អង្គការ​សិទ្ធិ​មនុស្ស​ទាមទារ​បិទ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ

ដោយ អាន ស៊ីថាវ
2014-12-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

១៨-មករា-២០១២៖ ពលរដ្ឋ​នៅ​បុរី​កីឡា ដែល​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ឃុំ​នៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ជាយ​រាជធានី​ភ្នំពេញ។ (RFA/Sek Bandith)

១៨-មករា-២០១២៖ ពលរដ្ឋ​នៅ​បុរី​កីឡា ដែល​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ឃុំ​នៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ជាយ​រាជធានី​ភ្នំពេញ។ (RFA/Sek Bandith)

ការ​ឃុំ​ខ្លួន​មនុស្ស​ក្រៅ​​ប្រព័ន្ធ​តុលាការ​ រហូត​ដល់​មនុស្ស​ស្លាប់​ គឺ​ជា​បញ្ហា​ដែល​កើត​មាន​មិន​ចេះ​ចប់​នៅ​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​ ការ​រក​ឃើញ​របស់​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​​អន្តរជាតិ​​ឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​បញ្ឈប់​នូវ​ការ​រំលោភ​​នានា​ចំពោះ​​​​ជន​រង​គ្រោះ​ដែល​មិន​ទាន់​ឆ្លង ​កាត់​ប្រព័ន្ធ​តុលាការ​នេះ​​ជា​បន្ទាន់។

​ការ​ចាប់​ចង ការ​ដាក់​ទណ្ឌកម្ម និង​​កាត់​ទោស​ចំពោះ​ជន​អនាថា​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​នៅ​​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​ជា​រឿង​កើត​មាន​ដដែល​ដែល​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​​ជា​ច្រើន​បាន​រក​ឃើញ។

​សេចក្ដី​ប្រកាស​រួម​​គ្នា​​ នៅ​ថ្ងៃ​ទី​៧ ធ្នូ របស់​​អង្គការ​សិទ្ធិមនុស្ស​ជាតិ​និង​​អន្តរជាតិ បាន​បង្ហាញ​ថា នៅ​មជ្ឈមណ្ឌល​​សង្គមកិច្ច​​​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា មាន​ការ​រំលោភ​បំពាន​នានា និង​​មាន​រំលោភ​រហូត​ដល់​មាន​មនុស្ស​ស្លាប់។ បញ្ហា​នេះ​​ រាជរដ្ឋាភិបាល​កម្ពុជា គួរ​តែ​បញ្ឈប់​ភ្លាម​ចំពោះ​ការ​រំលោភ​បំពាន​នានា​ដល់​ការ​ឃុំ​ខ្លួន​មនុស្ស​ ក្រៅ​ប្រព័ន្ធ​តុលាការ។ ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ​ថា​មាន​បុរស​ម្នាក់​ឈ្មោះ ភា បាន​​​ស្លាប់​នៅ​ក្នុង​មណ្ឌល​​វិជ្ជាជីវៈ​​ព្រៃស្ពឺ​ ដែល​ស្ថិត​នៅ​ក្បែរ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦​ វិច្ឆិកា កន្លង​មក​ ​​ដោយ​​គ្មាន​ការ​ព្យាបាល​ថែ​ទាំង​ឡើយ។

​​​​​​ប្រធាន​អង្គការ​ សិទ្ធិមនុស្ស​​លីកាដូ កញ្ញា ណាលី ពីឡូក បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​​ថា ការ​រំលោភ​បំពាន​ដល់​​​​ការ​ឃុំ​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​ ដែល​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា គូរ​តែ​បញ្ឈប់​សកម្មភាព​​នេះ​ជា​បន្ទាន់។ បន្ថែម​លើ​នេះ មន្ត្រី​សម្រប​សម្រួល​ស៊ើប​អង្កេត​​នៃ​អង្គការ​​​សិទ្ធិមនុស្ស​លីកាដូ ដដែល លោក អំ សំអាត បាន​បញ្ជាក់​ថា ទោះ​បី​ជា​រូបភាព​បែប​ណា​ក៏​ដោយ ​​ការ​ឃុំ​ខ្លួន​ត្រូវ​​មាន​ការ​ការពារ​ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​​មនុស្ស​ស្លាប់​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ ទេ។ ម៉្យាង​វិញ​​ទៀត​ មណ្ឌល​អប់រំ​វិជ្ជាជីវៈ ​គឺ​ជា​ទី​កន្លែង​បណ្ដុះ​បណ្ដាល​ដោយ​មិន​​ចាត់​ទុក​ថា ជា​មណ្ឌល​ឃុំ​ខ្លួន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ និង​ក្រសួង​សង្គមកិច្ច​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ធ្នូ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​អះអាង​ថា​ មជ្ឈមណ្ឌល​សង្គមកិច្ច​​ព្រៃ​ស្ពឺ ​បាន​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​​បណ្ដុះបណ្ដាល​​​ជា​ច្រើន​ចំពោះ​ជន ​អនាថា​​​​ដែល​កំពុង​ស្នាក់​នៅ​ទី​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សម្របសម្រួល​ស៊ើប​អង្កេត​​នៃ​អង្គការ​​​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ ជា​ពិសេស​​មជ្ឈមណ្ឌល​សង្គមកិច្ច នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​នោះ​មាន​អ្នក​​មាន​ជំងឺ​ ត្រូវ​ទុក​រហូត​ដល់​ស្លាប់​ដោយ​គ្មាន​​ការ​ព្យាបាល។

ចំណែក​​អង្គការ​ អន្តរជាតិ​​ជា​ច្រើន​ទៀត​ ក៏​បាន​បញ្ជាក់​ស្រដៀង​នេះ​ដែរ​ថា មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន ​រួម​មាន​ការ​​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ ​និង​ការ​រំលោភ​សេពសន្ថវៈ​ ​ចាប់​តាំង​ពី​មជ្ឈមណ្ឌល​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤។

ប្រធាន ​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​​កែប្រែ​​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ និង​មជ្ឈមណ្ឌល​ដទៃ​ទៀត​ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​គោរព​សិទ្ធិមនុស្ស។ លោក​បញ្ជាក់​ទៀត​ថា ការ​ស្លាប់​បុរស​ម្នាក់​នៅ​មជ្ឈមណ្ឌល​​​សង្គមកិច្ច​ព្រៃ​ស្ពឺ​ចុង​ក្រោយ​នេះ គឺ​ជា​ការ​បង្ហាញ​ទៅ​សហគមន៍​​អន្តរជាតិ ម្ចាស់​ជំនួយ​អភិវឌ្ឍន៍ និង​ស្ថាន​ទូត​បរទេស​នានា គួរ​ទាមទារ​រួម​គ្នា បិទ​​មជ្ឈមណ្ឌល​ព្រៃស្ពឺ និង​ធានា​​ឲ្យ​មាន​ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​​គេ​បោះបង់​ចោល។

​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​មជ្ឈមណ្ឌល​សង្គមកិច្ច​ចំនួន ៦ នៅ​ទូទាំង​ប្រទេស​ និង​បាន​ប្រមូល​ជន​អនាថា ស្រី​ពេស្យាចារ និង​ជន​ពិការ​ប្រមាណ​ ២​ពាន់​​នាក់​​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles