ដោយ ជិន ជេដ្ឋា
2014-12-03
RFA
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពា និងអធិការស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងការចោទថា បានបង្ខំឲ្យពលរដ្ឋក្រីក្រមួយគ្រួសារ បង់ប្រាក់ទៅឲ្យភាគីជម្លោះម្ខាងទៀតក្នុងរឿងបាក់ និងភ្លើងឆេះដើមស្វាយ។
មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកករណីនេះថា អាជ្ញាធរប៉ូលិសអនុវត្តតួនាទីរបស់ខ្លួនមិនបានត្រឹមត្រូវ ពីព្រោះប៉ូលិសមិនអាចអារកាត់ ឬតម្រូវឲ្យភាគីជម្លោះណាមួយចាញ់ក្ដី និងតម្រូវឲ្យបង់ប្រាក់នោះទេ ដែលសកម្មភាពបែបនេះ គឺអាចបណ្ដាលឲ្យមានការធ្លាក់ចុះនៃយុត្តិធម៌សង្គម។
ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិតាឡាត់ ឃុំស្វាយរំពា នៅថ្ងៃទី២ ខែធ្នូ បង្ហាញពីភាពមិនអស់ចិត្តរបស់ខ្លួន ជុំវិញរឿងរ៉ាវបាក់ និងឆេះដើមស្វាយចំនួន ៥ដើម របស់អ្នកភូមិរស់នៅក្បែរខាង។ ពលរដ្ឋនោះបញ្ជាក់ថា អាជ្ញាធរប៉ូលិសបានបង្ខំឲ្យគាត់ទទួលកំហុស និងបង់ប្រាក់សរុប ៣៥ម៉ឺនរៀល ទៅឲ្យភាគីម្ចាស់ដើមស្វាយ ប៉ុន្តែគាត់អះអាងថាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ។
អ្នកស្រី តេង ឡាម ដែលត្រូវម្ចាស់ស្វាយប្ដឹងទៅប៉ូលិសឃុំ និងស្រុក ពីបទបង្កភ្លើងឆេះ និងធ្វើឲ្យបាក់ដើមស្វាយ ថ្លែងបញ្ជាក់ថា កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ មានហេតុការណ៍ភ្លើងឆេះព្រៃក្រោយផ្ទះរបស់អ្នកស្រី បានឆេះរាលដល់ដើមស្វាយនោះ ហើយគេបានប្ដឹងទារប្រាក់ជាច្រើនម៉ឺនរៀល ប៉ុន្តែអ្នកស្រីបញ្ចប់រឿងដោយបង់ប្រាក់ចំនួន ១០ម៉ឺនរៀល។ ក្រោយមកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ដើមស្វាយរបស់អ្នកភូមិរស់នៅក្បែរខាងនោះបានបាក់ ហើយប្ដឹងចោទគ្រួសារអ្នកស្រីថា ជាអ្នកបំផ្លិចបំផ្លាញដោយទារប្រាក់សំណងជាច្រើនម៉ឺនរៀលទៀត តែបានបញ្ចប់បញ្ហាត្រឹមប្រាក់ ២៥ម៉ឺនរៀល។
អ្នកស្រីថានៅតែមិនអស់ចិត្តចំពោះនាយប៉ុស្តិ៍ឃុំស្វាយរំពា និងអធិការស្រុកកំពង់លែង ដែលបានរឹតត្បិត និងតម្រូវឲ្យគាត់បង់ប្រាក់ទៅភាគីជម្លោះម្ខាងទៀត ដោយអ្នកស្រីមិនមែនជាអ្នកបង្កឲ្យភ្លើងឆេះ ឬធ្វើឲ្យបាក់ដើមស្វាយផងនោះ៖ «ប៉ូលិសថារឿងនេះជាន់ដានចាស់ នេះត្រឹមដើមស្វាយ ចុះថ្ងៃក្រោយ ជីវិតគេស្លាប់មានតែឯងហ្នឹងហើយជាអ្នកធ្វើមាននរណាផ្សេងទៀត»។
រហូតមកដល់ព្រលប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងនាយប៉ុស្ដិ៍នគរបាលឃុំស្វាយរំពា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ។
ចំណែកអធិការស្រុកកំពង់លែង លោក ប៉ាល់ ជឿន ថ្លែងបដិសេធថា លោកមិនមែនជាអ្នកសម្របសម្រួលក្នុងរឿងនេះឡើយ ហើយលោកនឹងសួរទៅមន្ត្រីជំនាញរបស់លោក ជុំវិញរឿងនេះ ប៉ុន្តែលោកមិនប្រាប់ថាមន្ត្រីនោះជានរណាឡើយ៖ «អត់បានដឹងទេបងអើយ! ខ្ញុំកំពុងរវល់នៅឃុំច្រណូក បន្តិច ចាំមើលខ្ញុំសួរខាងមន្ត្រីជំនាញរបស់ខ្ញុំចាំស្អែក»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា ខាងលោកបានចុះស៊ើបអង្កេតករណីនេះផ្ទាល់ ដោយជួបសម្ភាសជាមួយគ្រួសារដែលត្រូវគេប្ដឹង និងក្រុមប្រឹក្សាឃុំស្វាយរំពា បង្ហាញថា ការចោទប្រកាន់ថា អ្នកស្រី តេង ឡាម បំផ្លិចបំផ្លាញ ឬធ្វើឲ្យភ្លើងឆេះដើមស្វាយនោះ គឺគ្មានភស្តុតាងអ្វីទាំងអស់ ហើយពេលហេតុការណ៍កើតឡើងនោះ អ្នកស្រី តេង ឡាម ឋិតនៅក្នុងពិធីមង្គលការគេឆ្ងាយពីផ្ទះ។ លោកថា ចំណាត់ការដោះស្រាយរបស់អាជ្ញាធរប៉ូលិសក្នុងរឿងនេះមិនត្រឹមត្រូវឡើយ ហើយសកម្មភាពនេះ គឺអាចប៉ះពាល់ដល់យុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើអ្នកកាសែតមានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ?
- មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តពោធិ៍សាត់រងការចោទថាប្រព្រឹត្តអំពើពុករលួយ
- អង្គភាពប្រឆាំងអំពើពុករលួយគ្រោងឲ្យម្ចាស់ពាក្យបណ្ដឹងអាចចូលស្តាប់កិច្ចពិភាក្សា
- ក្រុមអធិការកិច្ចមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
- ពលរដ្ឋប្រកបរបរដឹកជន្លង់ម្រេចនៅស្រុកមេមត់ត្អូញត្អែររឿងសមត្ថកិច្ចទារប្រាក់
- គ្រូបង្រៀនខ្លះនៅឧត្តរមានជ័យចោទប្រធានការិយាល័យអប់រំស្រុកថាកេងបន្លំប្រាក់ខែរដ្ឋ
- ឈ្មួញដឹកស្រូវទៅលក់នៅវៀតណាមចោទអាជ្ញាធរព្រំដែនខ្មែរថាប្រព្រឹត្តអំពើពុករលួយ
- ប៉ូលិសនៅខេត្តតាកែវរងការចោទថាទារលុយធ្វើអត្តសញ្ញាណប័ណ្ណលើសតម្លៃកំណត់
- ពលរដ្ឋចោទសមត្ថកិច្ចនិងប្រធានសហគមន៍នេសាទខេត្តកំពង់ឆ្នាំងថាប្រព្រឹត្តអំពើពុករលួយ