ដោយ៖ ទូច សុខា
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបថតសកម្មជនដីធ្លីបិទនៅមុនពន្ធនាគារព្រៃស ដែលក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែង
អង្គការលីកាដូអំពាវនាវឲ្យមានការដោះលែងសកម្មជនគណបក្សជំទាស់ សកម្មជនជាព្រះសង្ឃ និងសកម្មជនដីធ្លីមួយចំនួនទៀត ដោយចាត់ទុកថាពួកគាត់ទាំងនោះជាប់ពន្ធនាគារដោយអយុត្តិធម៌ ។
ក្នុងឱកាសទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ជិតចូលមកដល់ អង្គការលីកាដូបានអំពាវនាវឲ្យមានការដោះលែងប្រជពលរដ្ឋទាំងបុរស និងស្ត្រី១៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។ ក្នុងសេចក្តីថ្លែងការរបស់ខ្លួននេះ អង្គការលីកាដូ ចាត់ទុកបទចោទប្រកាន់ ទៅលើអ្នកទាំង១៨នោះថា ជាការបំបិទមាត់អ្នករិះគន់ និងរំលោភបំពាន ក៏ដូចជាការបំភិតបំភ័យលើសកម្មជន ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតអង្គការសិទិ្ធមនុស្ស លីកាដូ អះអាងថាការការចាប់ខ្លួនសកម្មជនទាំងនោះ ជាងរឿងខុសច្បាប់ ហើយការសម្រេចសេចក្តីរបស់តុលាការក៏គ្មានហេតុផលនិងភស្តុតាងច្បាស់លាស់ដែរ ។ លោកថា ការយកមនុស្សដែលគ្មានកំហុសទៅដាក់គុកគឺ ជារឿងដែលមិនត្រឹមត្រូវ ហើយវាជាការរំលោភសិទ្ធិមនុស្ស ។ លោកបន្ថែមថា «បាទបើការឃុំខ្លួនមនុស្សមួយដោយគ្មានកំហុស គឺជាការរំលោភសិទ្ធិមុស្សធ្ងន់ធ្ងរណាស់ ព្រោះការឃុំខ្លួនមនុស្សមួយៗ គឺដូចជាការដកហូតសិទ្ធិសេរីភាពរបស់គេអស់ជាច្រើនអញ្ចឹង។ បើសិនជាការឃុំខ្លួនមនុស្សមួយៗនៅស្រុកគេ តុលាការនៅស្រុកគេ គេរកថាអ្នកឯងហ្នឹងជាអ្នកប្រព្រឹត្តិប្រាកដប្រជា គេឃុំខ្លួនដើម្បីយុត្តិធម៌ អានេះមែនថាឃុំខ្លួនដោយអយុត្តិធម៌ គ្នារងគ្រោះដោយសារដីធ្លីហើយ ឬរឿងនយោបាយ បែរជាខ្លួនទៅជាប់គុកទៀត អាហ្នឹងវាជារឿងមួយប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជពលរដ្ឋធ្ងន់ធ្ងរ» ។
លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC ចាត់ទុកថា រាជរដ្ឋាភិបាលបានយកប្រព័ន្ធតុលាការមកដាក់សម្ពាធលើសកម្មជនសិទ្ធិមនុស្ស ឬអ្នកការពារដីធ្លី ដែលវាបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងអយុត្តិធម៌ ។ លោកថា «វាស្តែងចេញអំពីការមិនអនុវត្តនីតិច្បាប់ឲ្យបានត្រឹមត្រូវ ដោយសារអ្នកបញ្ចេញមតិយោបល់ត្រូវគេចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ អញ្ចឹងក្នុងក្របខណ្ឌដែលធ្វើបាតុកម្មដោយសន្តិវិធី ត្រូវតែប្រើប្រាស់ច្បាប់ដែលមានស្រាប់ គឺបាតុកម្មដោយសន្តិវិធីហ្នឹង នៅពេលដែលបាតុកម្មហ្នឹងចប់ទៅគេដោះលែងអ្នកនោះឲ្យមានសេរីភាពវិញហើយ គេមិនចោទប្រកាន់ ពីរឿងនេះរឿងនោះទេ តែរាជរដ្ឋាភិបាលឆ្លៀតឱកាសប្រើប្រាស់ប្រព័ន្ធតុលាការនេះមកដាក់សម្ពាធលើក្រុមសកម្មជនសិទ្ធិមនុស្ស ឬអ្នកការពារដីធ្លី ជាពិសេសព្រះសង្ឃដែលកំពុងចូលរួមចំណែកជាមួយសង្គមយ៉ាងសកម្មនោះ។ អញ្ចឹងរឿងរ៉ាវទាំងអស់នេះ សុទ្ធតែស្តែងចេញ ពីភាពអយុត្តិធម៌ បើសិនជាមានភាពអយុត្តិធម៌បែបនេះ យើងទាំងអស់គ្នាចាត់ទុកថាជារឿងអយុត្តិធម៌»។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថាការចាប់ខ្លួនអ្នកទាំងនោះគឺជា ការអនុវត្តច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ។
បុគ្គលទាំង១៨នាក់នោះ មាន៧នាក់កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ និង១១នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោស និងកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ។ អង្គការលីកាដូ អំពាវនាវដោយទទួចសុំឲ្យមានការដោះលែង និងលើកលែងបទចោទប្រកាន់ទាំងអស់ ៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com