Sat, 6 December 2014
Phnom Penh Post
ភ្នំពេញប៉ុស្តិ៍
នៅពេលដែលសេដ្ឋកិច្ចចិនបន្តធ្លាក់ចុះនោះ ក្រុមហ៊ុននានាអាចនឹងស្វែងរកឱកាសថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៥ខាងមុខនេះ។ សហគមន៍សេដ្ឋកិច្ចអាស៊ាន បានសន្យាបង្កើតទីផ្សារមួយដែលមានសមាជិកចំនួន១០ប្រទេស ដើម្បីរកឱកាសថ្មីៗ និងប្រាក់ចំណេញជាដើម។ តែវិនិយោគិនបានដឹងរួចហើយ។
លទ្ធផលមួយចំនួន ដែលទើបតែបានចេញផ្សាយនាពេលថ្មីៗនេះស្តីពីការអង្កេតលើការធ្វើពាណិជ្ជកម្មឆ្នាំ២០១៥ របស់ធនាគារពិភពលោក បានបង្ហាញយ៉ាងច្បាស់ថា ផ្នែកជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មិនសុទ្ធតែល្អទាំងអស់នោះ ទេ។
ទន្ទឹមនឹងនោះដែរ ប្រទេសសិង្ហបុរីនៅតែទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងពិភពលោកចំពោះភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ហើយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខជាច្រើននៅក្នុងតំបន់នេះ នៅតែត្រូវបានចាត់ទុកថាមានអំពើពុករលួយកើនឡើង ហើយមានអភិបាលកិច្ចព្រមទាំងនីតិរដ្ឋមិនសូវល្អ។
ប៉ុន្តែកាលានុវត្តភាពនៅតែមានជាបន្តនៅតាមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំងនោះ។
នៅរាជធានីរបស់កម្ពុជា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនអន្តរជាតិ និងម៉ាកផលិតផលល្បីៗ មានច្រើនសន្ធឹកសន្ធាប់នៅតាមដងផ្លូវ។ ម៉ាកផលិតផលជាច្រើនដូចជា ម៉ាក BMW ម៉ាក KFC ម៉ាក Samsung ម៉ាក Ford និងម៉ាក Toyota គ្រាន់តែជាម៉ាកផលិតផលមួយចំនួនតូចក្នុងចំណោមម៉ាកផលិតផលប្រើប្រាស់ ដែលត្រូវបានធ្វើទីផ្សារនៅក្នុងព្រះរាជាណាចក្រអច្ឆរិយមួយនេះ ពោលគឺផលិតផលម៉ាកល្បីៗទាំងនេះ ត្រូវគ្រប់គ្រងដោយអាជ្ញាធរទេសចរណ៍របស់កម្ពុជា។
ក្នុងរបាយការណ៍ កម្ពុជា ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា រួមទាំងប្រទេសឡាវ ហាក់ដូចជាជម្រើសមិនសូវល្អសម្រាប់ក្រុមវិនិយោគិនបរទេស។ ទីផ្សារនាំមុខទាំងនេះ ខ្វះច្បាប់ តែគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងច្រើនជាងទីផ្សារអភិវឌ្ឍន៍ផ្សេងៗនៅក្នុងតំបន់ដូចជា នៅប្រទេសម៉ាឡេស៊ី និងថៃជាដើម។
ក្នុងចំណោមប្រទេសចំនួន១៨៩ ដែលស្ថិតក្នុងការអង្កេតលើកចុងក្រោយរបស់ធនាគារពិភពលោកនេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣៥ ប្រទេសឡាវជាប់ចំណាត់ថ្នាក់ទី ១៤៨ និងប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី ១៧៧ ចំពោះការសិក្សាពីភាពងាយស្រួលធ្វើអាជីវកម្មនេះ។ បើគិតពីកេរ្តិ៍ឈ្មោះរបស់ប្រទេសទាំងនេះវិញចំពោះការប្រព្រឹត្តអំពើពុករលួយ ប្រទេសឡាវជាប់ចំណាត់ថ្នាក់ទី ១៤០ ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ទី១៥៧ ហើយកម្ពុជាជាប់ចំណាត់ថ្នាក់ ១៦០ នៅក្នុងសន្ទស្សន៍ទស្សនៈពុករលួយឆ្នាំ២០១៣ របស់អង្គការតម្លាភាពអន្តរជាតិ ហើយអ្នកអាចដឹងថា ហេតុអ្វីបានជាក្រុមហ៊ុននានាមិនចង់មកវិនិយោគនោះ។
ប៉ុន្តែការវិនិយោគជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្រាវជ្រាវរកទីផ្សារដែលផ្តល់ប្រាក់ចំណេញខ្ពស់បន្ទាប់ គឺមិនមែនងាយស្រួលទេ។
ក្រុមវិនិយោគិនកំពុងសម្លឹងមកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដោយសារមូលដ្ឋានប្រជាសាស្រ្តក្មេងខ្ចីរបស់ប្រទេសទាំងនោះ កំណើនអ្នកមានប្រាក់ចំណូលមធ្យម និងទីតាំងភូមិសាស្ត្រ ដោយចាត់ទុកថាជាទឹកដីដែលមានកាលានុវត្តភាពថ្មីៗនៅតំបន់អាស៊ីផងដែរ។
យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ អាចនឹងសម្រេចបានកំណើន ផ.ស.ស ប្រចាំឆ្នាំជាង៧ភាគរយនៅឆ្នាំក្រោយ។
ដូច្នេះ តើក្រុមហ៊ុនមួយអាចប្រកបរបរអាជីវកម្មនៅក្នុងប្រទេសមួយ ដែលគេបានដឹងថា ខ្វះនីតិរដ្ឋ និងតម្លាភាពដោយរបៀបណា?
ជាបឋម សូមមើលស្ថានភាពជាក់ស្តែងពីពេលវេលារបស់អ្នកដើម្បីសម្រេចបានជោគជ័យ។ ម៉ាកផលិតផលអន្តរជាតិ ដែលទទួលបានជោគជ័យ ជាពិសេសត្រូវពិចារណាពីទស្សនៈរយៈពេលវែងចំពោះការបង្កើនទំនាក់ទំនង និងបង្កើតមិត្តភាពជាមួយនឹងដៃគូក្នុងស្រុក។
នៅពេលទទួលបានរបស់ទាំងនេះហើយ ទំនាក់ទំនងគឺជាកត្តាសំខាន់នៅតាមប្រទេសនីមួយៗ តែនេះអាចជាការពិតនៅតាមកន្លែងមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍នេះ។ យើងត្រូវកសាងទំនុកចិត្តជាបន្តបន្ទាប់ មុនពេលព្រមព្រៀងប្តេជ្ញាចិត្ត ហើយការងារលំបាកៗ នឹងចាប់ផ្តើមនៅពេលពិធីចុះហត្ថលេខាត្រូវបញ្ចប់។
បន្ទាប់មក ប្រើប្រាស់អ្នកមានទេពកោសល្យនៅក្នុងស្រុក។ ការធ្វើបែបនេះ មានដូចជាប្រជាជនក្នុងស្រុក ដែលសហការជាមួយនឹងអង្គភាពពាណិជ្ជកម្មនៅក្នុងស្រុក ដូចជា សភាពាណិជ្ជកម្មអាមេរិក ឬសភាពាណិជ្ជកម្មអឺរ៉ុបជាដើម។ អង្គភាពទាំងនេះ និងអង្គភាពផ្សេងទៀត ក៏ដូចជាក្រុមហ៊ុនច្បាប់ គណនេយ្យ និងក្រុមហ៊ុនប្រឹក្សាយោបល់ ដែលមានអ្នកជំនាញក្នុងស្រុក អាចជួយណែនាំ និងផ្តល់តម្លៃផ្នែកខាងក្នុងចំពោះភាពខុសប្លែកគ្នានៃបរិយាកាសពាណិជ្ជកម្មក្នុងស្រុក។
ក្រៅពីនេះ មានចំណុចខ្លាំងចំពោះចំនួនតួលេខ។
ក្រុមហ៊ុនដែលប្រតិបត្តិការបានល្អនៅតាមប្រទេសនានា ដែលមានអំពើពុករលួយកំពុងរីករាលដាលនោះ តែងធ្វើជាដៃគូក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរបរិយាកាសអំណោយផល តាមរយៈការរួមគ្នាបដិសេធចូលរួមក្នុងការធ្វើអាជីវកម្មខុសច្បាប់។
ឧទាហរណ៍នៅកម្ពុជា ក្រុមហ៊ុន Coca-Cola បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តេជ្ញាអនុវត្តតាមស្តង់ដារតម្លាភាព ព្រមទាំងបណ្តុះបណ្តាលបុគ្គលិកដើម្បីទប់ស្កាត់អំពើពុករលួយផងដែរ។
ការពិភាក្សាស្តីពីផលប៉ះពាល់ ដែលអាចកើតឡើងចំពោះកេរ្តិ៍ឈ្មោះ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន មិនថាក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេស បើត្រូវរកឃើញថាបានរំលោភច្បាប់ទាំងនេះ អាចធ្វើការទប់ស្កាត់គោលបំណងប្រព្រឹត្តអំពើពុករលួយនេះ។
ព័ត៌មានរិះគន់ចំពោះក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះរបស់អាល្លឺម៉ង់ គឺក្រុមហ៊ុន Rolls-Royce កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់ការិយាល័យលួចបន្លំកម្រិតធ្ងន់របស់ចក្រភពអង់គ្លេសពីបទចោទប្រកាន់ថា ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះនេះ បានចំណាយប្រាក់ខុសច្បាប់ដើម្បីទទួលបានកិច្ចសន្យានៅប្រទេសឥណ្ឌូនេស៊ីជាឧទាហរណ៍មួយ។
មិនតែប៉ុណ្ណោះ ការយល់ដឹង និងដោះស្រាយបញ្ហាប្រឈមនៃបញ្ហាប្រព្រឹត្តអំពើពុករលួយនេះគឺគ្រួសារនិយម។ ក្រុមហ៊ុនជាច្រើនដែលចូលមកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្យាយាមធ្វើបែបនេះ ដោយចាប់ដៃគូជាមួយគ្រួសារ និងជាមួយនឹងមិត្តភក្តិរបស់អ្នកនយោបាយ។ ក្រុមហ៊ុននានាត្រូវដឹងថា ទាំងផលប្រយោជន៍ និងសក្តានុពលអាចនឹងធ្លាក់ចុះ។ អតុល្យភាពអំណាចនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម គួបផ្សំនឹងភាពខុសគ្នាចំពោះបរិយាកាសច្បាប់ អាចធ្វើឲ្យមានការលំបាកក្នុងការដោះស្រាយភាពមិនចុះសម្រុងគ្នាប្រកបដោយយុត្តិធម៌ បើភាពជាដៃគូនោះប្រែជាល្អក់កករនោះ។
សរុបសេចក្តីមក ហើយរឹតតែសំខាន់ជាងនេះទៀតនោះ សូមកុំស្ទាក់ស្ទើរក្នុងការដើរចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបែបនេះ៕BP