Mon, 8 December 2014
Harriet Fitch Little
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: នៅក្នុងទម្រង់របាំបុរាណខ្មែរ សម្លៀកបំពាក់ពិតជាមានសារៈសំខាន់ទាក់ទងនឹងសោភណភាព។ មុនពេលចេញសម្ដែងម្ដងៗ ក្រុមរបាំតែងតែពិនិត្យពិចៃចំពោះសម្លៀកបំពាក់តែងកាយឲ្យតឹងណែននឹងខ្លួនប្រាណ ហើយការស័ក្ដិសមនោះក៏ចាំបាច់អាចធ្វើឲ្យពួកគេធ្វើកាយវិការយ៉ាងងាយស្រួលផងដែរ។
ការបើកសម្ពោធពិព័រណ៍ថ្មីមួយនៅ វិចិត្រសាល ចាវ៉ា (Java Arts) កាលពីសប្ដាហ៍មុន ពិព័រណ៍ «ព្រះអាទិទេព និងទេវតា» បានបង្ហាញពីសម្លៀកបំពាក់ដ៏ស្រស់ស្អាតដែលត្រូវបានប្រើក្នុងទម្រង់របាំបុរាណដោយអ្នកស្រី សូភីលីន ជាមសាភារ៉ូ ជានាដការិនីដែលមានឆន្ទៈមាំមួនក្នុងការលើកស្ទួយរបាំប្រពៃណីខ្មែរ។
ថ្មីៗមកនេះ អ្នកគ្រូ សូភីលីន បានបង្កើតស្នាដៃរបាំសហសម័យ ប៉ុន្ដែចំពោះការជ្រើសរើសសម្លៀកបំពាក់ឲ្យសមនឹងការសម្ដែងនេះគឺជាឈុតបែបប្រពៃណីពីសម័យរាប់សតវត្សរ៍មុនរបស់កម្ពុជា។ ការរៀបចំសម្លៀកបំពាក់គឺជាកិច្ចការចាំបាច់ដំបូងរបស់នាដការិនី នៅពេលអ្នកគ្រូមានបំណងចង់ច្នៃសម្លៀកបំពាក់ឲ្យបានសមនឹង «សម័យកាលមាស» ក្នុងទសវត្សរ៍ទី៦០ ដើម្បីជំនួសសាច់ក្រណាត់គុណភាពអន់ដែលក្រុមរបាំបានធ្វើបណ្ដោះអាសន្ដនៅពេលអ្នកគ្រូទើបមកចូលរួមកាលពីបើកសាលាវិចិត្រសិល្បៈដំបូងក្នុងឆ្នាំ១៩៨១។
ការបង្កើនគុណភាពសាច់ក្រណាត់ និងវិធីសាស្ដ្រដេរប៉ាក់នេះពិតជាស័ក្ដិសមនឹង «សម័យកាលមាស» កាន់តែច្រើន។ នៅទីកន្លែងសមរបាំស្ថិតក្នុងទីធ្លាផ្ទះនៅផ្លូវលេខ១៧៨ អ្នកច្នៃម៉ូដឲ្យអ្នកគ្រូ សូភីលីន អ្នកស្រី គុម សុគន្ធា បានពន្យល់ប្រាប់ថា វិធីកាត់ និងដេរប៉ាក់
របស់អ្នកស្រីបានផុសចេញពីគំនិតផ្ទាល់ខ្លួន។ អ្នកស្រី បានស្រាវជ្រាវពីរូបចម្លាក់ និងគំនូរនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ហើយបានចេះច្នៃម៉ូដសម្លៀកបំពាក់បុរាណដោយចៃដន្យនៅពេលអ្នកស្រី បានរៀបមង្គលការចូលក្នុងគ្រួសារដែលជំនាញខាងផ្នែកនេះ។
អ្នកស្រី បានរំឭកថា៖ «ក្រុមគ្រួសារទាំងអស់បានកាត់សម្លៀកបំពាក់ឲ្យព្រះបរមរាជវាំង។ ខ្ញុំបានរៀនពីឪពុកក្មេកដែលគាត់គឺជាគ្រូផ្នែកចម្លាក់»។
សមាជិក៤នាក់ រួមទាំងកូនរបស់អ្នកគ្រូផង គឺជាកូនកន្ដ្រៃ ហើយសមាជិកផ្សេងទៀតមានជំនាញផ្នែកផ្សេងៗគ្នា ដូចជា ធ្វើរបាំងមុខ និងមកុដជាដើម។
អ្នកស្រី សុគន្ធា បានបង្ហើបឲ្យដឹងថា វាត្រូវការមនុស្ស៤នាក់ក្នុងមួយខែដើម្បីកាត់ដេរសម្លៀកបំពាក់របាំមួយឈុតសម្រាប់តួអង្គឯក។ ឈុតរបាំលំដាប់កំពូលមួយឈុតអាចមានតម្លៃខ្ពស់បំផុតប្រមាណ៣០០ដុល្លារ។
អ្នកស្រីថ្លែងថា៖ «សមាជិកគ្រួសារខ្លះបានប្ដូរមុខរបរធ្វើគ្រឿងតុបតែងអ្នករបាំដោយសារតែពួកគេមិនអាចរកចំណូលបានច្រើន និងមិនទទួលបានតម្លៃពីការខិតខំរបស់ពួកគេ!»។
អ្នកស្រីបានបកស្រាយឲ្យដឹងថាអ្នកស្រី មិនខ្លាចនឹងការនិយាយថា អ្នកស្រីកំពុងប្រកបមុខរបរលើទម្រង់សិល្បៈដែលកំពុងប្រឈមនឹងភាពបាត់បង់ដ៏គួរឲ្យបារម្ភនោះទេ។
អ្នកស្រីសើចញឹមៗបន្ដិចនៅពេលសួរថា តើបច្ចេកវិទ្យាបានមកដណ្ដើមការងាររបស់អ្នកស្រីឬ? អ្នកស្រី ឆ្លើយតបដោយបានចង្អុលទៅកាន់គ្រឿងប៉ាក់ឌិន និងអំបោះដែលអ្នកស្រីកំពុងដេរអង្កាំម្ដងមួយគ្រាប់ៗលើក្រណាត់បៃតងថា៖ «ការដេរប៉ាក់នេះមិនអាចធ្វើដោយគ្រឿងម៉ាស៊ីនទេ។ វាត្រូវធ្វើម្ដងមួយៗ»។
ពិព័រណ៍ «ព្រះអាទិទេព និងទេវតា» នឹងបន្តរហូតដល់ថ្ងៃទី២៥ ខែមករា នៅវិចិត្រសាល ចាវ៉ា Java Cafe ផ្លូវ៥៦ មហាវិថីព្រះសីហនុ៕ HR
រាយការណ៍បន្ថែមដោយ មួង វណ្ណឌី