ដោយ៖ ឡាយ សាមាន
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋមួយចំនួននៅភូមិចំនួនពីរ ក្នុងឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ចោទអាជ្ញាធរថារារាំងពួកគេមិនឲ្យហែរក្បួនមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលនឹងមកដល់នៅពេលខាងមុខ ។
កញ្ញា សូវី អះអាងជាតំណាងពលរដ្ឋក្នុងភូមិក្រេះ ប្រាប់ VOD នៅថ្ងៃអង្គារនេះថា មេឃុំមិនអនុញ្ញាតឲ្យពលរដ្ឋក្នុងភូមិក្រេះ និងភូមិម៉ាស ដើរហែក្បួនឡើយ ។ ប៉ុន្តែប្រជាពលរដ្ឋពិតជាចង់ហែក្បួនទៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីសិទ្ធិរបស់ខ្លួនដើម្បីការពារដីធី្ល ។ កញ្ញាបញ្ជាក់ថា «គាត់ថា ព្រឹកមិញ លោកមេឃុំគាត់បានប្រជុំណែនាំអ្នកភូមិអ្នកស្រុក មិនឲ្យទៅចូលរួមហែទាមទារសិទ្ធិជនជាតិដើមភាគតិចទេ ព្រោះគាត់ថា ប្រសិនជាទៅហើយបើគ្រោះថ្នាក់ គេនឹងបន្ទោសខ្ញុំ ព្រោះខ្ញុំមិនបានណែនាំ» ។
ពលរដ្ឋម្នាក់ទៀតលោក កាំប្ល សាណក និយាយថា ដំបូងឡើយគាត់ថានឹងចូលរួមហែក្បួននេះ ប៉ុន្តែដោយមានការហាមឃាត់ពីសំណាក់អាជ្ញាធរ គាត់នឹងផ្អាកព្រោះខ្លាចមានការប៉ះទង្គិចគ្នា ។ ទោះជាយ៉ាងណាលោកយល់ថា នេះជាការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការសម្តែងមតិ ។
អ្នកសម្របសម្រួលអង្គការខ្មែរលើប្រចាំខេត្តរតនគិរី លោក ម៉ង វិចិត្រ មានប្រសាសន៍ថា អាជ្ញាខេត្តបានអនុញ្ញាតឲ្យពលរដ្ឋប្រារព្ធពិធីនេះ ប៉ុន្តែមេឃុំឃុំប៉ូយបែរជាមិនអនុញ្ញាតទៅវិញ ។ លោកច្រានចោលចំពោះអ្វីដែលមេឃុំនេះចោទថា ការហែក្បួននេះជារឿងនយោបាយរបស់គណបក្សសង្គ្រោះជាតិ ។ លោកថា «ព្រោះអាជ្ញាធរគាត់ដឹងហើយ ហើយសូម្បីប្រទេសកម្ពុជាយើងក៏បានផ្តល់សច្ចាប័ណ្ណឬទទួលស្គាល់ថា ថ្ងៃ១០ធ្នូជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ដល់ពេលផ្នែកនយោបាយមកលាបពណ៌អ៊ីចឹងទៅ មើលទៅហាក់ដូចជាអត់សូវល្អ វាអត់សូវផ្តល់សិទ្ធិសេរីភាពទៅដល់យើង។ គាត់អត់គួរណាប្រជុំ កុំឲ្យសហគមន៍ទៅទេ គួរណាតែ បើមានគោលការណ៍ស្ម័គ្រចិត្ត» ។
មេឃុំប៉ូយ លោក ថង ញើត មានប្រសាសន៍ថា លោកអនុវត្តតាមការងារពីព្រោះអាជ្ញាធរថ្នាក់ក្រោមមិនទាន់បានទទួលលិខិតអនុញ្ញាតរបស់ថ្នាក់លើឡើយ ។ លោកបញ្ជាក់ថា «អូហ៍! ខាងហែ[ក្បួន]ជនជាតិដើមភាគតិចហ្នឹងឬ? ដោយសារលិខិតខាងគាត់ហ្នឹង គាត់អត់ឆ្លងខេត្តឆ្លងស្រុក បានស្រុកគេទប់ស្កាត់ម្សិលមិញ» ។
តាមគម្រោងអង្គការសមាគមក្នុងស្រុកជាង២០០ រួមទាំងប្រជាពលរដ្ឋមានជម្លោះដីធ្លី និងព្រះសង្ឃផង នឹងនិមន្តហែក្បួនចេញដំណើរពីបណ្តាខេត្តនានាចូលមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅឆ្នាំនេះ ។
នៅឆ្នាំនេះ ពួកគេគ្រោងដើរក្បួនរយៈពេលតែ៥ថ្ងៃគឺតិចជាងឆ្នាំមុនដែលធ្វើចំនួន១០ថ្ងៃ ។ មូលហេតុនៃការដើរហែក្បួននៅឆ្នាំនេះមានរយៈពេលតិចជាងឆ្នាំមុន ត្រូវបានអង្គការសិទ្ធិមនុស្សបញ្ជាក់ថា ដោយសារតែសកម្មជនមួយចំនួន រវល់តវ៉ានៅមុខពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងតំណាងពលរដ្ឋ១០នាក់ ដែលអាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួន ករណីតវ៉ាឲ្យជួយបង្ហូរទឹកសម្អុយចេញពីភូមិបឹងកក់ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com