ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិគាំទ្រដោយមានរូបថតប្រមាណ២៧០សន្លឹក នៅលើផ្ទំាងបដាធំមួយដាក់ទៅកាន់ក្រសួងយុត្តិធម៌នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធបញ្ចប់និទណ្ឌភាពនៅកម្ពុជា ។
យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សទទួលបានរូបថតប្រមាណ២៧០សន្លឹកក្នុងរយៈពេល១ខែ ពីអ្នករងគ្រោះដីធ្លី សកម្មជនសិទ្ធិមនុស្ស និស្សិត និងពលរដ្ឋមួយចំនួនទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (ម.ស.ម.ក) លោកស្រី ចក់ សុភាព ឲ្យ VOD ដឹងថា ជនល្មើសមួយចំនួនដែលបាញ់សម្លាប់អ្នកកាសែត សកម្មជនដីធ្លី និងការប្រើហិង្សាលើប្រជាពលរដ្ឋកន្លងមក អាជ្ញាធរមិនទាន់វែកមុខឃាតករពិតមកផ្តន្ទាទោសនៅឡើយ ។ ហេតុនេះលោកស្រីក៏ធ្វើយុទ្ធនានេះឡើង ។ លោកស្រីបញ្ជាក់ថា «គោលបំណងយើងគឺចង់ផ្ញើអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសតាមរយៈក្រសួងយុត្តិធម៌ ឲ្យធានានូវប្រព័ន្ធយុត្តិធម៌ ជាពិសេសលុបបំបាត់នូវវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជាយើង» ។
បើតាមលោកស្រី ចក់ សុភាព ញត្តិដែលមានភ្ជាប់រូបថតអ្នកគាំទ្រនេះ ត្រូវបានមន្ត្រីខុទ្ទកាល័យក្រសួងយុត្តិធម៌ទទួលយក ហើយសន្យាថា នឹងបញ្ជូនទៅរដ្ឋមន្ត្រីសិក្សាលើបញ្ហានេះ ។
ទោះជាយ៉ាងណា លោកស្រីឲ្យដឹងថា បើនៅតែមិនមានដំណោះស្រាយទេ នៅថ្ងៃទី៩ ដល់ថ្ងៃ១៣ ខែធ្នូនេះ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជានឹងធ្វើយុទ្ធនាការថ្មីមួយទៀត ដោយមានតំាងពិព័ររូបថត “ឯណាទៅយុត្តិធម៌ខ្ញុំ” នឹងមានអ្នកចូលរួមច្រើនផងដែរ ។
របាយការណ៍នានាបង្ហាញថា ២១ឆ្នាំ ក្រោយពីអ្នកនយោបាយប្រកាសដឹកនាំប្រទេសតាមបែប លទ្ធិប្រជាធិបតេយ្យ មានអ្នកសារព័ត៌មានយ៉ាងតិច១៣នាក់ត្រូវបានគេសម្លាប់ ។ អ្នកសារព័ត៌មានទាំងនោះមានដូចជា អ្នកកាសែតមនសិការខ្មែរលោក ឃឹម សំបូរ និងអ្នកកាសែតផ្សេងទៀត មានលោក ហង្ស សេរីឧត្តម លោក ឯក មង្គល ជាដើម ។ មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់វែកមុខជនដៃដល់មកផ្តន្ទាទោស បើទោះបីឃាតកម្មថ្មីៗនៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំងត្រូវបានចាប់ខ្លួនក៏ដោយ ។ ចំណែក អ្នកយកព័ត៌មាន VOD លោក ឡាយ សាមាន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវបានក្រុមសន្តិសុខ ខណ្ឌដូនពេញច្រើននាក់ ព្រួតគ្នាប្រើដំបងវាយលើដងខ្លួន និងបាក់ឆ្អឹងផ្ទៃមុខ រហូតសន្លប់ ខណៈអ្នកព័ត៌មានរូបនោះ តាមផ្តិតយកសកម្មភាពក្រុមសន្តិសុខដេញបង្ក្រាបពលរដ្ឋ នៅជិតទីលានប្រជាធិបតេយ្យ។
ការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា ដោយមានលោក កែម ឡី ជាអ្នកដឹកនាំស្រាវជ្រាវ បានរកឃើញថា ប្រព័ន្ធតុលាការនៅកម្ពុជាមានភាពទន់ខ្សោយខាងផ្នែកសុចរិតភាព ជាងគេបំផុត បើប្រៀបធៀបទៅនឹងស្ថាប័នរដ្ឋ និងឯកជនដទៃទៀត ។ ការសិក្សានេះ បានដាក់ពិន្ទុឲ្យប្រព័ន្ធតុលាការ ទាបជាងគេ គឺមានពិន្ទុតែ១៦ ខណៈស្ថាប័ននីតិបញ្ញតិមានពិន្ទុ៣០ ។ រីឯសង្គមស៊ីវិលមានពិន្ទុ៤៨ គឺខ្ពស់ជាងគេ និងតាមពីក្រោយ ដោយស្ថាប័ននីតិប្រតិបត្តិដែលបានទទួលពិន្ទុ៤៣ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com