ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com
អ្នកមានជម្លោះដីធ្លីមួយក្រុមនៅសហគមន៍បុរីកីឡាជំរុញម្តងទៀតនៅថ្ងៃសុក្រនេះ ឲ្យសាលារាជធានីភ្នំពេញ និងរដ្ឋសភាពន្លឿនកិច្ចអន្តរាគមន៍ផ្តល់សំណងដល់ជនរងគ្រោះ ខណៈការបណ្តេញចេញ៣ឆ្នាំមកនេះគ្មានដំណោះស្រាយ ។
តំណាងអ្នកតវ៉ាអ្នកស្រី ជុំ ង៉ាន់ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ាមុខសាលារាជធានីភ្នំពេញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ នេះថាបីឆ្នាំមកនេះ ពួកគេជាង១០០គ្រួសារដែលត្រូវបានបណ្តេញចេញ បានបោះតង់រស់នៅលើគំនរសំរាមក្រោមកាំជណ្តើរ និងជាយរបងផ្ទះអ្នកដទៃ រស់នៅបណ្តោះអាសន្ន ដើម្បីចេញតវ៉ា រកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ដើម្បីរកយុត្តិធ៌មរឿងបណ្តេញចេញ ។
ស្ត្រីរូបនោះបន្តថា ៣ឆ្នាំមកនេះ ពួកគេបានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋសភាផង រាប់រយបណ្តឹង ប៉ុន្តែស្ថាប័នជាតិធំៗទាំងនោះ នៅតែមិនអាចជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ចេញមុខទទួលខុសត្រូវរឿងបណ្តេញចេញបាន «ខ្ញុំមើលទៅថាគេមានឯកសារដូចពួកខ្ញុំដែរ ហេតុអ្វីបានគេបានឡើងផ្ទះ ស្នាក់អាស្រ័យនៅបានស្រួល ហេតុអ្វីក៏ពួកខ្ញុំនៅវេទនា រស់នៅដូចសត្វធាតុ ដូចរាល់ថ្ងៃអ៊ីចឹង» ។
អ្នកតវ៉ាម្នាក់ទៀតអះអាងថា ការដែលស្ថាប័នរដ្ឋគ្មានឥទ្ធិពលជំរុញឲ្យក្រមហ៊ុនឯកជនមួយគោរពច្បាប់បាននេះ អាចមកពីមានអំពើពុករលួយ បក្សពួកនិយម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្តោយឲ្យអ្នកក្រីក្របន្តរងគ្រោះ ។ ស្ត្រីរូបនោះ ជំរុញឲ្យរដ្ឋាភិបាលពិនិត្យករណីនេះឡើងវិញ ដើម្បីធានាថា មនុស្សគ្រប់រូបមិនត្រូវរស់នៅក្រៅសំណាញ់ច្បាប់ «ព្រោះបីឆ្នាំមកហើយ ប្រជាជនបុរីកីឡាវេទនាណាស់ អ៊ីចឹងហើយមិនអាចទ្រាំរស់នៅតទៀតលើធុងសំរាមហ្នឹងបានទេ ។ អ៊ីចឹងហើយសុំឲ្យសម្តេចហ៊ុន សែន ឲ្យគាត់ស្រែកថា ជួយដោះស្រាយបុរីកីឡា និងប្រជាជនទូទាំងប្រទេស ឲ្យបានឆាប់ៗ» ។
តាមពាក្យបណ្តឹងដែលចែកឲ្យអ្នកសារព័ត៌នៅថ្ងៃសុក្រនេះ សរសេរថា កាលពីថ្ងៃទី៣ ខែកមករា ឆ្នាំ២០១២ អាជ្ញាធរសាលារាជធានីភ្នំពេញ កងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាល និងក្រុមហ៊ុនផានអ៊ីម៉ិច បានឈូសបំផ្លាញ និងកម្ទេចលំនៅឋាន ទ្រព្យសម្បត្តិ របស់ពលរដ្ឋរាប់រយគ្រូសារនៅសហគមន៍បូរីកីឡា និងបានជម្លៀសទាំងបង្ខំ ឲ្យទៅរស់នៅឆ្ងាយពីទីក្រុងរហូត៤០គីឡូម៉ែត្រ ដោយផ្តល់សំណងតិចតួច ។ ចំណែកពលរដ្ឋជាង១០០គ្រូសារដែលបានបណ្តេញចេញដែរនោះ មិនព្រមទទួលសំណងហើយចេញតវ៉ារហូតពេលនេះ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងថា សាលារាជធានីបានប្រឹងប្រែងរកដំណោះស្រាយករណីនេះ ដោយបង្កើតឲ្យមានវេទិការសាធារណៈ សហការជាមួយអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ និងបង្កើតឲ្យមានគណៈកម្មការដើម្បីដោះស្រាយជម្លោះ ។ ប៉ុន្តែលោកថា ជម្លោះនៅសហគមន៍បុរីកីឡានេះ ត្រូវការពេលសិក្សាបន្ថែមទៀត ទើបអាចឈានទៅរកការបញ្ចប់ជម្លោះបាន ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ យល់ថា ជម្លោះដែលអូសបន្លាយច្រើនឆ្នាំមកនេះ ដោយសារតែច្បាប់នៅកម្ពុជាមិនអាចដាក់ទោសអ្នកមានអំណាច និងមានប្រាក់បាន និងម្យ៉ាងវិញទៀតអាចមានមន្ត្រីរដ្ឋាភិបាលខ្លះនៅពីក្រោយជម្លោះនេះ ។ លោកបញ្ជាក់ថា «បើគាត់មិនវះកាត់ទេ សាច់ស្អុយនោះ មហារីកនោះគាត់តែធំៗ ហើយមុនហ្នឹងធ្វើអាហ្នឹងបាន ត្រូវក្រុមគ្រួសាររបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវគំរូគេសិន ហើយប្រសិនជាគាត់អនុវត្តខ្លាំងទៅ អាច[មន្ត្រីក្រោមឱវាទ]ខាងក្រោមនេះចង្អុលគាត់ថា គាត់ក៏ជាអ្នកដែលពុករលួយ វាធ្វើឲ្យបញ្ហានឹងមិនអាចឆន្ទៈពិតប្រាកដទេ» ។
យ៉ាងនេះក្តី ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡានេះ ប្រធានក្រុមហ៊ុនផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន បានចូលឆ្លើយបំភ្លឺ ក្នុងសភាកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤ ប៉ុន្តែមកដល់ពេលនេះ គណៈកម្មការទី១០នៃរដ្ឋសភា ដែលបានសាកសួរ មិនទាន់ប្រកាសថា អាចនឹងជំរុញឲ្យក្រុមហ៊ុនមួយនេះ ធ្វើអាគារចំនួន១០ជូនពលរដ្ឋតាមកិច្ចសន្យា ដើម្បីបញ្ចាប់ជម្លោះឬយ៉ាងណានៅឡើងទេ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com