារ​ទឹក​លិច ទឹក​ស្អុយ ទៅ​ជា​មាន​ជំងឺគ្រុន​ឈាម​ជា​ដើម»​។​

ទាក់​ទិន​នឹង​ជំនន់​ទឹក​ភ្លៀង​នេះ អ្នក​ស្រី​ យឹម ស៊ី​មន ចៅ​សង្កាត់​វាល​ស្បូវ​មាន​ប្រសាសន៍​​ថា ទី​តាំង​សហគន៍​វាល​ស្បូវ​ហ៊ុំ​ព័ទ្ធ​ទៅ​​ដោយ​បឹង ដែល​មិន​អាច​បូមទឹក​ចេញ​បាន​ ហើយ​ពេល​ណា​មាន​ភ្លៀង ​ទី​តាំង​នេះ​មាន​ទឹក​ដក់​ច្រើនជា​ហេតុ​នាំ​ឲ្យ​ជន​លិច ។​ លោក​ស្រ្តី​បន្ថែម​ថា «​មិន​អាច​ដោះ​បាន​ទេ ព្រោះ​បឹង​នៅ​ជុំ​វិញ​ទាំងអស់សុទ្ធ​តែ​បឹង​ តែ​​ភ្លៀង​មក​វា​ល្ហាច​ល្ហឹម​ហៀរ​ចូល​មក​អញ្ចឹង ។ ខាង​សុខ​ភាព​ហ្នឹង​ ពេទ្រ​គេ​ចុះ​មក​រាល់​ថ្ងៃ​ហ្នឹង​ ភាព​ញញឹម​ គេ​មាន​ពេទ្យ​គេទៅមើល​សព្វ​គ្រប់ គេ​មាន​ប័ណ្ណ​ក្រី​ក្រ​ទៅ​ពេទ្រ​អត់​អស់​លុយអី ជួយ​សព្វ​ជួយ​គ្រប់​ណា»។​

ប្រជាពល​រដ្ឋ​សហគម​ន៍វាលស្បូវ​ក៏​បាន​អំពាវ​នាវ​រក​ជួយ​ជា​ស្បៀង​អាហារដល់​ពួ​គាត់​ ដោយ​អះអាង​ថានៅ​ពេល​នេះពួក​គាត់​ខ្លះ​មាន​ជំងឺ និង​អ្នក​ខ្លះ​បាន​ដាច់​ស្បៀង​ជា​បណ្តើរ​ៗ​ហើយ ជា​ពិ​​សេស​កុ​មារ​​ពិ​បាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​៕​

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles