កម្មករ​ខ្មែរ​មួយ​រូប​ត្រូវ​កប៉ាល់​ម៉ាឡេស៊ី​ជួយ​ស្រង់​ចេញ​ពី​សមុទ្រ

ដោយ កែវ និមល
2014-12-06
RFA

កម្មករ ឈឿន ឈាង ដែលត្រូវបាន​កប៉ាល់​ម៉ាឡេស៊ី​ជួយ​ស្រង់​ចេញ​ពី​សមុទ្រ

កម្មករ ឈឿន ឈាង ដែលត្រូវបាន​កប៉ាល់​ម៉ាឡេស៊ី​ជួយ​ស្រង់​ចេញ​ពី​សមុទ្រ

កម្មករ​ខ្មែរ​មួយ​រូប​ដែល​អណ្ដែត​នៅ​ក្នុង​ទឹក​សមុទ្រ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាប់​ព្រំដែន​ប្រទេស​សិង្ហបុរី ត្រូវ​កប៉ាល់​ម៉ាឡេស៊ី ឈ្មោះ អ៊ិមធី ណាវី យូនីវែស (MT NAVE UNIVERSE) ជួយ​សង្គ្រោះ​ជីវិត​ពី​ទឹក​សមុទ្រ​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ។ កប៉ាល់​នេះ​ជា​របស់​ក្រុមហ៊ុន ម៉ារីទីម ណែតវគ (MARITIM NETWORK) ម៉ាឡេស៊ី។

កម្មករ​ខ្មែរ​ដែល​ត្រូវ​កប៉ាល់​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ជីវិត​ពី​ទឹក​សមុទ្រ​នោះ ឈ្មោះ ឈឿន ឈាង អាយុ ៣៤​ឆ្នាំ មាន​ស្រុក​កំណើត នៅ​ខេត្ត​បាត់ដំបង។ ប្រភព​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា លោក ឈឿន ឈាង បាន​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ រយៈពេល ៤​ឆ្នាំ ដោយ​មិន​បាន​ទទួល​ប្រាក់​ខែ​ទេ។ ដោយ​មាន​ជម្លោះ​ជាមួយ​ជនជាតិ​ថៃ នៅ​លើ​ទូក គាត់​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ។

យោង​តាម​លិខិត​របស់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជូន​ដំណឹង​មក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី​៤ ធ្នូ បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ទទួល​ដំណឹង​អំពី​ការ​ជួយ​សង្គ្រោះ​នោះ​មក កាលពី​ថ្ងៃ​ទី​៤ ធ្នូ ស្ថានទូត​បាន​អន្តរាគមន៍​ទៅ​ប៉ូលិស​អន្តោប្រវេសន៍​ម៉ាឡេស៊ី ឲ្យ​ក្រុមហ៊ុន MARITIME NETWORK ជួយ​ដឹក​កម្មករ ឈឿន ឈាង មក​ស្ថានទូត។ ដោយសារ​កម្មករ​នេះ គ្មាន​លិខិត​ស្នាម​អ្វី​ជាប់​ជាមួយ ស្ថានទូត​បាន​ធ្វើ​លិខិត​បើកផ្លូវ និង​ឧបត្ថម្ភ​ថវិកា ១០០​ដុល្លារ​ដល់​លោក ឈឿន ឈាង។

ចំពោះ​ករណី​កម្មករ ឈឿន ឈាង នេះ ក្រុមហ៊ុន MARITIME NETWORK បាន​ធានា​ទិញ​សំបុត្រ​យន្តហោះ និង​ជូន​លោក ឈឿន ឈាង មក​កម្ពុជា​វិញ។ ប៉ុន្តែ​ពេល​វេលា​ពិត​ប្រាកដ​ថា មក​វិញ​ថ្ងៃ​ណា មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ៕

លិខិត​បើក​ផ្លូវ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles