Tue, 9 December 2014
Kevin Ponniah and មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រឆាំងហាក់មានសុទិដ្ឋិនិយមខ្ពស់ ខណៈប៉ុន្មានខែចុងក្រោយនេះ ការដោះស្រាយកិច្ចការនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាបាននាំទៅរកអ្វីហាក់ដូចជាការប្តេជ្ញាយ៉ាងពិតប្រាកដពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើការព្យាយាមដោះស្រាយរាល់បញ្ហាជាតិសំខាន់ៗតាមរយៈគណបក្សទាំងពីរ។
ក្រៅពីសេចក្តីសម្រេចថ្មីៗនេះ ក្នុងការទទួលស្គាល់ជាផ្លូវការនូវគណបក្សសំឡេងភាគតិចនិងមេដឹកនាំភាគតិចនៅរដ្ឋសភា ដែលអាចធ្វើកិច្ចសន្ទនាជាមួយនឹងលោកនាយករដ្ឋមន្រ្តី ឥឡូវនេះគណបក្សប្រឆាំងបានចង្អុលពីសុន្ទរកថា ថ្មីៗនេះដែលធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តីកាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលអ្នកសង្កេតការណ៍កម្ពុជារយៈពេលវែងបានចាត់ទុកថា ពុំធ្លាប់មានពីមុនមកឡើយ។
ថ្លែងទៅកាន់និស្សិតសាកលវិទ្យាល័យដែលបានបញ្ចប់ការសិក្សានៅភ្នំពេញ លោក ហ៊ុន សែន គូសបញ្ជាក់ពីអតុល្យភាព ១២ ចំណុចនៅកម្ពុជា ដែលអ្នករិះគន់តែងលើកឡើងជាញឹកញាប់ ហើយលោកក៏បានទទួលស្គាល់ថា បញ្ហាសំខាន់ៗមួយចំនួនដែលប្រឈមសម្រាប់អ្នកបង្កើតនយោបាយ ត្រូវស្ថិតក្រោមការឃ្លាំមើលរបស់លោក។
បញ្ហាទាំងនេះដូចជា បញ្ហាប្រឈមក្នុងគោលនយោបាយរូបិយវត្ថុ និងអសមតុល្យនៃពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយនិងប្រាក់ឈ្នួលទាប។ លោកក៏បានផ្តោតសំខាន់លើធនធានមនុស្សមិនសូវល្អផងដែរ។
ខណៈដែលការផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព និងមានគុណភាពខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបន្តថា៖ «ស្ថាប័នកំពុងឆ្លើយតបយ៉ាងយឺត និងគ្មានប្រសិទ្ធភាព។ ការចាំបាច់ ដែលត្រូវមានកំណែទម្រង់ទាក់ទងនឹងអភិបាលកិច្ច [និង] ទាក់ទងប្រព័ន្ធតុលាការ ព្រោះនៅមិនទាន់ឆ្លើយតបនឹងសេចក្តីត្រូវការទេ»។
លោក ហ៊ុន សែន បានលើកឡើងដែរថា គណបក្សប្រជាជនដែលកាន់អំណាចអស់ច្រើនទសវត្សរ៍និងប្រព័ន្ធតុលាការ ដែលអ្នកសង្កេតភាគច្រើនចាត់ទុកថា ជាឧបករណ៍បម្រើនយោបាយគួរទទួលការស្តីបន្ទោស។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំងបានថ្លែងថា នេះជាលើក ទី១ ក្នុងអាជីពនយោបាយ ២០ឆ្នាំ ដែលលោកស្រីបានឮលោក ហ៊ុន សែន និយាយស្មោះត្រង់និងពិចារណាពីការពិតនៅកម្ពុជា។
លោកស្រីបន្តថា៖ «ខ្ញុំគិតថា ប្រទេសទាំងមូល ប្រជាពលរដ្ឋ [ទាំងអស់] ដែលព្យាយាមបញ្ជូនសារនោះ មានអារម្មណ៍ធូរស្រាល បើសារមួយនេះបានទៅដល់គោលដៅ»។
លោកស្រីបន្តថា៖ «មានការផ្លាស់ប្តូរក្នុងផ្នត់គំនិតរបស់គាត់»។ លោកស្រីថា ចំណុចជាច្រើនដែលលើកក្នុងសុន្ទរកថានោះ សុទ្ធតែលើកឡើងក្នុងរដ្ឋសភាដោយគណបក្សប្រឆាំង នាប៉ុន្មានថ្ងៃមុនការជជែករយៈពេល ១០ ម៉ោង ស្តីពីថវិកាជាតិ ដែលគណបក្សប្រជាជន «ទទួលយកច្រើន»។
ពេលនេះពីឆ្នាំមុន គណបក្សប្រឆាំងកំពុងដឹកនាំបាតុកម្មតាមផ្លូវអំពាវនាវឲ្យលោក ហ៊ុន សែន ចុះពីតំណែង រហូតនាំឲ្យមានការបង្ក្រាបលើកម្មករធ្វើកូដកម្ម និងការរុះរើជំរំបាតុករនៅសួនសេរីភាពដោយហិង្សា។
ដោយគណបក្សប្រឆាំងកាន់អាសនៈនៅរដ្ឋសភា បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយកាលពី ខែកក្កដា លោកស្រី មូរ សុខហួរ មើលឃើញថា លោក ហ៊ុន សែន មានអារម្មណ៍ស្រួលចិត្តក្នុងការទាក់ទងជាមួយនឹងគណបក្សប្រឆាំង។
ទោះជាយ៉ាងណា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានបន្តការវាយប្រហារថ្មីៗនេះថា គណបក្សសង្គ្រោះជាតិអាចវិលទៅធ្វើបាតុកម្មតាមផ្លូវវិញ ប្រសិនមិនបំពេញតាមការទាមទារធ្វើកំណែទម្រង់បោះឆ្នោតនោះ។
សេចក្តីថ្លែងនោះ បានធ្វើឲ្យមានការគំរាមពីលោក ហ៊ុន សែន កាលពីសប្តាហ៍មុនថា គាត់នឹងអាចត្រូវបោះឆ្នោតទម្លាក់ពីអនុប្រធានរដ្ឋសភា។
ប៉ុន្តែលោក សម រង្ស៊ី មេដឹកនាំភាគតិចក្នុងសភា បានថ្លែងពីម្សិលមិញថា សុន្ទរកថា ពីថ្ងៃចន្ទមុនរបស់លោក ហ៊ុន សែន «គឺជាសញ្ញាលើកទឹកចិត្តថា អាចឲ្យមានកិច្ចសន្ទនានិងការបើកចំហនៅខាងរដ្ឋាភិបាលអំពីបញ្ហាប្រឈមសំខាន់ៗ សម្រាប់ជាតិ»។
លោកឲ្យដឹងតាមអ៊ីមែលថា៖ «វាអាចជាមូលហេតុសម្រាប់កិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពនិងស្ថាបនារវាងក្រុមភាគច្រើននិងភាគតិចស្តីពីវិធីនិងមធ្យោបាយដោះស្រាយបញ្ហាជាប្រយោជន៍ជាតិ»។
លោក អ៊ុក សេរីសុភ័ក្រ្ត អ្នកប្រឹក្សាយោបល់ក្រៅម៉ោងធ្វើការ ស្តីពីអភិបាលកិច្ចល្អ បានថ្លែងថា ខណៈសុន្ទរកថានោះមានន័យស្រដៀងគ្នានឹងអ្វីដែលធ្វើឡើងដោយលោក ហ៊ុន សែន តាំងពីគណបក្សលោកចាញ់ឆ្នោត ២២ អាសនៈ នៅក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំមុននេះ «ជាលើក ទី១ ហើយ ដែលកញ្ចប់ទូលំទូលាយសម្រាប់បញ្ហាសេដ្ឋកិច្ចនេះ ត្រូវបានបរិយាយដោយលោកនាយករដ្ឋមន្រ្តី»។
លោក សេរីសុភ័ក្រ្ត បន្ថែមថា ប៉ុន្តែ ដោយសារតែបញ្ហារចនាសម្ព័ន្ធដែលបង្ហាញ នឹងត្រូវការពេលជាច្រើនឆ្នាំទៀតដើម្បីដោះស្រាយ គណបក្សប្រជាជនកម្ពុជាមិនរំពឹងថា នឹងទទួលបានសន្លឹកឆ្នោតដែលបាត់បង់មកវិញទេ រហូតទាល់តែប្រជាជនមើលឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងការរស់នៅប្រចាំថ្ងៃដូចជា វិស័យសុខាភិបាល អប់រំនិងហេដ្ឋារចនាសម្ព័ន្ធ…។
លោកបន្តថា លទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ មិនមែនតែលោក ហ៊ុន សែន ទេ ប៉ុន្តែ «ថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងមូល លែងសូវមានជំនឿដូចមុនហើយ» ខណៈការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ២០១៨ ជិតមកដល់។
លោកបន្តថា ខណៈគណបក្សបានដឹងពីការពិតអំពីអារម្មណ៍របស់ប្រជាជនតាមបណ្តាញរបស់ខ្លួនទូទាំងប្រទេស ថាតើគណបក្សប្រជាជន មានឆន្ទៈនយោបាយដោះស្រាយបញ្ហារបស់ពួកគេឬអត់? នេះគឺជាសំណួរមួយទៀត។
លោក សន ជ័យ មន្រ្តីនៅបណ្តាញដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានថ្លែងថា៖ «ឥឡូវនេះយើងប្រឈមនឹងការប្រកួតប្រជែងអាស៊ាន។ ដូច្នេះ រដ្ឋាភិបាលត្រូវតែបង្កើនល្បឿនស្តាប់អង្គការក្រៅរដ្ឋាភិបាល និងត្រូវមានផែនការជាក់លាក់ដើម្បីឆ្លើយតបទាន់ពេល»។
អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក រស់ ច័ន្រ្តាបុត្រ ជាអ្នកប្រវត្តិសាស្រ្តនិងជាទីប្រឹក្សានាយករដ្ឋមន្រ្តីមួយរូបថ្លែងថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមសម្របទៅតាមពិភពលោក។
លោកថ្លែងថា៖ «គណបក្សប្រជាជន កំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរដោយបើកឲ្យយុវជនមានអ្នកជំនាញនិងអ្នកចេះដឹងវ័យក្មេងច្រើនជាងមុនកាន់តំណែង»៕
រាយការណ៍បន្ថែមៈ Charles Rollet