ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវ​ប៉ូលិស​ខេត្ត​រតនគិរី​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់

ដោយ រដ្ឋា វិសាល
2014-12-07
RFA

បុរស​សញ្ជាតិ​រុស្ស៊ី​ម្នាក់ ត្រូវ​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​ខ្លួន​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់ ហើយ​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​រុស្ស៊ី​នេះ មាន​ឈ្មោះ ដូរូខូវ វ៉ាស៊ីលី (Dorokhov Vasily) អាយុ ៣៥​ឆ្នាំ ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ចំការ​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម៉ាលិច ស្រុក​អណ្ដូងមាស កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ។ បុរស​ជាតិ​រុស្ស៊ី​នេះ មាន​តែ​វាឡូ​មួយ​ជាប់​នឹង​ខ្លួន​ហើយ​មិន​ព្រម​និយាយ​អ្វី​​ជាក់លាក់​ជាមួយ​ប៉ូលិស​ពី​ការ​ធ្វើ​ដំណើរ​របស់​គេ​មក​តំបន់​នោះ។

លោក​បន្ត​ថា ប៉ូលិស​រក​ឃើញ​លិខិត​​ឆ្លងដែន​មួយ​របស់​ជនជាតិ​រុស្ស៊ី​នេះ ប៉ុន្តែ​មិន​មាន​ទិដ្ឋាការ​ចូល​ពី​ប្រទេស​ណា​ទេ៖ «យើង​មិនទាន់​ចោទ​ថា​ម៉េច​ទេ ប៉ុន្តែ​យើង​មើល​លិខិត​ឆ្លង​ដែន​អត់​មាន​វាយ​ទិដ្ឋាការ​ចូល​ក្នុង​ប្រទេស។ ជា​បណ្ដោះអាសន្ន​យើង​ចាត់​ទុក​ថា ជា​ជនបរទេស​ឆ្លង​ដែន​ខុស​ច្បាប់»

ជនជាតិ​រុស្ស៊ី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ដើម្បី​ប្រគល់​ឲ្យ​ប៉ូលិស​​នាយកដ្ឋាន​អន្តោប្រវេសន៍​សាកសួរ​បន្ត៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles