​ក្បួន​ធម្ម​យាត្រា​នៅតាម​ផ្លូវ​ជាតិ​លេខ​២​ត្រូវ​បាន​រារាំង និង​មិន​ឲ្យ​ស្នាក់​នៅ​តាម​វត្ត​អារាម​ទាំង​៤​ថ្ងៃ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ក្បួន​ធម្ម​យាត្រា​អប់រំ​សិទ្ធិមនុស្ស ដង្ហែរ​តាម​ដងផ្លូវ​ជាតិ​លេខ​២​ក្នុង​ខេត្ត​តាកែវ រយៈពេល​៤​ថ្ងៃ​មក នេះ  ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​រារាំង និង​គណកម្មការ​វត្ត​ចាក់សោ​បិទទ្វា​វត្ត​មិន​ឲ្យ​ស្នាក់នៅ ខណៈ​ក្បួន​ដង្ហែ​នៅ​តាម​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ជួប​បញ្ហា​បន្តិចបន្តួច ។​

​លោក ម៉ា ចិ​ត្រា ជា​យុវជន ដែល​ចូលរួម​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​ជាតិ​លេខ​២ បានឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្បួន​ដង្ហែរ​នៅតាម​ដងផ្លូវ​លេខ​២​ពី​ស្រុក​គិរីវង្ស ខេត្ត​តាកែវ​នេះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​រារាំង និង​ឆែកឆេរ​រក​អត្តសញ្ញាណប័ណ្ណ​ពី​ពួកគាត់ ។ លោក​ថា ក្រៅពី​នោះ​តាម​តាម​វត្ត​អារាម​ដែល​ក្បួន​ដង្ហែ​ឆ្លងកាត់​ត្រូវបាន​គណកម្មការ​វត្ត​ចាក់សោ​មិន​ឲ្យ​ពួកគេ​ចូល​ស្នាក់នៅ ឬ​សម្រាក​បរិភោគ​អាហារ​នោះទេ ដោយ​ចោទ​ក្រុម​អ្នក​ដង្ហែ​ក្បួន​ថា ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ ។

លោក​បន្តថា «​គាត់​បិទ​បាន​សម្រេច​ទេ​? គាត់​បិទ​ហើយ បិទ​យើង​មួយ​ម៉ោង​ពីរ​ម៉ោង ទាល់តែ​មាន​ប្រជាពលរដ្ឋ​ដែលជា​ចំនុះ​ជើងវត្ត​មាន​ការស្តីបន្ទោស​អី​បន្តិចបន្តួច ទាល់តែ​មាន​ការអន្តរាគមន៍​គាត់​បើក​ឲ្យ​ដដែល នាំ​តែ​ឲ្យ​ខូច​ឈ្មោះ​ហ្នឹង អ៊ីចឹងឲ្យ​គាត់​បើក​ទៅ ព្រោះ​យើង​ធ្វើ​ដើម្បី​សិទ្ធិ​របស់​ពលរដ្ឋ​យើង​ទាំងអស់​គ្នា​នេះ​ទេ មិនមែន​ដើម្បី​នយោបាយ​គណបក្ស បក្ខពួកនិយម​អី​អត់​មាន​ទេ ដើម្បី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា សិទ្ធិ​របស់​កុមារ សិទ្ធិ​ទូទៅ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ អ៊ីចឹង​ទេ សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​សម្របសម្រួល​ទៅតាម​ការគួរ​ផង​ចុះ​» ។​

​ចំណែកឯ​ព្រះ​ភិក្ខុ ស៊ា​ង ម៉េង ជា​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ថេរ​ដីកា​ថា ក្បួន​ដង្ហែរ​តាម​ដង​ផ្លូវជាតិ​លេខ​៣ មាន​តែ​វត្ត​ចំនួន​២​តែ​ប៉ុណ្ណោះ​មិន​ឲ្យ​ស្នាក់នៅ គឺ វត្ត​ប្រាសាទស្រះកែវ ក្នុង​ស្រុក​បាទី​ខេត្តតាកែវ និង​វត្ត​អង្គមន្ត្រី​មេ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ រារាំង​មិន​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែមថា តែ​ក្បួន​ដង្ហែរ​នេះ​មិន​មាន​ការ រារាំង​ពី​អាជ្ញាធរ​នោះ​ទេ ។ ព្រះអង្គ​បន្ថែមថា «​បើ​យើង​និយាយ​ពី​ពេល​ល្ងាច​ថ្ងៃទី​៧​មក គឺ​យើង​ជួប​ឧបសគ្គ មាន​ការរារាំង មាន​ការបិទ​វត្ត​អត់ឲ្យ​យើង​ចូល​ស្នាក់នៅ​កាល​ពី​យប់​ថ្ងៃទី​៧» ។​
​ដោយឡែក​ក្បួន​ដង្ហេរ​នៅ​តាម​ដងផ្លូវ​ជាតិ លេខ​១ លេខ​៤ លេខ​៥ និង​លេខ​៦  មិន​មាន​ជួប​បញ្ហា​នេះ​នោះ​ទេ ។​

ទោះជា​យ៉ាងនេះក្តី ក្បួន​ដង្ហែ ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ជាង​២០០ បាន​កំពុងធ្វើដំណើរ​តាម​ផ្លូវជាតិ​សំខាន់ៗ ចូល​មក​ជិត​ដល់​រាជធានី​ភ្នំពេញ​ហើយ ទោះបីជា​ក្បួន​ដង្ហែ​ខ្លះ​ត្រូវបាន​អាជ្ញាធរ​នៅតាម​ដងផ្លូវ​រារាំង​រំខាន​យ៉ាង​ណា​ក្ដី ។​    ​

គម្រោង ការដើរ​ហែ​ក្បួន​ចូល​មក​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ​១០​ធ្នូ នៅ​មុខ​រដ្ឋសភាជាតិ និង​ដាក់​ញត្តិ​ឲ្យ​ស្ថាប័ន​នេះ ជួយ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​និ​ទណ្ឌ​ភាព ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម ៕ 

សូមសរសេរមកអ្នកនាង​ ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles