ដោយ សូត សុខប្រាថ្នា
2015-01-02
RFA
តំណាងពលរដ្ឋនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចោទប្រកាន់អធិការស្រុក ថាមានចេតនាមិនចង់ស៊ើបអង្កេតបញ្ហាបទល្មើសនេសាទ ដោយការជីកស្រះធំៗនៅក្នុងបឹងដោយខុសច្បាប់។ ប៉ុន្តែអធិការស្រុកបញ្ជាក់ថា ពួកគាត់បានចុះអង្កេតហើយ ប៉ុន្តែរង់ចាំប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅតុលាការ។
ការចោទប្រកាន់នេះ បន្ទាប់ពីប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែត្រូវតុលាការបញ្ជូនត្រឡប់ទៅឱ្យអធិការស្រុកក្រូចឆ្មារ ដើម្បីឱ្យសមត្ថកិច្ចចុះស្រាវជ្រាវជុំវិញបញ្ហានេះបន្ថែមទៀត។ អស់រយៈពេលជាច្រើនខែ ពលរដ្ឋមិនបានទទួលដំណឹងអ្វីសោះឡើយពីសមត្ថកិច្ចស្រុក។ ពួកគាត់យល់ថា អាជ្ញាធរស្រុកមានចេតនាចង់បិទសំណុំរឿងមួយនេះតែម្តង។
តំណាងពលរដ្ឋនៅឃុំទួលស្នួល លោក ជួន សំណាង មានប្រសាសន៍ថា ពលរដ្ឋបារម្ភខណៈដែលរដូវនេសាទនៅក្នុងបឹងជិតមកដល់ ចំណែកម្ចាស់ស្រះដែលជីកដីបឹងសំបុកសត្វ ធ្វើជាកម្មសិទ្ធិ នៅតែអះអាងថា គ្មានសមត្ថកិច្ចណាហ៊ានចាត់វិធានការចំពោះពួកគេទេ ហើយចេះតែកាប់សម្រាស់ដាក់ក្នុងស្រះខ្លួនរហូត៖ «ជិតដល់រដូវនេសាទហើយ! គាត់បារម្ភណាស់ ថាពួកគាត់ចាប់ផ្ដើមនេសាទចុះរកក្នុងបឹងហ្នឹងវាអត់បាន វាបានតិចតួច និងរត់ចូលទៅក្នុងស្រះហ្នឹងអស់ហ្មង!»។
ពលរដ្ឋស្នើអាជ្ញាធរចុះចាត់វិធានការលើបញ្ហានេះ ជៀសវាងអូសបន្លាយតទៅទៀត ពីព្រោះធ្វើឱ្យពួកគាត់នៅមិនស្ងប់ចិត្ត ដោយសារផ្ទៃបឹងស្ទើរតែទាំងអស់ សុទ្ធតែជាស្រះរបស់ពលរដ្ឋដែលមានលុយទៅហើយ។
ផ្ទុយពីអ្វីដែលតំណាងពលរដ្ឋលើកឡើង អធិការនគរបាលស្រុកក្រូចឆ្មារ លោក សាំ ហេង មានប្រសាសន៍ថា សមត្ថកិច្ចមិនបានគេចវេសនោះទេ ប៉ុន្តែលោកថា ពាក្យបណ្ដឹងដែលតុលាការបញ្ជូនឱ្យខាងលោកនោះ គឺស្របពេលរដូវទឹកឡើង ទើបសមត្ថកិច្ចមិនអាចចុះស៊ើបអង្កេតបាន។ លោកបន្តថា អាជ្ញាធរបានចុះអង្កេតខ្លះហើយ ប៉ុន្តែនៅខ្វះភស្តុតាងមួយចំនួនទៀតទាក់ទងនឹងស្រះនៅក្នុងបឹងនោះ ដោយរង់ចាំទឹកស្រក់ដាច់បន្តិច៖ «ភស្តុតាងគាត់ប្ដឹងពីគេជីកដីបឹង ហើយបើយើងអត់បានថតពីដីបឹងថាវាមានជម្រៅប៉ុន្មានៗអីប៉ុន្មានផង យើងបញ្ជូនទៅវាអត់ប្រយោជន៍ទេ»។
លោកបន្ថែមថា បានភស្តុតាងគ្រប់គ្រាន់ ខាងលោកនឹងបញ្ជូនសំណុំរឿងនេះត្រឡប់ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី។ លោកបញ្ជាក់ថា ស្រះនៅក្នុងបឹងដែលពលរដ្ឋជីកនោះ គឺមិនអាចក្លាយជាសម្បត្តិឯកជនបានទេ។ យ៉ាងណា ពាក្យបណ្ដឹងរបស់តំណាងពលរដ្ឋ ៤១៧នាក់ ក្នុងឃុំទួលស្នួល បានដាក់ទៅតុលាការកាលពីខែកក្កដា ឆ្នាំ២០១៤ គឺប្ដឹងប្រធានសហគមន៍ការពារបឹងសំបុកសត្វ គឺលោក ទូច អ៊ាវឆែ និងលោក ចាន់ ជួន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ពោល គឺពួកគេបាននាំគ្រឿងចក្រទៅជីកដីបឹងសាធារណៈ មកធ្វើជាសម្បត្តិឯកជនចំនួន ១១ស្រះ ដោយក្នុងស្រះមួយមានជម្រៅ ៥ម៉ែត្រ ទទឹង ១០ម៉ែត្រ និងបណ្ដោយ ១០០ម៉ែត្រ កាលពីខែមិថុនា ឆ្នាំ២០១៤។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ការលើកឡើងរបស់អាជ្ញាធរនោះ គឺគ្រាន់តែជាហេតុផលមួយ ដើម្បីគេចចេញពីការទទួលខុសត្រូវប៉ុណ្ណោះ៖ «ការដែលគាត់ថាប្ដឹងស៊ើបហើយម្តងប្រមូលឯកសារអីហ្នឹង វាគ្រាន់តែជាលេសមួយដើម្បីសម្រាលស្ថានការណ៍ប៉ុណ្ណោះទេ»។
លោកបន្តថា ករណីនេះប្រសិនតុលាការមានឆន្ទៈ គឺអាចដាស់តឿនចំពោះអាជ្ញាធរឱ្យពន្លឿនការងាររបស់ខ្លួន ជាជាងធ្វើឱ្យរឿងនេះអូសបន្លាយតទៅទៀត ពីព្រោះផលប៉ះពាល់នឹងត្រូវធ្លាក់លើពលរដ្ឋដែលធ្លាប់អាស្រ័យផលក្នុងបឹងសំបុកសត្វ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជីវករនិងពលរដ្ឋត្អូញត្អែរពីទិន្នផលត្រីប្រហុកថយចុះនិងមានតម្លៃថ្លៃនៅកំពង់ឆ្នាំង
- ពលរដ្ឋនៅក្រចេះរិះគន់អាជ្ញាធរថាបានត្រឹមតែសន្យាដោះស្រាយចំពោះបញ្ហាធំៗ
- ពលរដ្ឋនៅកំពង់ឆ្នាំងអះអាងថាបទល្មើសនេសាទឆក់និងដាក់លូស្បៃមុងកើនឡើង
- មន្ត្រីជាន់ខ្ពស់ជលផលអះអាងថាទិន្នផលត្រីប្រហុកឆ្នាំនេះអាចថយចុះ
- ពលរដ្ឋនៅតាកែវអះអាងថាទូកវៀតណាម៨គ្រឿងចូលឆក់ត្រីក្នុងទឹកដីខ្មែរ
- សហគមន៍នេសាទត្រើយកោះខេត្តកំពតប្រឈមនឹងបញ្ហាខ្វះស្បៀង
- យុវជនប្រមាណ២០០នាក់នៅកំពង់ចាមជិះកង់ឃោសនាពីវិធីការពារធនធានជលផល
- ពលរដ្ឋចោទអាជ្ញាធរស្រុកកោះធំថានៅពីក្រោយបទល្មើសនេសាទស្បៃមុងក្រឡាញឹក
- តំណាងរាស្ត្រមណ្ឌលព្រៃវែងប្រជុំជាមួយអភិបាលខេត្តរកដំណោះស្រាយជូនពលរដ្ឋ