​ពលរដ្ឋ​ដែល​រង​ការបណ្តេញ​ចេញ​ជំរុញ​ម្តងទៀត ឲ្យ​អាជ្ញាធរ​ពន្លឿន​ការដោះស្រាយ​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

តំណាង​អ្នក​ភូមិរងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៅសហគមន៍​បុរីកីឡា គឺអ្នក​ស្រី ហាស សុខ​ចិន្តា និងលោក ពេជ្យ លឹមឃួន (រូបថត៖ ញឹម​ សុខន)

​អ្នក​មាន​ជម្លោះ​ដីធ្លី​ជិត​១០០​គ្រួសារ​នៅ​សហគមន៍​បុរី​កីឡា នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ម្តងទៀត ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​រក​ដំណោះស្រាយ​ជា​សំណង ខណៈ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ជីវភាព​បន្ទាប់​ពី​ការ​ឈូស​បំផ្លាញ​ផ្ទះ​កាលពី​៣​ឆ្នាំមុន ។​

​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ប្រជា​សហគមន៍​បុរី​កីឡា​ជាង​៣៨០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច របស់​លោកស្រី ស៊ុយ សូ​ផាន បណ្តេញ​ចេញ​ទាំង​បង្ខំ ឲ្យទៅ​រស់​នៅ​ជាយក្រុង និង​ខ្លះទៀត​ទ្រាំ​រស់នៅ​លើ​គំនរ​សំរាម ដោយ​អះអាង​ថា​សំណង​មិន​សមរម្យ ។​

តំណាង​អ្នក​ភូមិ​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ច្រើន​ទៀត គឺ​អ្នកស្រី ហាស សុខ​ចិន្តា ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ពេល​ប្រមូលផ្តុំ​គ្នា​មុខ​សាលា​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ការបណ្តេញចេញ​ជា​ង​៣​ឆ្នាំ​មកនេះ ពួកគេ​បាត់បង់​ផ្ទះសម្បែង បាត់​មុខរបរ មិន​មាន​លទ្ធភាព​រក​ប្រាក់ ដើម្បី​បញ្ជូន​ឲ្យ​កូន​ទៅ​សាលា ហើយ​ពេលនេះ​កំពុង​ប្រឈម​នឹង​អត់​អាហារ ។ អ្នកស្រី​ថា «​មុនពេល​ដែល​បណ្តេញចេញ ជីវភាព​ពួក​ខ្ញុំ​ធូរធារ ប៉ុន្តែ​នៅពេល​ដែល​បណ្តេញចេញ​ហើយ​រយៈពេល​៣​ឆ្នាំនេះ គឺ​ជីវភា​ពួក​ខ្ញុំ​ដុនដាប​មែនទែន ទី​១ បាត់បង់​ទាំង​មុខរបរ ទី​២ កូន​ក៏​ឈឺ ម្តាយ​ក៏​ឈឺ បាត់បង់​ទាំង​ការសិក្សា ខ្ញុំ​គិតថា ពួក​ខ្ញុំ​ជាង​១០០​គ្រួសារ គឺ​ធ្លាក់ៗ​មែនទែន សូម្បី​តែ​ក្នុង​មួយ​ថ្ងៃ​រក​អង្ករ​ហូប​ម្ង៉ៃ​រក​អត់​បាន​ផង​» ។​

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​គឺ​លោក ពេជ្យ លឹម​ឃួន ឲ្យដឹង​ក្រោយ​ពី​ចូលជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ថា ស្ថាប័ន​មួយ​នេះ សន្យា​ពន្លឿន​ករណីនេះ ដោយ​សហការ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​អ្នក​ភូមិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។ លោក​បញ្ជាក់ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល រដ្ឋសភា និង​សាលា​រាជធានី សរុប​រួម​សូមឲ្យ​លោក​ពន្លឿន​ការដោះស្រាយ​ជាបន្ទាន់ ព្រោះ​ខ្ញុំ​រស់នៅ​សព្វ​ថ្ងៃ​ដោយ​អត់​មាន​ស្បៀងអាហារ អត់​មាន​ថវិកា ហើយ​សព្វថ្ងៃនេះ​វេទនាណាស់ ព្រោះ​ខ្ញុំ​ធ្វើ​អ្វីៗ​ដោយ​ដៃទទេ មិន​មាន​ជំនួយ​គាំទ្រ មិន​មាន​អង្ករ​អំណោយ​មក​ពី​ខាង​ណា ក្រុម​ខ្ញុំ​គឺ​អត់​» ។​

ទីជម្រករបស់​អ្នក​បុរីកីឡា ដែល​នៅ​សង់​នៅ​ជិត​គំនរសំរាម​ 

 

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ស្តីបន្ទោស​ក្រុមអ្នកតវ៉ា​ថា ភាពយឺតយ៉ាវ​នៃ​ការរក​ដំណោះស្រាយ​ករណីនេះ ដោយសារ​ប្រជា​សហគមន៍​បុរី​កីឡា​ទាមទារ​លក្ខណ្ឌផ្សេងៗ​គ្នា ដែល​លោក​យល់ថា ជា​ការលំបាក​មួយ​ដល់​មន្ត្រី​ជំនាញ​ក្នុង​កិច្ច​អន្តរាគមន៍​ដើម្បី​បញ្ចប់​ជម្លោះ​។ លោក​បន្តថា «​តាមពិត​ការងារ​ដែល​ចង់​លឿន​នោះ មិនមែន​គាត់​ទេ ដើមឡើយ​បំផុត​គឺ​សាលា​រាជធានី​ទេ យើង​បាន​ខិតខំ​រហូតដល់​មាន​វេទិកាសាធារណៈ ហើយ​បន្ទាប់​មកទៀត យើង​បាន​ធ្វើ​ប្រជុំ​ទាំង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​ជួយ​ពួក​គាត់​ហ្នឹង ដើម្បី​ជជែក​គ្នា ដើម្បី​ពិនិត្យ​រួមគ្នា​នូវ​ឯកសារ ដើម្បី​កំណត់​លក្ខណៈសម្បត្តិ​របស់​បងប្អូន​បុរី​កីឡា​ហ្នឹង ប៉ុន្តែ​គាត់​ទេ​ដែល​គាត់​មក​បញ្ឈប់ គាត់​ផ្អាក​ខ្លួន​គាត់ ដោយសារ​ថា គាត់​មិន​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ចូល​ធ្វើការ​វាយតម្លៃ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទេ​» ។​

​យ៉ាងនេះ​ក្តី​ការបណ្តេញអ្នក​ភូមិ​ចេញ​ទាំង​បង្ខំ​នៅ​សហគមន៍​បុរី​កីឡា​នេះ ត្រូវ​សមាជិក​រដ្ឋសភា​កោះហៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច លោក ស្រី ស៊ុយ សុផាន ចូល​បំភ្លឺ​រួចហើយ ។​

​ប៉ុន្តែ​ប្រជា​សហគមន៍​អះអាងថា មកដល់​ពេលនេះ​ពួកគេ​ជាង​១០០​គ្រួសារ នៅតែ​បន្ត​រស់នៅ​លើ​គំនរ​សំរាម ជា​ទី​ដែល​ផ្ទះ​ពួកគេ​ត្រូវបាន​ឈូស​កម្ទេច​ដោយ​កម្លាំង​ក្រុមហ៊ុន ហើយ​ពួកគេ​កំពុង​មាន​បញ្ហា​សុខភាព និង​ខ្វះ​អាហារ ៕

សូមសរសេរមកលោក ញឹម​ សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles