សាលា​ក្រុង​យល់ព្រម​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​ជូន​អ្នក​បុរីកីឡា

ដោយ ប្រាជ្ញ ចេវ
2014-12-02
RFA

បុរីកីឡា​តវ៉ា ៦២០
ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ០២ ធ្នូ ២០១៤។ RFA/Rann Samnang

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​ជូន ​សហគមន៍​បុរីកីឡា។

ការ​អះអាង​នេះ កើត​ឡើង​បន្ទាប់​ពី​តំណាង​សហគមន៍​បុរីកីឡា នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយ​ទាមទារ​ឲ្យ​មាន​វត្តមាន​សង្គម​ស៊ីវិល​ក្នុង​កិច្ច​ប្រជុំ​របស់​សាលា​ក្រុង​ជាមួយ​សហគមន៍​បុរីកីឡា ខណៈ​ក្រុម​អ្នក​ភូមិ​បាន​សរសេរ​បដា​នៅ​លើ​បាវ​ពណ៌​ស រំលេច​ដោយ​ពាក្យ​មួយ​ឃ្លា​ថា សុំ​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ដំណោះស្រាយ​រឿង​ផ្ទះ​សម្បែង។

លោក ពេជ្រ លឹមឃួន តំណាង​សហគមន៍​បុរីកីឡា ដែល​បាន​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា លោក​ស្នើសុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចេញ​លិខិត​អញ្ជើញ​សង្គម​ស៊ីវិល។ ចំណែក​ការ​ចុះ​អញ្ជើញ​សង្គម​ស៊ីវិល ទុក​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រត់​ការ​ក៏​បាន​ដែរ។ លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​យ៉ាង​យូរ​បំផុត នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥៖ «យុទ្ធសាស្ត្រ​របស់​ខ្ញុំ​ធ្វើ​ចឹង កុំ​គាត់​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក ថា​ប្រជាជន​មិន​ឲ្យ អ៊ិន.ជី.អូ (NGO) ចូលរួម​ប្រជុំ»

កន្លង​មក សាលា​ក្រុង​បាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ប្រជុំ​ក្នុង​ការ​រក​ដំណោះស្រាយ​នេះ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​ដក​ខ្លួន​ចេញ​វិញ ក្នុង​ហេតុផល​ថា ពលរដ្ឋ​ដែល​ចូលរួម​ប្រជុំ មិន​មែន​ជា​ជន​រងគ្រោះ​ពិត​ប្រាកដ។ ចំណែក លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles