រដ្ឋាភិបាល បក្សប្រឆាំង អង្គការសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សលើប្រធានបទនិងទីកន្លែងខុសៗគ្នា

ការ​ដើរ​ក្បួន​របស់​សហជីព​កម្មករ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ឆ្នាំ​មុន។

ការ​ដើរ​ក្បួន​របស់​សហជីព​កម្មករ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ឆ្នាំ​មុន។ ស្រេង ម៉េងស៊្រុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្នុង​ឱកាស​ខួប​លើក ទី៦៦ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ រាជ​រដ្ឋាភិបាល​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង សហជីព ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ នឹង​រៀបចំ​ប្រារព្ធ​ទិវា​នេះ​ព្រមៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ ទីតាំង​ប្រារព្ធ និង​ប្រធាន​បទ​ផ្សេង​គ្នា។

លោក ឯក សុភក្តី តំណាង​សហជីព សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​ក្នុង​វិស័យ​កាត់ដេរ ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហជីព និង​កម្មករ​ជាង ៣ ពាន់​នាក់ នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ហើយ​ហែ​ក្បួន​ទៅ​រដ្ឋសភា​ដើម្បី​ថ្លែង​ញត្តិ និង​ទុក្ខ​កង្វល់​របស់​កម្មករ​អំពី​បញ្ហា​ប្រាក់​ឈ្នួល ប៉ុន្តែ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ បដិសេធ​រឿង​ហែ​ក្បួន។

លោក​ថា​ ក្រុម​សហជីព និង​កម្មករ​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោម​ប្រធាន​បទ «សិទ្ធិ​ទទួល​បាន​ការងារ​និង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​គ្រប់​វិស័យ» ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្កើត​ច្បាប់​សហជីព កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ថ្នាក់​ជាតិ​សម្រាប់​កម្មករ​និយោជិត បង្កើត​តុលាការ​ការងារ និង​លុប​កិច្ច​សន្យា​ការងារ​ខ្លីៗ​ខុស​ច្បាប់​ជា​ដើម។

ចំណែក​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ជាច្រើន​ពាន់​នាក់​ចូល​រួម​នឹង​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ជា​ពីរ​ផ្នែក ក្នុង​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ២០០ មាន​អ្នក​ចូល​រួម​ប្រមាណ ៥ ពាន់​នាក់ នឹង​ជួប​ជុំ​គ្នា​នៅ​សួនច្បារ​មាត់​ទន្លេ មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) រួច​ដើរ​ក្បួន​ទៅ​សម្តែង​មតិ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ដើម្បី​ផ្ញើសារ​ទៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ចំណែក ក្រុម​មិត្ត ១០ ធ្នូ ដែល​កំពុង​ធ្វើ​ធម្មយាត្រា សិទ្ធិ​យាត្រា តាម​ផ្លូវ​ជាតិ​លេខ ១ ដល់​ផ្លូវ​លេខ ៦ នឹង​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​សហគមន៍​ដីធ្លី ដែល​កំពុង​ជាប់​ឃុំ។

លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខា​ធិការដ្ឋាន​គណៈកម្មការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ផ្សេង​គ្នា​របស់​សង្គម​ស៊ីវិល​នេះ គឺជា​វិធីសាស្រ្ត ឬ​សិល្បៈ​នៃ​ការ​រៀបចំ ប៉ុន្តែ មាន​ទិស​ដៅ​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ ថ្លែង​ដែរ​ថា សាលា​រាជធានី​ពី​ថ្ងៃ​ចន្ទ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នា​រសៀល​ថ្ងៃ ទី១០ ធ្នូ នៅ​សួនច្បារ​មាត់​ទន្លេ​មុខ CDC ក្រោម​ប្រធាន​បទ «រួម​គ្នា​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព»។

លោក​ស្រី​បន្ត​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ទិវា​នេះ​ដាច់​ដោយ​ឡែក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​ផ្សេង​ទៀត ដោយ​សារ​មិន​ចង់​ឲ្យ​ការ​លាប​ពណ៌​រឿង​គណបក្ស​និង​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​បាន​ចូល​រួម​គ្រប់​គ្នា​និង​គ្រប់​ទី​កន្លែង។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល សហជីព ព្រម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួន​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​ថា សាលា​រាជធានី​ភ្នំពេញ ក៏​នឹង​ប្រារព្ធ​ទិវា​នេះ​ដែរ ក្រោម​ប្រធាន​បទ «ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគមន៍​ក្រីក្រ» នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ដោយ​មាន​ការ​ប្រគំ​តន្ត្រី និង​ការ​តាំង​ពិព័រណ៍​ផលិត​ផល​របស់​សហគមន៍។

ចំណែក​អង្គការ​ជន​ពិការ​អន្តរជាតិ នឹង​ប្រារព្ធ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក៕


Contact author: ប៉ិច សុធារី


What Next?

Recent Articles