ដោយ វណ្ណ វិចារ
2014-12-06
RFA

ជនសង្ស័យ៣រូបដែលតុលាការសម្រេចចោទប្រកាន់ពីបទសម្លាប់អ្នកកាសែតឈ្មោះ តាំង ទ្រី។ រូបថត៖ កាសែតនិស្សិតខ្មែរ
សង្គមស៊ីវិល បារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មាន បន្ទាប់ពីតុលាការសម្រេចដោះលែងបុរសពីរនាក់ ដែលជាប់ចោទពីបទផ្សំគំនិតសម្លាប់អ្នកកាសែត លោក តាំង ទ្រី នៅខេត្តក្រចេះ។
មន្ត្រីសង្គមស៊ីវិល បញ្ជាក់ថា ជនជាប់ចោទពីរនាក់ក្នុងចំណោមបីនាក់ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ តាំងពីល្ងាចថ្ងៃទី៣ ខែធ្នូ។ ក្រុមសង្គមស៊ីវិល សង្ស័យថា សំណុំរឿងនេះអាចមានបញ្ហាមិនប្រក្រតី ដ្បិតចៅក្រមនៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ។
តុលាការខេត្តក្រចេះ កោះហៅសាក្សីចំនួន ៨នាក់ ឲ្យចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងបាញ់សម្លាប់អ្នកកាសែត លោក តាំង ទ្រី នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ កញ្ញា ហុង ជាវគុណ មានប្រសាសន៍ថា សាក្សីក្នុងសំណុំរឿងសម្លាប់អ្នកកាសែតនេះ មិនទាន់បានបំភ្លឺនៅមុខចៅក្រមស៊ើបសួរផង តុលាការខេត្តក្រចេះ បានសម្រេចដោះលែងជនជាប់ចោទពីរនាក់ក្នុងចំណោមបីនាក់ ឲ្យនៅក្រៅឃុំបាត់ទៅហើយ។ កញ្ញាបន្តថា សមាគមអាដហុក មិនទាន់ដឹងថាមូលហេតុអ្វី ទើបតុលាការដោះលែងជនជាប់ចោទបែបនេះទេ ហើយករណីនេះជាករណីដែលសង្គមស៊ីវិល ត្រូវតាមដាន និងសិក្សាបន្តទៀត។ កញ្ញាបញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែចូលរួមឃ្លាំមើលករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកកាសែតដែលស្លាប់ទៅ និងលើកស្ទួយសេរីភាពបញ្ចេញមតិនៅកម្ពុជា។
អ្នកយកព័ត៌មានកាសែតវាលឥន្ទ្រីយ៍ លោក តាំង ទ្រី ត្រូវឃាតកបាញ់សម្លាប់កាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ តុលា ក្នុងពេលលោកចុះទៅយកព័ត៌មានពីបទល្មើសព្រៃឈើ។ បន្ទាប់ពីកើតហេតុភ្លាម នគរបាលបានចាប់ខ្លួនជនសង្ស័យបីនាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ។ ក្នុងនោះមានឈ្មោះ ឡា ណារ៉ុន ជាអតីតទាហាន និងជាអ្នកបាញ់ ត្រូវចៅក្រមចោទប្រកាន់ពីបទមនុស្សឃាត ឈ្មោះ ខិម ភក្ដី ជាមន្ត្រីកងរាជអាវុធហត្ថ និងជាម្ចាស់កាំភ្លើង ត្រូវចៅក្រមចោទប្រកាន់ពីបទធ្វេសប្រហែស និងផ្សំគំនិតអំពើឃាតកម្ម ឈ្មោះ ពិន ហ៊ាង ជាប៉ូលិស និងជាម្ចាស់រថយន្តដែលពួកគេជិះទៅបាញ់សម្លាប់ លោក តាំង ទ្រី ត្រូវចៅក្រមចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងមិនប្ដឹងរាយការណ៍បទល្មើស។ លុះដល់ល្ងាចថ្ងៃទី៣ ខែធ្នូ ចៅក្រមបានសម្រេចដោះលែងជនជាប់ចោទពីរនាក់មានឈ្មោះ ខិម ភក្តី និងឈ្មោះ ពិន ហ៊ាង ឲ្យនៅក្រៅពន្ធនាគារតែម្តង។
ប្រធានសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ និងជានិពន្ធនាយកកាសែតវាលឥន្ទ្រីយ៍ លោក សុខ សុវណ្ណ មានប្រសាសន៍ថា សុវត្ថិភាពអ្នកកាសែតនៅខេត្តភាគឦសានស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ខណៈដែលឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ តែងគំរាមកំហែងដល់អ្នកកាសែតគ្រប់រូបភាព។ លោកបន្តថា វិញ្ញាណក្ខន្ធសហការីរបស់លោក គឺលោក តាំង ទ្រី ច្បាស់ជាស្លាប់ទៅបិទភ្នែកមិនជិតឡើយ នៅពេលដែលដឹងថា ជនជាប់ចោទអាចនៅក្រៅឃុំបានទាំងមិនទាន់បើកសវនាការនោះ។
លោក តាំង ទ្រី ធ្លាប់ត្រូវបានឈ្មួញឈើប្ដឹងដាក់គុកម្តងកាលពីឆ្នាំ២០១២ ក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ នៅពេលចេញពីគុកវិញបានជិត ១ឆ្នាំ លោកត្រូវបានឃាតកបាញ់សម្លាប់ពេលចុះទៅយកព័ត៌មានពីបទល្មើសព្រៃឈើទៀត។ តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ មានអ្នកកាសែតចំនួន ១៣នាក់ហើយ ដែលត្រូវបានសម្លាប់ តែឃាតកនៅក្រៅសំណាញ់ច្បាប់នៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមដែលទទួលខុសត្រូវក្នុងសំណុំរឿងនេះ លោក កាន់ មារឌី បានទេ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ប្រកាសសុំទោសស្នងការក្រុងលោក ជួន សុវណ្ណ
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិងយូណេស្កូបារម្ភពីសន្តិសុខអ្នកកាសែតនៅកម្ពុជា
- តើអ្នកកាសែតមានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ?
- ក្រសួងយុត្តិធម៌បង្ហាញឆន្ទៈចូលរួមលុបបំបាត់អំពើនិទ្ទណ្ឌភាព
- CCHR បញ្ជូនញត្តិរូបថតបញ្ចប់និទ្ទណ្ឌភាពទៅក្រសួងយុត្តិធម៌
- រដ្ឋសភាបន្តប្រជុំពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៥
- សង្គមស៊ីវិលស្នើឲ្យក្រសួងយុត្តិធម៌អន្តរាគមន៍ដោះលែងមនុស្ស១៩នាក់
- សមាជិកសភានិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពិភាក្សាលើច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥
- តុលាការសម្រេចឃុំខ្លួនព្រះសង្ឃពីរអង្គនៅវត្តស្ទឹងមានជ័យបណ្ដោះអាសន្ន