ដោយ ឡេង ម៉ាលី
2014-12-07
RFA

ក្រុមធម្មយាត្រា-សិទ្ធិយាត្រា ធ្វើដំណើរពីទីរួមស្រុកព្រៃឈរ ខេត្តកំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញ នៅថ្ងៃទី៥ ធ្នូ ២០១៤។ RFA/Saut Sokprathna
ក្បួនធម្មយាត្រា-សិទ្ធិយាត្រា ឆ្ពោះមករាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីពុទ្ធោវាទ និងការតស៊ូមតិសិទ្ធិមនុស្ស ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៦៦ ឈានចូលដល់ថ្ងៃទី ៣ ហើយ នៅថ្ងៃទី៧ ខែធ្នូ។ អ្នកហែក្បួនឱ្យដឹងថា ក្រុមខ្លះជួបបញ្ហាមិនមានកន្លែងស្នាក់នៅ។
ក្បួនធម្មយាត្រា-សិទ្ធិយាត្រាពីតាមបណ្ដាខេត្តជុំវិញប្រទេស ដែលភាគច្រើននៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ រកកន្លែងស្នាក់នៅមិនបានទេ រហូតមកដល់ម៉ោងជិត ៧ នៃយប់ថ្ងៃទី៧ ធ្នូ។
អ្នកទំនាក់ទំនងនៅក្នុងក្រុមធម្មយាត្រាតាមផ្លូវជាតិលេខ២ ដែលចេញពីស្រុកគិរីវង់ ខេត្តតាកែវ គឺលោក ទិប ទាវ ថ្លែងថា ក្រុមលោកចង់សម្រាកនៅវត្តនាងខ្មៅ ក្នុងស្រុកសំរោង ទឹកដីខេត្តតាកែវ ប៉ុន្តែអាជ្ញាធរមិនឱ្យសម្រាក៖ «សមត្ថកិច្ចហ្នឹងគាត់មិនឱ្យស្នាក់នៅដោយសារខាងថ្នាក់អធិការស្រុកគេឱ្យស្នាក់នៅវត្តឆ្ងាយពីគ្នាជិត ១០គីឡូឯណោះ។ អ៊ីចឹងធ្វើឱ្យយើងមិនអាចទទួលយកបាន ហើយណាមួយក្បួនយើងក៏បានមកដល់វត្តនេះទៅហើយ អត់មានបកទៅក្រោយវិញកើតទេ។ បានន័យថា ខាងស្រុកគេបញ្ជូនព័ត៌មានមកពួកគាត់អ្នកនៅមូលដ្ឋានខាងក្រោមថា ក្បួនអ្នកផ្លូវជាតិលេខ ២ ហ្នឹង ស្នាក់នៅវត្តអង្គអង្គញ់ ឆ្ងាយពីគ្នាមែនទែន។ វាអត់ត្រូវផង យើងឆ្ងាយទៀតច្រើនគីឡូ (ម៉ែត្រ) ទៀត ទៅភ្នំពេញ។ អ៊ីចឹង បើយើងស្នាក់ទីនោះ វាអត់អាចឱ្យយើងដើរ ២ ថ្ងៃទៀតទៅដល់ភ្នំពេញបានដែរ»។
ចំណែកឯក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ៣ ដែលឆ្លងកាត់ដែនដីខេត្តតាកែវ ដូចគ្នា ក៏ជួបបញ្ហាដែរ។ អ្នកទំនាក់ទំនងក្រុមនេះ គឺព្រះភិក្ខុ ស៊ាង ម៉េង មានព្រះថេរដីកាថា ក្បួនរបស់ព្រះអង្គ ដែលបម្រុងស្នាក់នៅក្នុងវត្តប្រាសាទស្រះកែវ ក៏ត្រូវបដិសេធដូចគ្នា។ ប៉ុន្តែបន្ទាប់មក ក្រុមព្រះអង្គត្រូវបានវត្តអង្គរូង ក្នុងឃុំមហាឫស្សី ខេត្តកំពង់ស្ពឺ អនុញ្ញាតឱ្យស្នាក់នៅ។
ដោយឡែក ក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ចាម ដែលមានបញ្ហាតាំងពីពេលចាប់ផ្ដើមនៅថ្ងៃដំបូង មិនមានបញ្ហាអ្វីទៀតទេ។
អ្នកតស៊ូមតិនៃសម្ព័ន្ធសហគមន៍កសិករ គឺលោក ស៊ុម ម៉ាណែត ដែលនៅក្នុងក្រុមនេះ ឱ្យដឹងនៅល្ងាចថ្ងៃទី៧ ធ្នូ ថា ក្បួនរបស់លោកបានធូរស្បើយពេលចូលមកដល់ដែនដីខេត្តកណ្ដាល៖ «យើងផុតពីទឹកដីខេត្តកំពង់ចាមមក ខាងសមត្ថកិច្ចគាត់បានចូលរួមសម្របសម្រួលពួកយើង។ ជាពិសេសតាមផ្លូវ គាត់ជួយពេលឃើញក្បួនធម្មយាត្រា សិទ្ធិយាត្រាសិទ្ធិយាត្រាមកដល់ គឺគាត់ជួយអន្តរាគមន៍កុំឱ្យកកស្ទះចរាចរណ៍។ នេះជាចំណុចរាក់ទាក់ស្វាគមន៍យើង គឺសមត្ថកិច្ច។ គាត់បានចូលក្នុងវត្តចាប់ចាប់ជើងជាមួយយើង ហើយល្ងាចនេះគាត់ចូលរួមញ៉ាំបាយជាមួយយើង។ ខុសពីសមត្ថកិច្ចនៅកំពង់ចាម។ សមត្ថកិច្ចនៅកំពង់ចាម យើងហៅសួរអី គាត់មិនឆ្លើយជាមួយយើងទេ។ គាត់មិននិយាយរកយើងទាំងស្រុងតែម្ដង»។
លោកបញ្ជាក់ថា ពេលនេះ ក្បួនធម្មយាត្រា សិទ្ធិយាត្រារបស់លោកបានមកដល់ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយ។ អ្នកធ្វើធម្មយាត្រា សិទ្ធិយាត្រា ក្រុមស្នាក់នៅក្នុងវត្តជ្រៃមាសសាគរ ហៅវត្តថ្មី គឺនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោករីករាយចំពោះការស្វាគមន៍របស់អាជ្ញាធរ និងពលរដ្ឋនៅក្នុងខេត្តនេះ។
ក្រៅពីនេះ ក្រុមអ្នកហែក្បួនធម្មយាត្រា-សិទ្ធិយាត្រានៅផ្លូវផ្សេងទៀត ឱ្យដឹងប្រហែលគ្នាថា មិនមានបញ្ហាអ្វីជាឧបសគ្គធំដុំទេ។ ក្រុមខ្លះមានការលំបាកបន្តិចបន្តួច ហើយក៏ដោះស្រាយចេញបន្ទប់ពីការចរចា។ ក្បួនធម្មយាត្រាទាំងនេះ គ្រោងធ្វើដំណើរឱ្យមកដល់រាជធានីភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃទៀត គឺនៅថ្ងៃទី១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សទាមទារបិទមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
- មន្ត្រីបក្សប្រឆាំងទៅសួរសុខទុក្ខសកម្មជនជាប់ឃុំនៅព្រៃស
- វត្តនៅខេត្តកំពង់ចាមនៅតែបិទទ្វារមិនឲ្យអ្នកហែក្បួនសិទ្ធិយាត្រាចូលសម្រាក
- យុវជនរាំម៉ាឌីហ្ស៊ូននៅទីធ្លាមុខវត្តបទុមវតីចូលរួមយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រី
- សហគមន៍ព្នងនៅមណ្ឌលគិរីអះអាងថាជនជាតិដើមភាគតិចនៅតែរងការរំលោភសិទ្ធិ
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិងយូណេស្កូបារម្ភពីសន្តិសុខអ្នកកាសែតនៅកម្ពុជា
- ក្រុមការងារអ.ស.ប មិនអាចសុំកិច្ចសហការពីអាជ្ញាធរសង្គ្រោះជនជាតិម៉ុងតាញ៉ា១៣នាក់
- សមត្ថកិច្ចរារាំងក្រុមហែក្បួនសិទ្ធិយាត្រាចេញពីខេត្តតាកែវឯខេត្តផ្សេងធ្វើដំណើរធម្មតា
- Freedom House៖ សិទ្ធិសេរីភាពអ៊ីនធឺណិតនៅកម្ពុជាមិនទាន់រីកចម្រើន