ដោយ អ៊ុក សាវបូរី
2014-12-02
RFA
អាជ្ញាធរ និងប្រជាពលរដ្ឋឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ចោទប្រធានសហគមន៍នេសាទពាមឃ្លាំង ថាបានបាំងឡូនេសាទលេខ៦ និងលេខ៧ និងចាប់យកត្រីលក់គ្មានច្បាប់អនុញ្ញាត។ ការចោទនេះ ធ្វើឡើងក្រោយពីអ្នកភូមិបានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរឃុំ ស្រុក ខេត្ត កាលពីចុងខែវិច្ឆិកា។
អាជ្ញាធរឃុំលើកដែក និងពលរដ្ឋជាច្រើនភូមិនៅស្រុកកោះធំ ខេត្តកណ្ដាល ប្រឆាំងនឹងការរាយរបាំងមុងក្នុងឡូនេសាទលេខ៦ និងលេខ៧ របស់ប្រធានសហគមន៍នេសាទពាមឃ្លាំង ដែលរាំងបិទជិតឡូនេសាទ មិនអាចឲ្យអ្នកភូមិនេសាទត្រីបាន។
អ្នកភូមិពាមឃ្លាំង លោក យឿន វុទ្ធី អះអាងនៅថ្ងៃទី១ ខែធ្នូ ថា ប្រធានសហគមន៍នេសាទពាមឃ្លាំងឈ្មោះ ទូច ស៊ី ហ៊ុមត្រីក្នុងឡូនេសាទទុកចាប់ត្រីលក់ដោយខ្លួនឯង៖ «ត្រីដែលហូរចូលមក គឺគេលើកយកទាំងអស់ អត់មានទៅចាំបាច់ដាក់លូដាក់អីទេ គឺគេលើកយកទាំងអស់ៗតែម្តងក្នុងមួយយប់មួយថ្ងៃហ្នឹង គេលើកម្តង បើសិនជាត្រីត្រូវដូចខែខ្នើត ហ្នឹង មួយយប់មួយថ្ងៃត្រីត្រូវអត់ក្រោម ២០០តោនទេ»។
ស្រដៀងគ្នាដែរ លោក ម៉ុន ឡុងហេង អ្នកភូមិលើកដែក ថ្លែងថា របាំងដែលសហគមន៍នេសាទពាមឃ្លាំង បានដាក់បាំងចាប់ត្រី គឺរាយក្នុងស្ទឹងពាមឃ្លាំងច្រើនគីឡូម៉ែត្រ លាតសន្ធឹងចាប់ពីស្រុកស្អាង ទៅដល់ស្រុកកោះធំ ធ្វើឲ្យត្រីមិនអាចធ្លាក់តាមផ្លូវទឹកឲ្យអ្នកភូមិនេសាទត្រីបានខ្លះ ទើបអ្នកភូមិនាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរមូលដ្ឋាន៖ «សហគមន៍ លោក ទូច ស៊ី ហ្នឹងគាត់យករបស់របរទៅកាត់ទទឹងព្រែក ដាក់យ៉ដាក់ធ្នស់ហ្នឹង ដើម្បីយកត្រីចំនួនប្រហែលជា ១២០ម៉ែត្រ ហើយបណ្តោយប្រហែលជាជាង ១០គីឡូដី។ ត្រីដែលធ្លាក់ចុះមកនៅក្នុងអន្លង់នៅក្នុងត្រពាំងបឹងបួហ្នឹង គឺចូលមកក្នុងយ៉ទាំងអស់ ធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋថ្នាក់ដល់ ៩០% ឯណោះ ដែលគាត់មិនសុខចិត្ត បានគាត់ផ្ដិតមេដៃប្ដឹងទៅដល់ថ្នាក់ឃុំថ្នាក់ស្រុក»។
ក្រុមប្រឹក្សាឃុំលើកដែក លោក ព្រំ សៀម ថ្លែងថា ការប្រជុំដោះស្រាយវិវាទនៅសាលាស្រុកកោះធំ តាមបណ្ដឹងស្នាមមេដៃដែលប្រជាពលរដ្ឋប្ដឹង កាលពីចុងខែវិច្ឆិកា អាជ្ញាធរបានសុំឲ្យសហគមន៍នេសាទពាមឃ្លាំង បង្ហាញច្បាប់អនុញ្ញាតនេសាទត្រីពីរដ្ឋបាលជលផល ប៉ុន្តែមិនមានច្បាប់ពិតប្រាកដទេ៖ «ច្បាប់កាលគេធ្វើឡូហ្នឹង វាអត់ទាន់មានច្បាប់ផង ហើយមកដល់ឃុំនេះ ឃុំក៏អត់ទាន់ហ៊ានធានាទទួលដែរ ព្រោះថាច្បាប់រត់មិនទាន់អស់ មិនទាន់ហើយ អត់ឃើញច្បាប់ធ្លាក់មក»។
ប្រធានសហគមន៍នេសាទពាមឃ្លាំង លោក ទូច ស៊ី ថ្លែងថា ពាក្យស្នើសុំច្បាប់ចាប់ត្រីនៅអន្លង់មាត់ជ្រោយ ក្នុងភូមិពាមឃ្លាំង និងភូមិសំរោង មិនទាន់មានមែន តែដោយសហគមន៍គ្មានលុយសម្រាប់ទ្រទ្រង់នៅក្នុងសហគមន៍ ទើបគាត់ដាក់របាំងត្រងយកត្រីក្នុងស្ទឹងពាមឃ្លាំងលក់សិន៖ «ធ្វើហ្នឹងខ្ញុំនឹងសុំច្បាប់ហើយ ប៉ុន្តែច្បាប់ទៅដល់ក្រសួងអស់ហើយ ខ្ញុំធ្វើនេះមិនមែនបុគ្គល មិនមែនដើម្បីប្រយោជន៍បុគ្គលណាមួយទេ គឺថាប្រយោជន៍ដើម្បីតែប្រជាក្នុងសហគមន៍ខ្ញុំពាមឃ្លាំងទាំងមូល»។
ជំទប់ទី២ ឃុំលើកដែក លោក ជា ផា ថ្លែងថា ដោយសារតែមិនមានច្បាប់អនុញ្ញាត ហើយសហគមន៍នេសាទនៅតែបន្តដាក់របាំងក្នុងឡូនេសាទមិនឲ្យត្រីហូរតាមស្ទឹង មកឲ្យពលរដ្ឋចាប់ត្រីបាន អាជ្ញាធរឃុំ និងស្រុក កំពុងណែនាំឲ្យប្រធានសហគមន៍នោះយកច្បាប់អនុញ្ញាតពីរដ្ឋបាលជលផលមកបង្ហាញ ដើម្បីកុំឲ្យអ្នកភូមិលើកគ្នាតវ៉ា ឬចុះទៅកាត់របាំងត្រីនោះ នាំឲ្យកើតមានរឿងរ៉ាវផ្សេងទៀត៖ «ការដោះស្រាយនៅសាលាស្រុកហ្នឹង គឺប្រធានជលផលខេត្ត ហើយនិងប្រធានកសិកម្មខេត្តហ្នឹង គាត់បានថារបាំងហ្នឹង គឺជាការខុសច្បាប់ហើយ។ អ៊ីចឹងខ្ញុំសុំឲ្យដកចេញ គាត់សុំឲ្យសើរើចេញពីស្ទឹងហ្នឹង កុំឲ្យមាន ពីព្រោះគាត់ហ្នឹងជាតំណាងសហគមន៍ គឺគាត់មានសិទ្ធិតែត្រឹមការពារមច្ឆជាតិ ការពារកូនត្រីអីប៉ុណ្ណឹងទេ គាត់មិនត្រូវទៅដាក់ដៃដាក់ធ្នស់អ៊ីចឹងទេ អាហ្នឹងជាការបំផ្លាញពូជត្រីទៅវិញហើយ»។
អ្នកភូមិនៅក្នុងឃុំលើកដែក អះអាងថា បើអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយកាត់ចោលរបាំងត្រីក្នុងឡូនេសាទលេខ៦ និងលេខ៧ បានទេ ពួកគាត់នឹងតវ៉ាជាទ្រង់ទ្រាយធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកនេសាទនៅកំពតបារម្ភពីសុវត្ថិភាពខ្លាចអ្នកនេសាទខុសច្បាប់សងសឹក
- តុលាការខេត្តកំពតហាមប្រជាសហគមន៍ខេត្តកំពតមិនឲ្យឃាត់ខ្លួនអ្នកនេសាទខុសច្បាប់
- តុលាការខេត្តកំពតកោះហៅតំណាងសហគមន៍នេសាទ៦នាក់ចូលបំភ្លឺរឿងចាប់ទូកនេសាទ
- ពលរដ្ឋចោទសមត្ថកិច្ចនិងប្រធានសហគមន៍នេសាទខេត្តកំពង់ឆ្នាំងថាប្រព្រឹត្តអំពើពុករលួយ
- អាជ្ញាធរបញ្ជូនឈ្មោះជនល្មើសនិងឧបករណ៍នេសាទខុសច្បាប់ទៅតុលាការខេត្តព្រៃវែង
- ប្រជានេសាទនៅកំពង់ធំទាមទារឲ្យដកមន្ត្រីជលផលចោទថាប្រព្រឹត្តអំពើពុករលួយ
- ពលរដ្ឋជាង១០០នាក់នៅកំពង់ឆ្នាំងផ្ដិតមេដៃសុំដកប្រធានសហគមន៍នេសាទ
- ពលរដ្ឋនៅកំពង់ចាមបារម្ភពីការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម
- សហគមន៍នៅព្រៃវែងឃាត់ទូកនេសាទ៦គ្រឿងដែលប្រើឧបករណ៍នេសាទអួនធំៗ