ដោយ វោហារ ជាតិ
2014-12-08
RFA
សមាជិកសមាគមសន្សំប្រាក់មួយឈ្មោះថា «សមាគមកសិករអភិវឌ្ឍន៍» នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ កំពុងព្រួយបារម្ភខ្លាចបាត់បង់ប្រាក់សន្សំរបស់ពួកគាត់រាប់ពាន់លានរៀល ដោយសារចំណាត់ការមិនល្អរបស់ប្រធានសមាគមនេះ។
សមាជិកសមាគមនេះត្អូញត្អែរដូចគ្នា នៅថ្ងៃទី៧ ធ្នូ ថា ពួកគាត់កំពុងខាតបង់ប្រាក់រាប់លានរៀល ដោយសារតែប្រធានសមាគមខ្ចីផង និងបក្សពួកលោកប្រធានខ្ចីច្រើនហួសប្រមាណ មិនមានលទ្ធភាពសង រួចក៏នាំគ្នារត់ចោលស្រុកអស់ ទុកឲ្យសមាជិកជិត ៣០០គ្រួសារ នៅជាប់គាំងគ្មានដំណោះស្រាយ។
សមាជិកសមាគមម្នាក់ៗត្អូញត្អែរថា ពួកគាត់បានដាក់ប្រាក់សន្សំចាប់ពី ១លានរៀល រហូតមានអ្នកខ្លះដាក់ប្រាក់សន្សំដល់ទៅជិត ១០០លានរៀនក៏មាន ដោយរំពឹងថា នឹងបានការប្រាក់ផង និងជួយអ្នកភូមិគ្នាឯងមានដើមទន់រកស៊ីផង តែទីបំផុតអស់ទាំងដើមទាំងការ។
សមាជិកសមាគមម្នាក់ គឺអ្នកស្រី ព្រំ ចន្ទធឿន ត្អូញត្អែរថា ពេលនេះគាត់ឈឺត្រូវការប្រាក់ទៅមន្ទីរពេទ្យ តែមិនអាចដកប្រាក់ពីសមាគមបានយកទៅព្យាបាលជំងឺ៖ «ឥឡូវសល់ ៨លានលុយខ្ញុំ ឥឡូវដល់ថ្ងៃដល់ខែហើយ ខ្ញុំត្រូវការលុយ។ ខ្ញុំឈឺ ទៅពេទ្យ។ ខ្ញុំដុះសាច់បំពង់ក គេទារវះ ១លាន ឥឡូវសុំគណៈកម្មការតែ ១លាន ដោះស្រាយទៅពេទ្យអត់បានផង គេអត់ប្រមូលឲ្យ»។
ពួកគាត់បានចោទប្រធានសមាគម គឺលោក ប្រាក់ សុផល ថា បានខ្ចីប្រាក់សម្រាប់ខ្លួនឯងច្រើនដល់ទៅ ៣០០លានរៀល ហួសច្បាប់សមាគមដែលកំណត់ឲ្យសមាជិកម្នាក់ខ្ចីបានតែ ៤លានរៀល។ ក្រៅពីខ្ចីខ្លួនឯងអស់ជិត ៣០០លានរៀលហើយ លោក ប្រាក់ សុផល បានសម្រេចឲ្យបក្សពួកខ្ចីជិត ៣០០លានរៀលទៀត ដោយមិនបានឲ្យសមាជិកសមាគមដឹង។
អ្នកស្រី ហ៊ុល គឹមសេង និងលោក ឆិល សុឃឿន ដែលពួកគាត់នាំគ្នាប្រមូលប្រាក់ដាក់សន្សំក្នុងសមាគមចំនួន ៦០លានរៀលក្នុងម្នាក់ៗនោះ បានសម្ដែងក្ដីអស់សង្ឃឹម ហើយបានអំពាវនាវឲ្យអាជ្ញាធរជួយដោះស្រាយ។
សមាជិកសមាគមខ្លះទៀតឲ្យដឹងថា ពេលដំណើរការដំបូងសមាគមបានកំណត់ឲ្យការប្រាក់ខ្ពស់ចំពោះម្ចាស់បំណុលដែលបានដាក់ប្រាក់សន្សំក្នុងសមាគម គឺក្នុង ១លានរៀនបានការប្រាក់ជិត ៣ម៉ឺនរៀល ដោយឃើញបានការប្រាក់ច្រើនដូច្នេះ កសិករខ្លះក៏លក់គោ ក្របី លក់ស្រែចម្ការ ដើម្បីយកប្រាក់ដាក់សន្សំក្នុងសមាគមដើម្បីយកការប្រាក់។ តែពេលនេះ ការប្រាក់ ១លានរៀល បានការ ១.៥០០រៀលទេ ជួនអត់ទៀត។ សមាជិកស្ទើរទាំងអស់ចង់ដកប្រាក់ដើមមកវិញ ក៏ដកមិនបានព្រោះសមាគមអត់លុយ។
សមាគមសន្សំប្រាក់របស់កសិករនៅភូមិត្នោតជុំ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ក្រោមការផ្ដួចផ្ដើមរបស់អង្គការសេដាក់ (CEDAC) នេះបើតាមលោក ហ៊ឹម ធា ប្រធានសមាគមសន្សំប្រាក់ឃុំសំបួរ ដែលលោកជាអ្នកចូលរួមបង្កើតសមាគមសន្សំប្រាក់នេះ។ លោកថា កាលនោះមានសមាគម ៨ផ្សេងទៀតត្រូវបានបង្កើតឡើងនៅតាមភូមិដទៃទៀតនៅក្នុងឃុំសំបួរ តែសមាគមទាំងនោះដំណើរការល្អមកទល់សព្វថ្ងៃ លើកលែងតែសមាគមភូមិត្នោតជុំមួយ ដែលលោកបន្ទោសថា ចំណាត់ការរបស់ប្រធានសមាគម លោក ប្រាក់ សុផល មិនគោរពលក្ខខណ្ឌរបស់សមាគម។ ប្រធានសមាគមមិនពិភាក្សាជាមួយគណៈកម្មការ ឬសមាជិកសមាគម មុនផ្ដល់ប្រាក់កម្ចីទៅឲ្យសមាជិកណាម្នាក់។
លោក ហ៊ឹម ធា៖ «អាលុយហ្នឹង លោក ប្រាក់ សុផល ហ្នឹងខ្ចីច្រើនជាងគេ ខ្ចីគ្រប់ក្រុមទាំងអស់។ គាត់ជំពាក់ក្រុមនេះបន្តិច ក្រុមនោះបន្តិច រហូតដល់ ៣០០លានជាង ហើយលុយហ្នឹងគាត់មិនបានយកទៅវិនិយោគខាងក្រៅទេ តាមពិតគាត់ខ្ចីពីក្រុម១ ទៅដាក់ក្រុម៣ ទៅក្រុម៤ អ៊ីចឹងទៅណា។ គាត់លើកដាក់ៗអ៊ីចឹងទៅ ហើយចុងការគេនឹងបាន កើតទៅជាអ៊ីចឹងទៅ ហើយមានអ្នកកម្ចីក្បែរខ្លួនគាត់ហ្នឹងពីរបីនាក់ទៀត នៅកម្ចីធ្ងន់ៗតែពីរបីនាក់ទេ ក្រៅពីហ្នឹងអត់អីទេ»។
លោក ហ៊ឹម ធា បន្តថា ចំនួនប្រាក់សន្សំសរុបរបស់សមាគមភូមិត្នោតជុំ មានដល់ទៅជាង ១ពាន់លានរៀល ក្នុងនោះមានប្រាក់សន្សំបន្ថែមពីខាងក្រៅច្រើនដែរ ត្រូវបានផ្ដល់ជាប្រាក់កម្ចីទៅឲ្យសមាជិកទាំងអស់។ តែលោកថា ក្នុងចំនួនប្រាក់សរុបជាង ១ពាន់លានរៀលនេះ ទឹកប្រាក់ ៤០ភាគរយ ត្រូវបានប្រធានសមាគមបានខ្ចីយកខ្លួនឯង និងខ្លះទៀតផ្ដល់ឲ្យបក្សពួកខ្ចី ដែលប្រាក់កម្ចីទាំងនោះមិនសង្ឃឹមថា នឹងបានសំណងទាំងដើមទាំងការមកវិញទេ។
ចំណែកប្រធានសមាគម លោក ប្រាក់ សុផល បានចាកចោលស្រុកដោយប្រគល់ផ្ទះឲ្យសមាគមដើម្បីកាត់បំណុលខ្លះ។ រីឯម្ចាស់បំណុលដែលជាបក្សពួកលោក ប្រាក់ សុផល ខ្លះទៀត ដែលខ្ចីប្រាក់សមាគមជាង ៣០០លានរៀលផ្សេងទៀតនោះ ក៏មិនសង្ឃឹមថា មានលទ្ធភាពសងសមាគមវិញដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ប្រាក់ សុផល បានទេ នៅថ្ងៃទី៧ ធ្នូ ដើម្បីសុំការឆ្លើយតបចំពោះការចោទប្រកាន់នេះ។ ក៏ប៉ុន្តែ លោក ប៉ាន់ ញ ដែលឡើងកាន់តំណែងជំនួស លោក ប្រាក់ សុផល បញ្ជាក់ថា លោកនឹងព្យាយាមដោះស្រាយបញ្ហានេះជូនសមាជិកតាមលទ្ធភាព។ លោកថា ចំពោះកូនបំណុលដែលមិនមានលទ្ធភាពសង ទំនងនឹងអាចឡើងតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូបង្រៀនមួយចំនួននៅខេត្តតាកែវតវ៉ារឿងកាំប្រាក់ខែ
- ACU ព្រមានប្រធានមន្ទីរការងារខេត្តប៉ៃលិនថាធ្វើរបាយការណ៍ចាយលុយរដ្ឋមិនត្រឹមត្រូវ
- ពលករចោទប៉ូលិសធ្វើប័ណ្ណឆ្លងដែននៅប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយ
- កម្ពុជានៅតែជាប់ឈ្មោះជាប្រទេសមានអំពើពុករលួយច្រើន
- តើអ្នកកាសែតមានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ?
- នគរបាលឃុំនិងអធិការស្រុកនៅកំពង់ឆ្នាំងរងការចោទថាដោះស្រាយទំនាស់មិនត្រឹមត្រូវ
- លោក ហ៊ុន សែន ចង់ឱ្យកម្ពុជាជាប្រទេសប្រជាជនមានចំណូលមធ្យមនិងខ្ពស់
- មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តពោធិ៍សាត់រងការចោទថាប្រព្រឹត្តអំពើពុករលួយ
- អង្គភាពប្រឆាំងអំពើពុករលួយគ្រោងឲ្យម្ចាស់ពាក្យបណ្ដឹងអាចចូលស្តាប់កិច្ចពិភាក្សា