​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ស្នើឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ពលករ​ខ្មែរ​ធ្វើការ​លើ​ទូក​ថៃ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបថតពី៖ www.foothand.com)

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​គូ​ឡា​ឡាំ​ពួនៃ​ប្រទេស​ម៉ាឡេស៊ី សុំ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ករណី​ពលករ​ជនជាតិ​ខ្មែរ​មួយ​រូប មាន​ស្រុកកំណើត​នៅ​ខេត្ត បាត់ដំបង ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ប្រទេស​ថៃ​កំពុង​រង​ទុក្ខវេទនា ។     ​

លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​គូ​ឡា​ឡំ​ពួ​រនៃ​ប្រទេស​ម៉ាឡេស៊ី ចុះ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​នេះ​ឲ្យដឹងថា ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី បាន​ទូរស័ព្ទ​ប្រាប់​ស្ថានទូត​ថា មាន​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវបាន​កប៉ាល់​ឈ្មោះ MT NAVE UNIVERSE របស់​ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ពី​ក្នុង​សមុទ្រ​នៅ​ខេត្ត Johor ជាប់​ព្រំដែន​ប្រទេស​សឹង្ហ​បូរី និង​ស្នើ​ឲ្យ​ស្ថានទូ​តជួយ​អន្តរាគមន៍​ទៅ​នគរបាល​អន្តោប្រវេសន៍​នៅ​ទីនោះ ដើម្បី​នាំ​ពលរដ្ឋ​ខ្មែរ ឈ្មោះ ឈឿន ឈាង មក​ស្ថានទូត ។​

លិខិត​បន្តថា​តាមរយៈ​ការសម្ភាស​តាម​ទូរស័ព្ទ ពលករ​នោះ​ឈ្មោះ ឈឿន ឈាង បានធ្វើការ​លើ​ទូក​នេសាទ​ថៃ​រយៈពេល​៤​ឆ្នាំ​ពុំ​ទទួលបាន​ប្រាក់ខែ​ឡើយ ហើយ​ថា​ដោយ​មាន​ជម្លោះ​ជាមួយ​ជនជាតិ​ថៃ​នៅ​លើ​ទូក គាត់​បាន​លោត​ទម្លាក់​ក្នុង​សមុទ្រ ដោយ​គ្មាន​លិខិតស្នាម​អ្វី​តាម​ខ្លួន​ទាំងអស់ ។​

​បច្ចុប្បន្ននេះ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​គូ​ឡា​ឡាំ​ពួ បាន​ធ្វើ​លិខិតបើកផ្លូវ និង​ឧបត្ថម្ភ​ថវិកា​១០០​ដុល្លារ ដល់​លោក ឈឿន ឈាង ហើយ​ថា​ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី បាន​ធានា​ទិញ​សំបុត្រ​យន្តហោះ និង​ជូន​ពលករ​រូប​នោះ​មក​កម្ពុជា​វិញ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ប្រចាំ​កម្ពុជា លោក កុយ គួង មានប្រសាសន៍ថា លោក​បាន​ទទួល​លិខិត​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​គូ​ឡា​ឡាំ​ពួ​ហើយ ហើយ​ថា​កិច្ច​ការ​បន្ត​ក្រសួង​នឹង​សាកសួរ​អំពី​ក្រុមហ៊ុន​ថៃ​ដែល​ជនរងគ្រោះ​បាន​ធ្វើ​នោះ ។ លោក​មានប្រសាសន៍ថា «​យើង​សំខាន់​គឺ​សួរនាំ​គាត់​ឲ្យ​ច្បាស់​សិន តើ​ទូក​គាត់​ទៅ​ធ្វើការ​ហ្នឹង លើ​ទូក​ណា​ពិតប្រាកដ​។ ខ្ញុំ​ឃើញ​ហាក់ដូចជា​ថា គាត់​ត្រឡប់​មក​វិញ​ហើយ ខ្ញុំ​ឮ​ព័ត៌មាន​ថា គាត់​មក​ដល់​ខ្មែរ​នៅពេល​ណា​ខ្ញុំ​អត់​ច្បាស់​ទេ គ្រាន់តែ​បានដឹង​ថា ទូត​យើង​បាន​បង្គាប់​ស្រួលបួល​ហើយ ព្រមទាំង​បាន​ផ្តល់​ថវិកា​មួយ​ចំនួន​ដល់​គាត់ ធ្វើ​លិខិតបើកផ្លូវ​អី​ហូរហែ​ទៀត​» ។​

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា​នេះ​ជា​រឿង​ដដែលៗ ដែល​តែងតែ​កើតឡើង​លើ​ប្រជាជន​កម្ពុជា​ទៅ​រកស៊ី​នៅ​ស្រុក​គេ ហើយ​កក្តា​នេះ​ដោយសារ​តែ​កម្សោយ​របស់​រដ្ឋាភិបាល​ខ្មែរ គ្មាន​សមត្ថភាព​ក្នុង​ការបង្កើត​ការងារ​ឲ្យ​ប្រជាជន​ខ្លួន ។ លោក​ថា «​អ្នក​ដែល​ទៅ​ធ្វើការ​ចំណាកស្រុក ហើយ​ជាពិសេស​ទៅ​ប្រទេស​ថៃ​ហ្នឹង ភាគច្រើន​គាត់​សុទ្ធតែ​ពួក​គាត់​ជា​កម្មករ ហើយ​ប្រសិន​ជា​រដ្ឋ​យើង​មិន​គិតគូរ​អំពី​រក​ឱកាស​ឲ្យ​គាត់​នូវ​ការងារ​ក្នុង​ស្រុក ធ្វើជា​អ្នក​ផលិត​នូវ​ទំនិញ សេវាកម្ម​ក្នុងស្រុក ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​ដែល​ប្រជាពលរដ្ឋ​យើង​នូវតែ​បន្ត​រងគ្រោះ​ដូច​ពេលបច្ចុប្បន្ន​អ៊ីចឹង​។ ទី​២ រដ្ឋាភិបាល​យើង ការអនុវត្ត​ច្បាប់​របស់​រដ្ឋ​យើង​ហ្នឹង​ក៏​អ៊ីចឹង​ដែរ ប្រសិន​ជា​ការអនុវត្ត​ច្បាប់​យើង​នូវតែ​ធូររលង់​ហ្នឹង មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​មាន​ការពាក់ព័ន្ធ​ជាមួយ​ការជួញដូរ​មនុស្ស ឬ​ការ​យក​មនុស្ស​ចេញ​ដោយ​ខុសច្បាប់​» ។​

​របាយការណ៍​សង្គម​ស៊ីវិល​បង្ហាញថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​មួយ​លាន​នាក់ ភាគច្រើន​ជន​ដែល​រងគ្រោះ គឺជា​អ្នក​ដែល​ទៅ​ខុសច្បាប់ ហើយ​ថា​ក្នុងចំណោម​ជាង​មួយ​លាន​នាក់​នោះ ពលរដ្ឋ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ប្រមាណ​៧០​ម៉ឺន​នាក់ ៕ 

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles