ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
នៅសប្តាហ៍នេះ ព័ត៌មាននៃវិវាទផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិបានកក្រើកលើទំព័រសារព័ត៌មានជាច្រើន ហើយអ្នកវិភាគដែលគាំទ្ររដ្ឋាភិបាលបានវិភាគ និងបញ្ចេញបញ្ចូលទស្សនៈរបស់ពួកគេ និងយករឿងអបិយជំនឿមកធ្វើជាសំអាងសំខាន់ ដើម្បីព្យាករពីវាសនាបក្សប្រឆាំងធំនេះ ។
ការសែតខ្លះបានយកការទស្សន៍ទាយរបស់ហោរាថៃ ដែលថានៅដើមឆ្នាំ២០១៥នេះ គណបក្សសង្គ្រោះជាតិនឹងជួបគ្រោះធំ ។ ការព្យាករពីវាសនាបក្សប្រឆាំងដែលកើតចេញពីសម្ព័ន្ធភាពគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនេះ កើតឡើងបន្ទាប់ពីមន្ត្រីម្នាក់នៃគណបក្សសង្គ្រោះជាតិ បានចោទមេដឹកនាំរបស់ខ្លួនថា ពុករលួយទឹកប្រាក់ពី២០ទៅ៤០លានដុល្លារ ។ ទឹកប្រាក់ដ៏ច្រើននេះត្រូវបានលោកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សនេះចោទថាលោក សម រង្ស៊ី ទទួលបានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យបក្សប្រឆាំងព្រមចូលសភា ។
ប៉ុន្តែមកដល់ពេលនេះទាំងលោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន នៅមិនទាន់មានប្រតិកម្មនៅឡើយទេ ។ តើការចោទប្រកាន់នេះ ជារឿងសមហេតុផល ឬគ្រាន់តែជារឿងប្រឌិតរបស់ក្រុមណាមួយដើម្បីបំបែកបក្សប្រឆាំង? ក្រុមអ្នកវិភាគបានលើកហេតុផលមួយចំនួនដើម្បីស្រាយចម្ងល់នេះ ។
លោក អ៊ូ វីរៈ ដែលពេលនេះលោកអះអាងថា ជាអ្នកវិភាគឯករាជ្យ ព្រោះទើបបញ្ចប់តួនាទីពីប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា អ្វីដែលលោកស្រី ឡាក់ សុភាព ចោទប្រកាន់ថា មានអំពើពុករលួយក្នុងបក្សប្រឆាំងនោះគ្មានភស្តុតាង និងមិនគួរឲ្យជឿនោះទេ ហើយការចោទប្រកាន់បែបនេះប្រឈមនឹងការប្តឹងបកវិញពីបទបរិហារកេរ្តិ៍ ។ លោកថា «ព្រោះវាមិនមានមូលដ្ឋានអ្វីសោះ គាត់និយាយម្តង [លោក]កឹម សុខា និយាយប្រាប់គាត់ ម្តងគាត់ថាតៃកុងឡាន[លោក]សម រង្ស៊ី ម្តងគាត់និយាយថាគាត់ជាអ្នកនិយាយប្រាប់ កឹម សុខា [រួចលោក]កឹម សុខា និយាយប្រាប់វិញម៉េច គាត់និយាយត្រឡប់ត្រឡិនអ៊ីចឹងគណបក្សសង្គ្រោះជាតិ កុំឆ្លើយល្អជាង ។ បើខ្ញុំ ខ្ញុំអត់ឆ្លើយទេ» ។
ការចោទថាមេដឹកនាំគណបក្សសង្គ្រោះជាតិទទួលបានលាភសក្ការៈពីគណបក្សកាន់អំណាច ដើម្បីបញ្ចប់ បាតុកម្មទម្លាក់លោក ហ៊ុន សែន នោះបានកើតឡើងតាំងពីគណបក្សសង្គ្រោះជាតិព្រមចូលសភាមកម្ល៉េះ ខណៈលោក សម រង្ស៊ី វិលពីក្រៅប្រទេសភ្លាម ក៏នាំតំណាងរាស្ត្រចូលសភាភ្លាម ក្រោយពីចរចាស្ងាត់ៗជាមួយលោក ហ៊ុន សែន ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចហើយថា លោក សម រង្ស៊ី មិនបានទួលសំណូកពីលោក២០លានដុល្លារ ដើម្បីចូលសភានោះទេ ។ លោកថែមទាំងអះអាងទៀត ការបញ្ចេញព័ត៌មាននេះគឺចេញពីគណបក្សប្រឆាំង ។
យ៉ាងនេះក្តី ក្រុមអ្នកលេងហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបញ្ចេញញត្តិមួយ ដែលមានស្នាមមេដៃមនុស្សមួយចំនួន អះអាងថា ជាអ្នកគាំទ្របក្សសង្គ្រោះជាតិ ហើយជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីដែលលោកស្រី ឡាក់ សុភាព ចោទថាមេដឹកនាំគណបក្សប្រឆាំងពុករលួយទឹកប្រាក់២០ទៅ៤០លានដុល្លារនោះ ។
អត្ថបទទាក់ទង
ករណីនេះលោក អ៊ូ វីរៈ យល់ថា បើលោក ហ៊ុន សែន មានលុយសូកគណបក្សប្រឆាំងមែននោះ តើលុយដ៏ច្រើននោះបានមកពីណា? លោកបន្ថែមថា «ដូចខ្ញុំនិយាយថាអ៊ីចឹង បើគណបក្សប្រជាជនគាត់យល់ព្រមធ្វើដូចពេលបច្ចុប្បន្ននេះអ៊ីចឹង បានន័យថា គណបក្សប្រជាជនពុករលួយ កិបកេងប្រជាពលរដ្ឋឈឺចាប់យ៉ាងម៉េចទៅបាន៤០លាន[ដុល្លារ]ទៅសូកគេ ត្រូវដឹងទង្វើពុករលួយបានមកពីអី បានមាន៤០លានយកឲ្យគេ ។ យើងមើលឃើញផលប្រយោជន៍ដូចតែគ្នាហ្នឹង រឿងពាក្យចរាមអារ៉ាមស្រុកខ្មែរ ជាទម្លាប់អ្នកទាំងគ្នា អ្នកធ្វើនយោបាយខ្លះ ប្រជាពលរដ្ឋខ្មែរក៏មានទម្លាប់អ៊ីចឹងដែរ ខ្មែរយើងជឿពាក្យចចាមអារ៉ាមជាងអ្វី» ។
អ្នកច្បាប់បកស្រាយថា ប្រសិនបើលុយនេះ បានមកពីអ្នកគាំទ្របក្សបង់វិភាគទានឲ្យបក្សប្រឆាំងនោះ ច្បាប់ប្រឆាំងអំពើពុករលួយមិនមានដែនយុត្តាធិការ ឬដែនសមត្ថកិច្ចចាត់ការរឿងនេះទេ ។ ប៉ុន្តែបើលុយនោះបានមកពីការសូករបស់អ្នកមានអំណាចណាម្នាក់នោះ តាមច្បាប់ទាំងអ្នកសូក និងអ្នកទទួលសំណូកត្រូវមានទោសដូចគ្នា ។ ផ្អែកតាមហេតុផលនេះ ក្រុមអ្នកវិភាគមិនមានជំនឿលើការចោទប្រកាន់ថាមានអំពើពុករលួយទឹកប្រាក់ដ៏ច្រើនបែបនេះទេ ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយយល់ថា អ្វីដែលគណបក្សសង្គ្រោះជាតិបណ្តេញសមាជិកបក្សលឿនពេកនេះ កំពុងតែធ្លាក់ចូលគន្លងគណបក្សប្រជាជនកម្ពុជា ដែលកំពុងរកវិធីឲ្យបក្សប្រឆាំងចុះខ្សោយ ។ លោកថា «គណបក្សសង្គ្រោះជាតិកំពុងដើរចូល Line (គន្លង)របស់គណបក្សប្រជាជន ។ ទី១ ប្រការមួយនិយាយមិនចេះខុស ប្រការ២បើប្រការពីរបើមានខុស ឲ្យមើលប្រការមួយ ឲ្យតែប៉ះពាល់មេ អ្នកហ្នឹងសុទ្ធតែជាសត្រូវ ។ តាមពិតគណបក្សសង្គ្រោះជាតិ មានយុទ្ធសាស្ត្រច្រើន ទោះបីជាមានការបរិហារនៅក្នុងផ្ទៃបក្សក៏ដោយ គណបក្សសង្គ្រោះជាតិ មិនត្រូវភាពលឿនដេញចេញពីក្នុងបក្សទេ» ។
លោកស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គមយល់ថា ភាពរំជើបរំជួលផ្ទៃក្នុងគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺកើតចេញពីផ្ទៃក្នុងខ្លួនឯងមួយផ្នែក ប៉ុន្តែមានការជ្រៀតជ្រែកពីខាងក្រៅបន្ថែមទៀត ។ តែលោកស្រីគិតថា អ្វីដែលគេបង្កើតឡើងនោះ គ្រាន់តែដើម្បីបង្ខូចមុខមាត់បក្សប្រឆាំងនេះប៉ុណ្ណោះ ពោលមិនមានការពិតនោះទេ ។ លោកស្រីបញ្ជាក់ថា «គណបក្សដែលធំៗតែងតែមានបញ្ហាអ៊ីចឹងកើតឡើង កើតហើយក៏ស្ងាត់ទៅវិញៗ ដូចជាថាពុករលួយលក់ទីតាំង[គណបក្ស]ហ្វ៊ុនស៊ិនប៉ិច នៅចុងស្ពានជ្រោយចង្វា ហើយឥឡូវថ្ងៃនេះឮថា យាងសម្តេចក្រុមព្រះឡើងធ្វើជាព្រះប្រធានវិញ ម្ល៉ោះហើយរឿងអ៊ីចឹងៗ មានសុភាសិតខ្មែរគេនិយាយ ពាក្យច្រើនភូត ចាញ់អាត្មា» ។
ក្រុមអ្នកវិភាគនិយាយថា បញ្ហាវិវាទផ្ទៃក្នុងបក្សគឺមិនមែនមានតែបក្សប្រឆាំងនោះទេ តាមពិតបក្សកាន់អំណាចក៏ធ្លាប់កើតមានវិវាទដូចគ្នាដែរ ប៉ុន្តែសំខាន់គណបក្សនោះពូកែសម្របសម្រួល ហើយព្យាយាមលាក់បាំងរឿងអាស្រូវនេះបានយ៉ាងជិត ។ ចំណែកមន្ត្រីបក្សណាដែលបក្សឈប់ទុកចិត្តក៏គេមិនដកចេញត្រង់ៗដូចបក្សប្រឆាំងនោះដែរ គឺភាគច្រើនគេរុញកាន់កន្លែងណាមួយនៅក្នុងរដ្ឋាភិបាល ឬក្រសួងនានា សម្រាប់ស៊ីប្រាក់ខែរដ្ឋ តែមិនមានអំណាចរកចំណូលបន្ថែមពីប្រាក់ខែ ដូចអ្នកដែលបក្សទុកចិត្តនោះទេ ។
លោកស្រី ជា វណ្ណាត យល់ថា បក្សប្រឆាំងគួររៀនសូត្រពីគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុង។ លោកស្រីបន្ថែមថា «គណបក្សប្រជាជនយើងឮហើយថា ចេះតែបែកបាក់គ្នាៗ តាំងពីទសវត្សឆ្នាំ១៩៩០ ទសវត្សឆ្នាំ២០០០ ឮតែបែកបាក់គ្នាអ៊ីចឹង ប៉ុន្តែមិនបែកទៅណាសោះ ម្ល៉ោះហើយគណបក្សសង្គ្រោះជាតិគួរតែរៀនតាម គំរូរបស់គណបក្សប្រជាជនទៅ គឺថាចេះតែឮថាបែកបាក់ តែមិនបែកបាក់សោះ។ បានន័យថា ការសាមគ្គីភាពផ្ទៃក្នុងសំខាន់ណាស់ បែកបាក់មិនបែកបាក់នៅលើគតិបណ្ឌិតរបស់មេធំៗនៅក្នុងហ្នឹង» ។
លោក អ៊ូ វីរៈ និង លោកស្រី ជា វណ្ណាត យល់ថា ការដែលលោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើមិនដឹងមិនឮចំពោះការចោទប្រកាន់ថាពុករលួយនោះ ជាជម្រើសល្អ ដោយសារតែវាមិនមែនជារឿងពិត ។
ហេតុផលមួយទៀត ក្រុមអ្នកលេងហ្វេសប៊ុកគាំទ្រគណបក្សសង្គ្រោះជាតិវិញ បានហៅការបង្កើតរឿងនេះឡើងគឺជាល្បិចថ្មីមួយទៀតរបស់បក្សកាន់អំណាច ដើម្បីដាក់សម្ពាធឲ្យបក្សប្រឆាំងឈប់ទាមទារលក្ខខណ្ឌចាំបាច់មួយចំនួនទៀតដើម្បីឲ្យ គ.ជ.ប ឯករាជ្យ ។ ពួកគេលើកឡើងថា នៅពេលគណបក្សប្រឆាំងមិនឯកភាពលើការកំណត់សញ្ជាតិខ្មែរតែមួយរបស់សមាជិក គ.ជ.ប នោះ គណបក្សកាន់អំណាចបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក មាជ សុវណ្ណរ៉ា និងមនុស្សចំនួនទៀត ។ ឥឡូវនេះពួកគេយល់ថា សម្ពាធប៉ុណ្ណឹងមិនអាចធ្វើឲ្យបក្សប្រឆាំងឈប់ទាមទារទៀតនោះ ទើបគេបង្កើតរឿងថ្មីមួយទៀតគឺឲ្យមន្ត្រីបក្សប្រឆាំងចោទរឿងពុករលួយ ដើម្បីគំរាមចាត់ការមេដឹកនាំកំពូលបក្សនេះទៀត បើនៅតែបន្តខ្វែងគំនិតគ្នាលើរឿង គ.ជ.ប ។
អ្នកវិភាគខ្លះយល់ស្របដែរចំពោះការលើកឡើងនេះ ខណៈគម្រោងកិច្ចប្រជុំរបស់ក្រុមការងារកែទម្រង់ គ.ជ.ប របស់បក្សទាំងពីរត្រូវបានខកខានកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយមិនបានជូនដំណឹងជាមុន ហើយនៅពេលអ្នកសារព័ត៌មានសាកសួរទើបបកស្រាយថា ការខកខានប្រជុំនេះដោយសារមន្ត្រីបក្សកាន់អំណាចគិតថា ជិតដល់ចូលឆ្នាំសកលត្រូវការពេលសម្រាក ៕
សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

អ្នកស្រី ឡាក់ សុភាព គួរដាក់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់មួយរយៈសិន ដើម្បីឲ្យគេគិតថា គាត់មានសណ្តានចិត្តគោរពស្រឡាញ់ CNRP ។ ការតវ៉ាបែបគាត់ នឹងធ្វើឲ្យគេមើលឃើញថា មាន ចេតនាបង្កភាពអាម៉ាស់ថែមទៀតដល់បក្ស CNRP។
ក្នុងលោកមានតែគណបក្សកម្មុយនីស្តទេដែលមិនចេះបែកបាក់មិនចេះមានបញ្ហាអ្វីទាំងអស់…..
ព្រោះងាប់ជាប់គុកនិងបោះអោយក្រពើស៊ីអាណាហ៊ាន។
ដូចភ្នែកភ្លឺ បញ្ជាក់ គួរអ្នកស្រី ឡាក់ សុភាពរក្សារភាាពស្ងប់ស្ងៀមមួយរយៈ ទំរាំ មានការស្រាវជ្រាវជាបន្ត។
សាធារណជនបានដឹងឮហេីយ រង់ចាំមេីលតេីការពិត នឹងក្លាយបែបណាា??????។
លោក អ្នកជាវាគ្មិន ជាអ្នកវិភាគ កំពុងនាំគ្នាជជែក វែកញែក អត់ត្រូវ ឥតប្រយោជន៏។វាគ្មានកើត
រឿងអ្វីធំដុំនៅផ្ទៃក្នុងគណបក្សដែលនិយមប្លុកលទ្ធិប្រជាធិបតេយ្យតែមួយនោះឡើយ។ អ្នកជាប់
ពាក់ព័ន្ធនឹងកិច្ចការ ដូចការខំប្រឹងជជែកវែកញែកគ្មានអ្វីជាមូលដ្ឋានដូចខាងលើនេះត្រូវបានស្លាប់
អស់នៅក្នុងចំណោម ១លាន៧សែននាក់នៅក្នុងសម័យខ្មែរក្រហម ប៉ុលពត ជាយូរមកហើយ។
ឯពួកខ្មែរក្រហមណាមួយក៏ដោយ ដែលធ្លាប់ពាក់ព័ន្ធនឹងបទឧក្រឹដ្ឋដឹងច្បាស់អំពីរឿងនេះក៏ត្រូវ
កំពូលអ្នកធ្វើនយោបាយខ្មែរកាលជំនាន់ដើម តាមវាយប្រហារបកទៅក្រោយវិញ ស្លាប់អស់គ្មាន
សេសសល់។ គ្មានអ្វីជាភស្តុតាងទៀតទេ កុំខំនាំគ្នាជជែកឥតប្រយោជន៏អី សូមនាំគ្នាធ្វើការជួយ
ជាតិខ្មែរតាមទម្លាប់ជាធម្មតាវិញទៅជាការល្អប្រសើរជាង។សូមទុកឱកាសជូនដល់អ្នកដឹកនាំធ្វើ
នយោបាយបន្តបេសកកម្មបំរើជាតិខ្មែរ ដោយរួបរួមគ្នា សាមគ្គីខ្មែរជាធ្លុងមួយ។ ឈប់ឆ្ងល់ទៀត
ទៅ … ។
CNRP needs to raise money to build a new headquarter for the party. That old building looks more like a pig cage. Dress to impress to attract more people to support the party. The sign looks very unprofessional, look like they write on a cardboard. Around the building looks so ghetto, need to have larger space.
This move is hun sen’s tactic but it is not useful,
Every games he play definitely he will be lost, because Cambodia poeple need change