​អ្នកជំនាញ​៖ ​កម្លាំង​សមត្ថកិច្ច​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារី​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ក្បួតដង្ហែផ្សព្វផ្សាយតួនាទីបុរសល្អ (រូបថត៖ ថុល ស្រីលក្ខណ៍)

​នេះ​ជា​សំឡេង​ក្បួន​ដង្ហែ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់ ទាហាន នគរបាល កងរាជអាវុធហត្ថ អង្គការ​សង្គម​ស៊ីវិល លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ​ជិត​៤០០​នាក់ ដែល​ភាគច្រើន​ជា​បុរស ។ ពួកគេ ដើរ​ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​តួនាទី​បុរស​ល្អ ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​កិច្ច​គាំពារ​ស្ត្រី ចូលរួម​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ។ ក្បួន​ដង្ហែ​នេះ ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​កីឡា​ខេត្ត​កំពង់ស្ពឺ កាត់​តាម​ផ្សារ​ទី​រួម​ខេត្ត ទៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤ និង​ត្រឡប់​មក​ទីតាំង​ដើម​វិញ ។​

​ក្នុង​ការដើរ​ហែ​ក្បួន​នេះ បុរសៗ​ទាំងនោះ​មាន​កាន់​អំបោស ឆ្នាំង ធុង បដា បង្ហាញ​ពី​សកម្មភាព​បុរស​ល្អ​ជួយ​កិច្ចការ​ស្ត្រី ក្នុង​គោលបំណង បង្កើន​ចំនួន​កង​ប្រដាប់អាវុធ ជា​ជន​គំរូ​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​ការបង្ក្រាប​បទល្មើស លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​នៅ​កម្ពុជា ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​តួនាទី​បុរស​ល្អ​ជា​ដើម ។ 

​បែកញើស​ជោក​ខ្លួន ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​ជា​កងម្លាំងប្រដាប់អាវុធ លោក លី អូន នាយក​ការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ  បាន​និយាយថា ក្នុង​ការចូលរួម​យុទ្ធនាការ​នេះ លោក​ទទួលបាន​ចំណេះដឹង​ច្រើន​បន្ថែមទៀត ពាក់ព័ន្ធ​ទៅនឹង​តួនាទី​បុរស​ល្អ ក្នុង​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី ។ លោក​ថា លោក​នឹង​យក​ចំណេះដឹង​ទាំងនេះ ទៅ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ដឹង​ពី​តួនាទី​បុរស​ល្អ​នេះ ។ លោក​ថា «​គឺថា​កាតព្វកិច្ច​មួយ​ដែល​យើង​ត្រូវតែ​យល់​ដឹង ហើយ​យើង​ត្រូវគោរព​ចំពោះ​ស្ត្រី​ទូទាំងប្រទេស ក៏ដូចជា​បុរស​ផ្សេងៗ​ទាំងអស់ ដែល​ត្រូវ​យកចិត្ត​ដាក់​ចំ​ពោះ​ស្ត្រី និង​ធ្វើ​ជា​បុរស​ល្អ ។ មានន័យថា​យើង​ចេះ​គោរព​ស្ត្រី​ចេះ​គោរព​ក៏ដូចជា​បុរស​ផ្សេង​ក៏ដោយ ក៏​យើង​ចេះ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក យើង​ចេះ​ជួយ​យកចិត្តទុកដាក់​ក្នុង​ការងារ​លំបាក មិន​ថា​ស្ត្រី ឬ​ក៏​បុរស​ទេ យើង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។ ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យបាន​យល់​អំពីបុរស​ល្អ ដែល​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ ឬ​ក៏​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់​ដែរ​» ។​

​មិន​ខុស​គ្នា​ដែរ កងកម្លាំងប្រដាប់អាវុធ​ផ្សេងៗ​ទៀត​អះអាង​ស្រដៀង​គ្នា​ថា បុរស​ល្អ​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ។​

យោងតាម​របាយការណ៍ របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៤​រួមគ្នា (​ដៃគូ​សម្រាប់​ការពារ P4P) ចេញផ្សាយ​ឆ្នាំ​២០១៣​បានបង្ហាញ​ថា ក្នុងចំណោម​បុរស​ចំនួន​១៨៦៣​នាក់ មាន​បុរស​ចំនួន​២០,៨% ធ្លាប់​មាន​ពិសោធន៍​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី ។ ផ្អែកលើ​របាយការណ៍​នេះ អ្នកជំនាញ​ជាច្រើន​យល់ឃើញថា ជាពិសេស​បុរស​ដែល​មាន​តួនាទី​ដូចជា ទាហាន នគរបាល និង​កងរាជអាវុធហត្ថ​ជា​ដើម មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា ។​

​យុវជន​ម្នាក់ ដែល​កំពុង​ឈរ​មើល​យុទ្ធនាការ​នេះ លោក សម្បត្តិ វិចិត្រ ថ្លែងថា នេះ​ជា​លើក​ទី​១​ហើយ លោក​បាន​ឃើញ​កម្លាំង​ប្រដាប់អាវុធ ចុះ​ផ្សព្វផ្សាយ​ពី​តួនាទី​បុរស​ល្អ​ដល់​ពលរដ្ឋ ។ លោក​ថា លោក​ប្តេជ្ញា​អនុវត្ត​តាម​ការអប់រំ​នេះ ដើម្បី​ឲ្យ​គ្រួសារ​រស់នៅ​ក្នុង​សុភមង្គល ។ លោក​ថា «​យើង​ត្រូវ​ផ្តល់​សិទ្ធិ​ដល់​ខាង​នារី​ឲ្យបាន​ច្រើន ហើយ​យើង​ជួយ​ថែរក្សា​នារី យើង​ត្រូវ​ផ្តល់​សិទ្ធិ​នារី ធ្វើ​ម៉េច​ឲ្យ​យល់​សិទ្ធិគ្នា​ទៅវិញទៅមក​។ ខ្ញុំ​នឹង​ចេះ​ទៅ នឹង​អាច​យល់​ច្រើន និង​អាច​ធ្វើ​ដូច​គេ » ។ 

​យុទ្ធនាការ​បុរស​ល្អ គឺជា​គំ​និត្យ​ផ្តួចផ្តើម​សកម្មភាព​សម្រាប់​ប្រទេស​ទាំងមូល ដោយ​ផ្តោត​លើ​ក្រុម​គោលដៅ​ជា​បុរស​ចំនួន ៣ ៥០០ ០០០ នាក់ មាន​អាយុ​ចន្លោះ​ពី​១៥ ដល់​៤៩​ឆ្នាំ ៧៥%​នៅតាម​ជនបទ នេះ​បើ​យោងតាម​ឯកសារ​របស់​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​(PYD) ។  គោលការណ៍​បុរស​ល្អ​មាន​៦​យ៉ាង​គឺ បុរស​គោរព​ក្មេងស្រី និង​ស្ត្រី បុរស​បដិសេធ​រាល់​ទម្រង់​ហិង្សា លើ​ស្ត្រី និង​ក្មេង​ស្រី បុរស​ចូលរួមចំណែក​ជួយ​ដល់​ការអប់រំ​របស់​កូន បុរស​ចែករំលែក​មតិយោបល់​ព្រមទាំង​គោរព​មតិយោបល់​របស់​ស្ត្រី បុរស​ចែករំលែក​ការងារ​ផ្ទះ និង​ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ដើម ។​

កងកម្លាំងសមត្ថកិច្ចចូលរួមក្នុង​យុទ្ធនាការផ្សព្វផ្សាយតួនាទីបុរសល្អ 

​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​(PYD) លោកស្រី គឹម កល្យាណី មានប្រសាសន៍​នៅ​កន្លែង​វេទិការ​នេះ​ថា មូលហេតុ​ដែល​ជ្រើសរើស កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ជា​គោលដៅ​សំខាន់​ក្នុង​កិច្ចការ​នេះ ដោយសារ​អ្នក​ទាំងនោះ​ជា​អ្នកអនុវត្ត​ច្បាប់ ហើយ​ពួកគេ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ។ លោកស្រី​បន្ត​ថា «​ជ្រើសរើស​យក​ការចូលរួម​របស់​ខាង​កងកម្លាំងប្រដាប់អាវុធ ដែល​មាន​ដូចជា​នគរ​បាល យោធា និង​កងរាជអាវុធហត្ថ គឺ​យើង​ចង់​បញ្ជាក់ឲ្យ​ប្រជាជន​ទាំងអស់ ជាពិសេស​បុរស​ទូទាំង​ផ្ទៃ​ប្រទេស​យើង ឲ្យបាន​ដឹង​ថា គ្រប់​ស្ថាប័ន​ទាំងអស់​របស់​រាជរដ្ឋាភិបាល គឺ​សុទ្ធតែ​មាន​ការយកចិត្ត​ទុកដាក់​ជាខ្លាំង នៅក្នុង​ចូលរួម​ទប់ស្កាត់ ក៏ដូចជា បង្ក្រាប​អំពើ​ហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​បងៗ​ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​គាត់​គឺជា អ្នកអនុវត្ត​ច្បាប់​ស្រាប់ គឺ​គាត់​បង្ហាញ​នូវ​ការ​តាំងចិត្ត និង​ឆន្ទៈ​ខ្ពស់ ក្នុង​ការចូលរួម​បញ្ឈប់​អំពើហិង្សា​នេះ​» ។​

ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការនារី លោកស្រី កេត ម៉ារ​ឌី មានប្រសាសន៍​ក្នុង​កម្មវិធី​នេះ​ដែរ​ថា រហូតមកដល់​ពេលនេះ​កម្ពុជា មិនទាន់​មាន​របាយការណ៍​ជាក់លាក់ បង្ហាញ​ឲ្យ​ច្បាស់លាស់ ពី​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី នៅ​កម្ពុជា​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា បញ្ហា​នេះ​ហាក់​មាន​ការថយចុះ​ក្នុង​កម្រិត​មួយ​។ លោកស្រី​បន្ថែមថា កងកម្លាំង​សមត្ថកិច្ច​មាន​តួនាទី​សំខាន់ ដោយសារ​អ្នក​ទាំងនោះ​ជា​អ្នកអនុវត្ត​ច្បាប់ ដូច្នេះ​គាត់​ត្រូវធ្វើ​ជា​គំរូ​សម្រាប់​ពលរដ្ឋ​ទូទៅ ។ លោកស្រី​បន្ថែមថា «​សារសំខាន់​បំផុត​គឺ​ថា ដូច​យើង​បានដឹងហើយថា អ្នក​ដែល​ប្រព្រឹត្ត​ច្រើនជាងគេ​គឺ​បុរស​។ អ៊ីចឹង​ហើយ​អ្វី​ដែល​យើង​ធ្វើ​យុទ្ធនាការ​ថ្ងៃនេះ គឺ​យើង​និយាយ​អំពី បុរស​ល្អ​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រី អ៊ីចឹង​ដើម្បី​កាត់បន្ថយ​នូវ​អំពើហិង្សា យើង​មិន​គិតថា លុបបំបាត់​តែម្តង​ទេ តែ​សុំឲ្យ​មាន​ការកាត់បន្ថ​យ ។ អ៊ីចឹង​ទាមទារ​ឲ្យ​បុរស​គាត់​ត្រូវ​ការផ្លាស់ប្តូរ​ឥរិយាបថ ក្នុង​នាម​គាត់​ជា​បុរស ដែល​ជា​មេ​គ្រួសារ សុំ​ឲ្យ​គាត់​គិតគូរ​ឡើងវិញ នៅពេល​ដែល​ប្រព្រឹត្ត​នៅ​អំពើហិង្សា ទៅលើ​ស្ត្រី ព្រោះ​ថា​កំហុស​វា​តែងតែ​កើតមាន ប៉ុន្តែ​យើង​មិន​អាច​ដោះដូរ​ទៅ​វិញ​នូវ​ការប្រើ​អំពើហិង្សា​ទេ គឺ​យើង​អាច​ស្វែងរក​នីតិវិធី​ផ្សេងទៀត ដោយ​ការជជែក​គ្នា ដោយ​ការ​អធ្យាស្រ័យ យល់​ពី​គ្នា​ទៅវិញទៅមក នោះ​គ្រួសារ​មាន​សុភមង្គល ហើយ​អំពើហិង្សា​ក៏​លែង​កើត​មាន​នៅក្នុង​គ្រួសារ​ផង​ដែរ​» ។​

តាម​ក្រសួង​កិច្ចការនារី និង​អង្គកា​(PYD) បានឲ្យដឹងថា ការ​ដង្ហែ​ក្បួន​ប្រភេទ​នេះ គ្រោង​អនុវត្ត​ទៅ​លើ​ខេត្ត​គោលដៅ​ចំនួន​៤ ដូចជា ខេត្ត​កំពង់ស្ពឺ កំពត ស្ទឹងត្រែង និង​ខេត្ត​រតនគិរី នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ​បន្តទៀត ។ ទោះ​យ៉ាងណា​មន្ត្រី​ជំនាញ​មកពី​ស្ថាប័ន​ទាំង​២​នេះ​យល់​ថា គេ​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទាំងអស់ ចូលរួម​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី ៕ 

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles