ក្រុម​ពន្លត់​អគ្គិភ័យ​សប្បាយ​ចិត្ត​ក្នុង​ការ​ជួយ​មនុស្ស​ទោះ​បី​គេ​រិះគន់

ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែល​ធ្វើ​ការ​ងារ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ។

ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែល​ធ្វើ​ការ​ងារ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ។ រូបថត Charlotter Pert Charlotte Pert


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក ចិន ណារត្ន៍ អ្នក​ពន្លត់​អគ្គិភ័យ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​វេលា​ម៉ោង ៧ ព្រឹក បន្ទាប់​ពី​បាន​បញ្ចប់​វេន​ធ្វើ​ការ ២៤ ម៉ោង នៅ​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ ផ្លូវ ៣៦០ ពេល​នោះ ​លោក​បាន​មើល​ឃើញ​ផ្សែង​ខ្មៅ​នៅ​មាត់​ទន្លេ គឺ​ផ្សារ​ចាស់ កំពុង​ឆាប​ឆេះ។

ប៉ុន្មាន​នាទី​ក្រោយ​មក បន្ទាប់​ពី​បង្វែរ​ម៉ូតូ​ទៅ​វិញ គាត់​ជិះ​នៅ​ខាង​ក្រោយ​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​ជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន និង​បំពាក់​គ្រឿង​បរិក្ខារ​ពន្លត់​អគ្គិភ័យ​ពណ៌​លឿង និង​ខ្មៅ ដែល​ជា​ជំនួយ​របស់​សេវា​ពន្លត់​អគ្គិភ័យ ទីក្រុង​មែលប៊ន។

បុរស​អាយុ ៣០ ឆ្នាំ​រូប​នេះ បាន​និយាយ​ពី​ភ្លើង​ឆេះ​ផ្សារ​កាល​ពី​ថ្ងៃ ទី២៥ ខែ​វិច្ឆិកា ក្នុង​អំឡុង​បទ​សម្ភាស​នា​សប្តាហ៍​នេះ​នៅ​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ថា៖ «វា​ជា​ភ្លើង​ធំ។ ភ្លើង​ធំ​មួយ​ដែល​ខ្ញុំ​បាន​ពន្លត់»។

លោក ណារត្ន៍ ដែល​រក​ប្រាក់​បាន​ចំនួន​ប្រហែល ១២០ ដុល្លារ​ក្នុង​មួយ​ខែ បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​ពី​ការងារ​ដើម្បី​ក្លាយ​ជា​អ្នក​ពន្លត់​អគ្គិភ័យ កាល​ពី ២​ឆ្នាំ មុន​ហើយ​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល ៣ ខែ ដែល​ក្នុង​នោះ ការ​បណ្តុះ​បណ្តាល​ពី​ការ​សង្គ្រោះ​បឋម​និង​បច្ចេកទេស​ពន្លត់​អគ្គិភ័យ។

លោក​បាន​បន្ថែម​ថា៖ «ការងារ​គឺជា​ការ​ពិបាក និង​ភិតភ័យ។ ពេល​ខ្ញុំ​ចាប់​ផ្តើម​ដំបូង ខ្ញុំ​ធ្លាប់​ឆាប់​នឿយ​ហត់​ក្នុង​ការ​កាន់​ទុយោ​បាញ់​ទឹក»។

រាជធានី​ភ្នំពេញ​មាន​សេវា​ពន្លត់​អគ្គិភ័យ​ជាច្រើន​នាក់។ សេវា​មួយ​ចំនួន គឺ​ដំណើរ​ការ​ដោយ​រដ្ឋាភិបាល ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន​ក៏​បម្រើ​សេវា​ពន្លត់​អគ្គិភ័យ​ជា​សេវា​សាធារណៈ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា សេវា​ធំ​បំផុត​គឺ​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ដែល​មាន​ឈ្មោះ​មិន​ល្អ ដែល​ដំណើរការ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រសួង​មហា​ផ្ទៃ ដោយ​សហការ​ជាមួយ​នឹង​រាជធានី​ភ្នំពេញ។

នៅ​ទី​បញ្ជាការ​តាម​ផ្លូវ ៣៦០ នា​សប្តាហ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ឈប់​ស្ងៀម​រង់ចាំ​សញ្ញា​ប្រកាស​អាសន្ន។

អ្នក​ពន្លត់​អគ្គិភ័យ ដែល​ធ្វើការ​វេន ២៤ ម៉ោង គឺ​ធ្វើ​មួយ​ថ្ងៃ​ឈប់​មួយ​ថ្ងៃ។ នៅ​ខាង​ក្រៅ​ការិយាល័យ​ពន្លត់​អគ្គិភ័យ គេ​ឃើញ​អ្នក​ពន្លត់​អគ្គិភ័យ​ពាក់​កណ្តាល​ជជែក​គ្នា​លេង ចំណែក​ឯ​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ខាង​ក្នុង​កំពុង​មើល​ទូរទស្សន៍។

គ្រឿង​បរិក្ខារ​ស្ទើរ​តែ​ទាំង​អស់​របស់​ស្ថានីយ​គឺជា​របស់​ជំនួយ។ រថយន្ត​ពន្លត់​អគ្គិភ័យ​នីមួយៗ មាន​ស្លាក​សញ្ញា​ដែល​បង្ហាញ​ពី​ប្រភព​ប្រទេស ដូច​ជា ចិន ជប៉ុន សហរដ្ឋ​អាមេរិក ឬ​កូរ៉េ។ ឯក​សណ្ឋាន​របស់​អ្នក​ពន្លត់​អគ្គិភ័យ​មាន​រូប​សញ្ញា​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ទីក្រុង​មែលប៊ន។ នា​សប្តាហ៍​នេះ ចិន​បាន​ផ្តល់​ជំនួយ​គ្រឿង​បរិក្ខារ​ដក​ដង្ហើម​ជាច្រើន​ឈុត។

លោក អ៊ុំ ប៊ុនធឿន នាយ​រង​ការិយាល័យ​ពន្លត់​អគ្គិភ័យ បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤៩ គ្រឿង ដោយ​មាន​មន្ត្រី​ធ្វើ​ការ​ពេញ​ម៉ោង ១៦៨ នាក់​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជាច្រើន​ពី​អ្នក​ជំនាញ​មក​ពី​ប្រទេស​ផ្សេង»។

មន្ត្រី​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​អគ្គិភ័យ​នៅ​ផ្សារ​ចាស់ នា​ពេល​កន្លង​មក។ ផា លីណា

ប៉ុន្តែ លោក ប៊ុនធឿន គឺជា​ជើង​ចាស់​នៅ​អង្គភាព​ពន្លត់​អគ្គិភ័យ​ដោយ​បាន​ចូល​បម្រើ​ក្នុង​អង្គភាព​នេះ​តាំង​ពី ឆ្នាំ​១៩៩៣។ លោក​ថា៖ «ឪពុក​ខ្ញុំ​គឺជា​អ្នក​ពន្លត់​អគ្គិភ័យ ខ្ញុំ​ដើរ​តាម​គាត់»។

នៅ​ពេល​នោះ អង្គភាព​ពន្លត់​អគ្គិភ័យ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សូវៀត​តែ ១០ គ្រឿង​ប៉ុណ្ណោះ និង​មន្ត្រី​តិច​ជាង ៣០ នាក់ សម្រាប់​ទីក្រុង​ទាំង​មូល។

លោក​បាន​បន្ថែម​ថា៖ «គ្មាន​បញ្ហា​ស្ទះ​ចរាចរណ៍​ទេ នៅ​ពេល​នោះ គ្មាន​រថយន្ត ឬ​ម៉ូតូ​ច្រើន​ទេ ដូច្នេះ ការងារ​យើង​ដំណើរការ​ទៅ​យ៉ាង​រលូន ដោយ​គ្មាន​ឧបសគ្គ ហើយ​អគ្គិភ័យ​មិន​មាន​ទំហំ​ធំ​ពិបាក​គ្រប់​គ្រង​ដូច​សព្វ​ថ្ងៃ​ទេ»។

អគ្គិភ័យ​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​បញ្ហា​ចរន្ត​អគ្គិសនី ទៀន​ធូប និង​ចង្ក្រាន​ហ្គាស យោង​តាម​លោក ប៊ុនធឿន។

រវាង ខែ​មករា ដល់ ខែ​វិច្ឆិកា អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​ឆ្លើយ​តប​នឹង​អគ្គិភ័យ​ចំនួន ៧០ ករណី ក្នុង​នោះ ៤០ ករណី​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បង្ក​ឡើង​ដោយ​បញ្ហា​ចរន្ត​អគ្គិសនី ដូច​ករណី​អគ្គិភ័យ​នៅ​ផ្សារ​ចាស់។

ខណៈ​ដែល​អគ្គិភ័យ​ភាគ​ច្រើន​នៅ ទីក្រុង​ភ្នំពេញ កើត​ឡើង​នៅ​ផ្ទះ អគ្គិភ័យ​គ្រោះ​ថ្នាក់​បំផុត ដែល​អង្គភាព​ជួប​ប្រទះ គឺ​នៅ​រោងចក្រ​ធំៗ​ដែល​ពេល​ខ្លះ មាន​សារធាតុ​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ពេល​វា​ឆេះ។ លោក ប៊ុនធឿន បាន​បន្ត​ថា៖ «ពេល​ខ្លះ យើង​ត្រូវ​ប្រើ​រយៈ​ពេល ២ ឬ ៣ ថ្ងៃ ដើម្បី​ពន្លត់​អគ្គិភ័យ​រោងចក្រ»។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​បង់​សំណង​ឲ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ ដែល​របួស ឬ​ស្លាប់​បាត់​បង់​ជីវិត​ពេល​បំពេញ​ការងារ ហើយ​គ្មាន​អ្វី​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​ឈឺ​ទេ ឧទាហរណ៍​អ្នក​មាន​បញ្ហា​សួត ដែល​បណ្តាល​មក​ពី​ការ​ស្រូប​ផ្សែង។

លោក​ស្គាល់​មន្ត្រី​ពន្លត់​អគ្គិភ័យ​ជើង​ចាស់ ដែល​ឈឺ ឬ​ស្លាប់​ដោយ​សារ​តែ​បញ្ហា​សួត។ មន្ត្រី​ពន្លត់​អគ្គិភ័យ​ភាគ​ច្រើន​ត្រូវ​ប្រឈម​នឹង​បញ្ហា​សួត​នៅ​ថ្ងៃ​អនាគត ព្រោះ​ជំងឺ​នេះ​អភិវឌ្ឍ​យ៉ាង​ងាយ​នៅ​ពេល​ចាស់»។

យោង​តាម​លោក Paul Hurford អតីត​អ្នក​ពន្លត់​អគ្គិភ័យ​អូស្ត្រាលី និង​ជា​នាយក​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន Firesafe Cambodia ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​បរិក្ខារ និង​បណ្តុះ​បណ្តាល​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹង​ថា សមត្ថភាព​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ គឺ​នៅ​តែ​ជា​សមត្ថភាព​គោល​ទេ។

លោក​ថា៖ «ពួក​គេ​ពូកែ​ក្នុង​ការ​អនុវត្ត​ការងារ​គោល ដូច​ជា​បាញ់​ទឹក រហូត​ដល់​រលត់។ បច្ចេក​ទេស​គោល ដូច​ជា ការ​គ្រប់​គ្រង​ចំណុច​ទទួល​រង និង​ការ​ចូល​ទៅ​ក្នុង​កន្លែង​ឆេះ គឺ​ពួក​គេ​ពូកែ​ណាស់»។

លោក​បន្ថែម​ថា បច្ចេកទេស​ទំនើប​ជាង​នេះ គ្មាន​ការ​បណ្តុះ​បណ្តាល​ទេ ហើយ​អង្គភាព​កំពុង​ជួប​បញ្ហា​គ្រឿង​បរិក្ខារ​ចាស់ គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រឿង​បរិក្ខារ​ដក​ដង្ហើម ចាស់ ហើយ​ការ​ថែ​ទាំ​មិន​បាន​ល្អ»។

នៅ​ឯ​ស្ថានីយ​ឫស្សីកែវ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១១ នៃ ១៤ គ្រឿង ពុំ​ត្រូវ​បាន​ប្រើ​ញឹក​ញាប់​ទេ ដូច្នេះ មាន​ធូលី​ច្រើន ហើយ​លោក ពេជ្រ បូ អ្នក​បើក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ថ្លែង​ថា យាន​យន្ត​មាន​បញ្ហា​មួយ​ចំនួន ទោះ​បី​ច្រែះ​ចាប់​តិច​តួច​ក្តី។ «ពេល​ខ្លះ​គ្រឿង​បរិក្ខារ​មាន​បញ្ហា​បន្តិច»។

លោក បូ បាន​បន្ត​ថា ចរាចរ​ពេល​ទៅ​ផ្សារ​ចាស់ ពុំ​សូវ​កក​ស្ទះ​ទេ នៅ​ពេល​ព្រឹក ដែល​កើត​អគ្គិភ័យ​នោះ ប៉ុន្តែ រថយន្ត​ត្រូវ​ចំណាយ​ពេល ១០ នាទី ដើម្បី​ទៅ​ដល់​ទី​នោះ។ កន្លែង​កើត​ហេតុ​មាន​ភាព​ច្របូក​ច្របល់ នៅ​ពេល​មន្ត្រី​ពន្លត់​អគ្គិភ័យ​មក​ដល់ ដោយ​ម្ចាស់​តូប​ព្យាយាម​យក​របស់​របរ ពេល​ពួក​គេ​រត់​គេច​ខ្លួន។

ក្រៅ​ពី​បើក​រថយន្ត ដែល​ជា​ជំនួយ​របស់​កូរ៉េ លោក បូ ក៏​ទទួល​ខុស​ត្រូវ​បញ្ជា​មិត្ត​រួម​ក្រុម និង​គ្រប់​គ្រង​ចរន្ត​ទឹក​ទៅ​ទុយោ​ផង​ដែរ។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​មក​លើ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ថា បាន​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ ដោយ​បដិសេធ​មិន​ធ្វើ​សកម្មភាព​ពន្លត់​ទេ រហូត​ទាល់​តែ​ពួក​គេ​បាន​ប្រាក់​មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា លោក Hurford បាន​ថ្លែង​ថា លោក​បាន​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា តាំង​ពី ឆ្នាំ​២០០៦ មក ហើយ​មិន​ដែល​បាន​ជួប​ភ័ស្តុតាង​ណា​ដែល​បង្ហាញ​ថា មន្ត្រី​ពន្លត់​អគ្គិភ័យ​ទាម​ទារ​ប្រាក់​ទេ។

នេះ​គឺជា​ការ​អះអាង​ដែល​មន្ត្រី​ពន្លត់​អគ្គិភ័យ​បដិសេធ​ខ្លាំង។

លោក លីវ សេងឃៀង អាយុ ៤៨ ឆ្នាំ នាយ​ប្រចាំ​ការ​ពេល​ថ្ងៃ​នៅ​ស្ថានីយ​ឫស្សីកែវ បាន​ថ្លែង​ថា លោក​ធ្វើ​ការ​នេះ ២១ ឆ្នាំ​ហើយ ព្រោះ​លោក​សប្បាយ​ចិត្ត​ក្នុង​ការ​ជួយ​ប្រជាជន ហើយ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា មន្ត្រី​ពន្លត់​អគ្គិភ័យ​ពុក​រលួយ។

លោក​បាន​បន្ត​ថា៖ «វា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សោក​សៅ ព្រោះ​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ពន្លត់​អគ្គិភ័យ»។

ពេល​ខ្លះ​ប្រជាជន​ដែល​អរគុណ​ឲ្យ​អាហារ និង​ភេសជ្ជៈ​ដល់​មន្ត្រី​ពន្លត់​អគ្គិភ័យ ហើយ​ពេល​ខ្លះ ប្រាក់​តិច​តួច។

លោក ណារតន៍ បាន​បន្ត​ថា៖ «ប៉ុន្តែ យើង​មិន​ដែល​សុំ​អ្វី​ទេ។ ខ្ញុំ​គិត​ថា មនុស្ស​ខូច​ប៉ុន្មាន​នាក់​ពី​មុន អាច​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​យើង។ ខ្ញុំ​ពន្លត់​អគ្គិភ័យ ព្រោះ​ខ្ញុំ​ចង់​ជួយ​ប្រជាជន និង​សង្គ្រោះ​ទ្រព្យ​ពួក​គេ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បន្ត​ធ្វើ​ការងារ​នេះ»។

ចំណាយ​ពេល​វេលា​ប្រហែល ២ ម៉ោង ដើម្បី​ពន្លត់​អគ្គិភ័យ នៅ​ផ្សារ​ចាស់ ហើយ​តូប​ប្រហែល ១ ភាគ ៣ បាន​រង​ការ​បំផ្លិច​បំផ្លាញ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ។

នៅ​ពេល​សួរ​ថា តើ​ពួក​គេ​ផឹក​ស្រា​បៀរ ដើម្បី​អបអរ​បន្ទាប់​ពី​អគ្គិភ័យ ឬ​យ៉ាង​ណា? គាត់​បាន​សើច។ លោក​បាន​បញ្ជាក់​ថា៖ «យើង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ទិញ​ស្រាបៀរ​ទេ។ យើង​គ្រាន់​តែ​លាង​មុខ ហើយ​ផឹក​ទឹក​ច្រើន»។

លោក សេងឃៀង ថា៖ «ខ្ញុំ​តែង​តែ​សោក​ស្តាយ បន្ទាប់​ពី​បាន​ពន្លត់​អគ្គិភ័យ។ ខ្ញុំ​តែង​តែ​ចង់​ធ្វើ​ការងារ​ឲ្យ​ច្រើន​ជាង​នេះ»៕

រាយការណ៍​បន្ថែម​ដោយ វណ្ឌី មួង


What Next?

Recent Articles