ដោយ៖ ទូច សុខា
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបនាពេលកន្លងមក
អគ្គស្នងការនគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សស្លាប់ជាង២០០០នាក់ កើនលើសឆ្នាំ២០១៣ជាង២០០នាក់ ដែលត្រូវជា១៣ភាគរយ ដោយអ្នកជំនាញខាងចរាចរណ៍អះអាងថា មកពីអ្នកបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍ និងបើកបរដោយមានជាតិស្រវឹង ។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថាក្នុង ឆ្នាំ២០១៤កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៨៤០លើក លើសឆ្នាំ២០១៣ ចំនូន៥១៨លើក ដែលក្នុងនោះបង្កឲ្យមានអ្នកស្លាប់ ២១៤៨នាក់ លើសពីឆ្នាំ២០១៣ ចំនួន២៤៧នាក់ ដែលក្នុងនោះមានជនបរទេសចំនួន២២នាក់ផងដែរ ។
ក្នុងរបាយការណ៍ដដែលឲ្យដឹងទៀតថា អ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ មាន៨០៥៧នាក់ លើសឆ្នាំ២០១៣ ចំនួន២៤៧នាក់ ក្នុងនោះមានជនបរទេស១៥៤នាក់ ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤នេះដែរ បានបង្កឲ្យយានយន្តខូចខាតចំនួន ៧៩៧០គ្រឿង កើនលើសឆ្នាំ២០១៣ ចំនួន៩៤៨គ្រឿង ។
នៅរសៀលថ្ងៃនេះ VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោក លោក ហ៊ឹម យ៉ាន់ បាននៅឡើយទេ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ ។
ទាក់ទិននឹងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកឯកទេសផ្នែកសុវត្ថិភាពចរាចរណ៍ លោក អៀ ចរិយា មានប្រសាសន៍ថាការកើនឡើងចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងពីការមិនគោរពច្បាប់ចរាចរណ៍ ដូចជាអ្នកបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍ និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាដើម ។
លោក អៀ ចរិយា បន្ថែមថា ការរិតបណ្តឹងច្បាប់ និងការបង្កើនការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ចរាចរណ៍អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះបាន ។ លោកនិយាយថា«គឺយើងត្រូវធ្វើការអប់រំផ្សព្វផ្យាយឲ្យបានទូលាយ ជាពិសេសទៅតាមបណ្តាខេត្តផ្សេងៗឲ្យគាត់យល់ពីច្បាប់ចរាចរណ៍ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ អីនេះ ដោយយើងឃើញថាចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាបនៅឡើយ»។
កាលពីពេលថ្មីៗ រដ្ឋសភាជាតិបានអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ហើយច្បាប់ដែលមាន១២ជំពូក និង ៩២មាត្រានេះត្រូវបានព្រឹទ្ធសភាអនុម័តក្នុងសប្ដាហ៍នេះ ។ ច្បាប់ថ្មីនេះមានចំណុចមួយចំនួន ដែលតម្រូវឲ្យអ្នកធ្វើដំណើរត្រូវតែគោរពនោះគឺទោចក្រយានយន្តអាច ផ្ទុកមនុស្សធំបានតែពីរនាក់ ប៉ុន្តែអាចបន្ថែមកុមារបានម្នាក់ ហើយតម្រូវឲ្យអ្នកដំណើរ និងកុមារចាប់ពីអាយុ៣ឆ្នាំ ត្រូវពាក់មួកសុវត្ថិភាព ។ ច្បាប់ថ្មីនេះក៏បង្កើនការផាកពិន័យចំពោះអ្នកបើកបរ ស្ថិតក្នុងភាពស្រវឹងចាប់ពី ៨០០ ០០០រៀល ទៅ ៤ ០០០ ០០០រៀលផងដែរ ៕
សូមសរសេរមកលោក ទូច សុខា តាមរយៈ sokha@vodhotnews.com