ដោយ៖ ណុល ដារ៉ា និង ណាត សុភាព
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com
ក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្ស ដែលរៀបចំដោយអង្គការសង្គមស៊ីវិលក្នុងស្រុកជាង២០០ បានកំពុងធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗ ចូលមកជិតដល់រាជធានីភ្នំពេញហើយ ទោះបីជាក្បួនខ្លះត្រូវបានអាជ្ញាធរនៅតាមដងផ្លូវរារាំងរំខានយ៉ាងណាក្ដី ។
តាមប្រភពពីអ្នកយកព័ត៌មានVOD លោកញឹម សុខន ដែលតាមដានការហែក្បួននៅផ្លូវជាតិលេខ៦ ឲ្យដឹងថា ក្បួនបានដើរមកចំណុចរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មានចម្ងាយជិត៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោកចាន់ សុវ៉េត ដែលឃ្លាំមើលការដើរហែក្បួនអប់រំសិទ្ធិមនុស្សនេះ ឲ្យ VOD ដឹងនៅល្ងាចថ្ងៃអាទិត្យនេះថា ក្បួនតាមផ្លូវជាតិលេខ១ បានមកដល់ឃុំសំរោងធំ ស្រុកលើកដែក ខេត្តកណ្ដាល ចម្ងាយជិត៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្បួនតាមផ្លូវជាតិលេខ២ មកដល់ស្រុកសំរោង ខេត្តតាកែវ ចម្ងាយប្រមាណ៦០ គីឡូមែត្រពីភ្នំពេញ។
លោកចាន់ សុវេត ឲ្យដឹងបន្តទៀតថា ក្បួនតាមផ្លូវជាតិលេខ៤ បានចូលមកដល់សង្កាត់ចោមចៅ រាជធានីភ្នំពេញហើយ ចំណែកក្បួនតាមផ្លូវជាតិលេខ៥ បានមកដល់ស្រុកសាមគ្គីមានជ័យ គឺនៅចម្ងាយជិត៤០ពីរាជធានីភ្នំពេញ។
ចំណែកឯក្បួនតាមផ្លូវជាតិលេខ៣ ព្រះតេជគុណលួន សុវ៉ាត ឲ្យដឹងថា បានមកហួសឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ចម្ងាយប្រមាណ៥០ គីឡូមែត្រពីភ្នំពេញ។
លោកចាន់ សុវេត បញ្ជាក់ថា នៅល្ងាចថ្ងៃចន្ទស្អែកនេះ ក្រុមហែក្បួនទាំង៦ផ្លូវជាតិ នឹងចូលមកជួបគ្នានៅរាជធានីភ្នំពេញទាំងអស់គ្នា ។
តាមគម្រោង ការដើរហែក្បួនចូលមករាជធានីភ្នំពេញនេះ គឺដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃ១០ធ្នូ នៅមុខរដ្ឋសភាជាតិ និងដាក់ញត្តិឲ្យស្ថាប័ននេះ ជួយជំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ឈប់និទណ្ឌភាព ការរំលោភយកដីធ្លីពលរដ្ឋ និងបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាដើម៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com និងលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com