ដោយ៖ ណុល ដារ៉ា
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ហុង ណាក់ សកម្មជនគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ត្រូវជនមិនស្គាល់មុខគំរាមសម្លាប់
គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ និងប្រកបដោយតម្លាភាព ស៊ើបអង្កេតរកជនដែលគំរាមកំហែងសម្លាប់សកម្មជនបក្សរបស់ខ្លួននៅខេត្តសៀមរាប ។
លោកហុង ណាក់ សកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អះអាងថា លោកត្រូវជនមិនស្គាល់មុខគំរាមសម្លាប់ដោយកាត់ក្បាល ក្រោយពេលលោកបានរាយការណ៍ដល់អ្នកព័ត៌មានករណីអាជ្ញាធរខេត្តនេះ មានគម្រោងជម្លៀសពលរដ្ឋពីតំបន់ទេសចរធម្មជាតិកំពង់ភ្លុក ទៅរស់នៅស្រុកស្វាយលើខេត្តសៀមរាប។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យVODដឹងនៅព្រឹកថ្ងៃអាទិត្យទី៧ ខែធ្នូនេះថា គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល ស្រាវជ្រាវបទល្មើសនេះ រកមុខអ្នកដែលគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណារកយុត្តិធម៌ជូនជនរងគ្រោះ។
កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ នេះ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តសៀមរាប លោកហុង ណាក់ បានស្វែងរកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស ដើម្បីឲ្យជួយការពារលោក និងរកមុខជនមិនស្គាល់អត្ដសញ្ញាណ ដែលបានគំរាមសម្លាប់រូបលោកដោយកាត់ក្បាល៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com