ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋ៧៥គ្រួសារ នៅស្រុកស្វាយលើ ខេត្ដសៀមរាប ស្វែងរកអន្ដរាគមន៍ពីតំណាងរាស្ដ្រ និងអភិបាលខេត្ដនេះឲ្យជួយទប់ស្កាត់ គម្រោងលើកទំនប់ទឹកកាត់ទទឹងអូរ ដើម្បីធ្វើអាងទឹកសម្រាប់ផ្គត់ផ្គង់ដល់កងទ័ព ដែលពួកគេអះអាងថា អាចបណ្ដាលឲ្យទឹកលិចលំនៅដ្ឋាន និងដំណាំពួកគាត់ដែលនៅពីខាងលើ ។
យោងតាមពាក្យបណ្ដឹងដាក់ជូនតំណាងរាស្ដ្រ និងអភិបាលខេត្ដចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤កន្លងមក មានមន្ដ្រីយោធានៅយោធភូមិភាគទី៤ ឈ្មោះ ទេព រួន និងឈ្មោះ ហឺយ បានហៅពលរដ្ឋប្រជុំដោយប្រាប់ថា នឹងយកគ្រឿងចក្រធ្វើទំនប់កាត់ទទឹងអូរ ដើម្បីស្ដុកទឹកទុកផ្គត់ផ្គង់កងទ័ព ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៥នេះ ។ លិខិតបន្ដថាការសង់ទំនប់កាត់អូរនេះ អាចធ្វើឲ្យទឹកជនលិចផ្ទះសម្បែង ភូមិឋាន និងដំណាំពលរដ្ឋ៧៥គ្រូសារ ដែលកំពុងអាស្រ័យផលនៅពីខាងលើ ដោយពួកគេទាមទារឲ្យស្ថាប័នពាក់ព័ន្ធ ជួយបញ្ឈប់គម្រោងនោះជាបន្ទាន់ ។
តំណាងពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ លោក ធៀម យូ បន្ថែមថាទំនប់ទឹកនោះអាចស្ដុកទឹកទុកឲ្យបានចំនួន១លានម៉ែត្រគូប ទើបអាចបង្ហៀរទឹកចេញ ។ លោកត្អូញត្អែរថា ពួកគាត់នឹងបាត់បង់ទីជម្រក បើសិនមិនមានការជួយដោះស្រាយពីអាជ្ញាធរទេនោះ ។ លោកថា «[ទំនប់ស្តុបទឹក]១លានម៉ែត្រគូបនេះ លិចលង់ដល់ប្រជាពលរដ្ឋ៧៥គ្រួសារ ដែលរស់នៅដោយដីអាស្រ័យផល ប៉ះពាល់ដល់ដំណាំដូចជា ខ្នុរ ស្វាយ ចេក អំពៅ ផ្ទះសម្បែងដីលំនៅដ្ឋាន ។ ចង់ទាមទារឲ្យគេជួយដំណោះស្រាយឲ្យ បើធ្វើថ្នល់ចំឲ ឲ្យធ្វើជាស្ពានដាក់ជាលូឲ្យប្រជាជនគ្នាបានរស់នៅបានស្រួលផង ព្រោះសុទ្ធតែអ្នកក្រីក្រ» ។
VOD មិនអាចទាក់ទងមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្ដមសេនីយ៍ ជា ម៉ន និងនាយទាហានពីររូបនោះ ដើម្បីបកស្រាយពីបញ្ហានេះបានទេ ។ ប៉ុន្ដែអភិបាលស្រុកស្វាយលើ លោក ស៊ិក ប៊ុនស៊ិន មានប្រសាសន៍ថា គម្រោងសាងសង់ទំនប់ទឹកនោះ ស្ថិតនៅក្រៅតំបន់ពលរដ្ឋ៧៥គ្រួសាររស់នៅ ។ លោកថ្លែងថា «ខ្ញុំអត់ដឹងទេ មិនដឹងពេលណា ដឹងតែធ្វើ ប៉ុន្តែពេលណាខ្ញុំអត់ដឹង ។ ប៉ុន្តែយើងសិក្សាទៅ យើងគ្រាន់តែមើលក្នុងផែនទី វាប្រហែលជាមានការអន្តរគមន៍ពីខេត្ត ព្រោះវាស្ថិតនៅក្រៅតំបន់កងទ័ពស្នើសុំ» ។
អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង VOD មិនអាចទាក់ទងបានទេ ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀមរាប លោក ច័ន្ទ ចំរើន មានប្រសាសន៍ថា លោកនឹងធ្វើការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបន្ដឹងនេះ ។ លោកបន្ថែម បើសិនការអភិវឌ្ឍ មានការប៉ះពាល់ដល់ពលរដ្ឋ អាជ្ញាធរគួរផ្តល់សំណងដល់ពលរដ្ឋឲ្យសមស្របតាមតម្លៃទីផ្សារ ។ លោកបញ្ជាក់ថា «អាហ្នឹងវាអាចប៉ះពាល់ដល់ការរស់នៅ ការរកស៊ីរបស់គាត់ ។ ការសង់ហ្នឹងវាចំណេញឬខាត ប្រសិនជាទំហំដល់ប៉ះពាល់ច្រើនគួរផ្អាកឬបង្វែរទៅកន្លែងណាវិញ» ។
បើតាមពាក្យបណ្ដឹងមានពលរដ្ឋ៧៥គ្រួសារ នៅភូមិសែនជ័យ ក្នុងឃុំកន្ទួត ស្រុកស្វាយលើនោះ ពួកគាត់រស់នៅតាំងពីឆ្នាំ២០០២មកម្លេះ ហើយមានដំណាំកសិកម្មច្រើនប្រភេទផងដែរ ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com