​រដ្ឋសភា​ជំរុញ​អភិបាលខេត្ដ​សៀមរាប​បញ្ឈប់​ការចាក់​សំរាម​​ក្បែរ​ផ្ទះ​អ្នកភូមិ​នៅ​ស្រុក​ប្រាសាទបាគង​​

ដោយ៖​ បូ សាវី​
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

ទីលាន​ចាក់​សំរាម​នៅ​ក្នុង​ឃុំត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប (រូបភាព៖ បូ សាវី)

​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ជំរុញ​ឲ្យ​អភិបាល​ខេត្ដសៀមរាប បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​សំរាម​របស់​ក្រុមហ៊ុនហ្គា​អីយ៉ា ដែល​ដឹក​សំរាម​ទៅ​ចាក់ចោល​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ដែល​ពលរដ្ឋ​អះអាង​ថា​បណ្ដាល​ឲ្យ​ជះ​ក្លិនស្អុយ បះ​ពាល់​ដល់​សុខភាព​ពួកគាត់ ។​

​ការអន្ដរាគមន៍​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន​៤៣២​គ្រួសារ  បង្ហាញ​ស្នាម​មេដៃ​ឲ្យ​តំណាងរាស្ដ្រ និង​អភិបាលខេត្ដ សំណូរពរ​ឲ្យ​ប្ដូរ​ទីតាំង​ចាក់​សំរាម​នៅ​ក្បែរ​ទីលំនៅ​ពួកគាត់ ដោយ​អះអាង​ថា សំរាម​ទាំងនោះ​ជះក្លិន​ស្អុយ​ប៉ះពាល់​សុខភាព​អ្នកភូមិ​ធ្ងន់ធ្ងរ និង​បាត់បង់​ជីវិត​ជា​បន្ដបន្ទាប់ មិនតែប៉ុណ្ណោះ បាន​ប៉ះពាល់​ដល់​ជីវិត​សត្វ​និង​ដំណាំ​ស្រូវ​ផងដែរ ។​

​លិខិត​អន្ដរាគមន៍ ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ របស់​ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ទទួលបន្ទុក​សុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា កា​ងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី លោកស្រី កែ សុវណ្ណ​រតន៍ ផ្ញើ​ជូន​អភិបាលខេត្ដ​សៀមរាប តាមរយៈ​ប្រធានរដ្ឋសភា លោក ហេង សំរិន  ឲ្យដឹងថា គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ស្នើ​ឲ្យ​អភិបាល​ខេត្ដសៀមរាប លោក ឃឹម ប៊ុន​សុង ជួយ​អន្ដរាគមន៍ បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​សំរាម​របស់​ក្រុមហ៊ុនហ្គា​អ៊ី​យ៉ា ទៅ​ចាក់ចោល​នៅក្បែ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​អន្លង់​ពីរ និង​ភូមិ​ភ្នំ​ដី ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ។ លិខិត​បន្ដថា ទីលាន​ចាក់សំរាម​ដែល​ក្រុមហ៊ុន​យកមក​ចាក់​នោះ បាន​ជះក្លិន​ស្អុយ​មកលើ​អ្នកភូមិ ធ្វើឲ្យប៉ះពាល់​ដល់​ទិន្នផល​ស្រែចំការ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឈឺ​ជាំ​ប្រចាំ ។​

​ទាក់ទង​ករណីនេះ អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង មានប្រសាសន៍ថា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ លោក​បាន​ចាត់តាំង​មន្ដ្រី​ជំនាញ និង​គណៈកម្មការ​ចុះ​ត្រូវ​ពិនិត្យ និង​បាន​រៀបចំ​កន្លែង​ឡើងវិញ ដោយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ជីករណ្ដៅ​លុប​គំនរ​កាកសំណល់​ទាំងនោះ ដើម្បី​បំបាត់​ក្លិនស្អុយ​រួចរាល់​ហើយ ។​

​អ្នកភូមិ​បាន​អះអាងថា ក្រុមហ៊ុនហ្គា​អ៊ី​យ៉ានោះ បាន​ចាក់សំរាម​នៅក្បែរ​ភូមិ​របស់​ពួកគាត់ រយៈពេល​ប្រហែល ១៥​ឆ្នាំ​មកហើយ ។ ក្នុង​រយៈពេល​នេះ មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​សួត​ជា​បន្តបន្ទាប់ ហើយ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ទាំង​ក្មេង​ទាំង​ចាស់​ក៏​អស់​ច្រើន​ណាស់​ដែរ ៕

​សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

What Next?

Recent Articles