Sat, 3 January 2015
មុំ គន្ធា and Shane Worrel
ភ្នំពេញប៉ុស្តិ៍
កាលពីឆ្នាំមុន ថ្ងៃនេះ កងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងស្វ័យប្រវតិ្តបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅក្នុងបាតុកម្មតវ៉ានៅលើផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ។
អំពើហិង្សាដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងការបង្ក្រាបទៅលើក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យនៅថ្ងៃបន្ទាប់គឺជាការវាយសំពងយ៉ាងធ្ងន់ទៅលើចលនាតវ៉ា ហើយរឿងរ៉ាវក្នុងព្រឹត្តិការណ៍នោះនៅតែត្រូវបានគេចងចាំ។
នៅពីរបីថ្ងៃ មុនដាច់ឆ្នាំ២០១៣ ចលនាតវ៉ាមួយបានធ្វើឲ្យមានយុវជនរាប់ពាន់នាក់ចូលរួមនៅទូទាំងប្រទេស។
កម្មករកាត់ដេរនិងសហជីព មិនគាំទ្ររដ្ឋាភិបាល ភ្លាមៗនោះបានសាមគ្គីគ្នា ដើម្បីទាមទារប្រាក់ឈ្នួលគោលអប្បបរមា ១៦០ ដុល្លារ ក្នុងមួយខែ។ នៅពេលរដ្ឋាភិបាលផ្តល់ឲ្យកម្មករតែ ៩៥ ដុល្លារ កាលពីចុងខែធ្នូ ឆ្នាំ២០១៣ កម្មករបានប្រមូលផ្តុំគ្នាតវ៉ាពេញផ្លូវ។ រោងចក្រនានាភ្លាមនោះ ត្រូវបានបញ្ជាឲ្យបិទទាំងអស់។ ក្នុងរយៈពេលតែពីរបីថ្ងៃ កម្មករបានធ្វើឲ្យឧស្សាហកម្ម ដែលទាញប្រាក់ចំណូលរាប់ពាន់លានដុល្លារនេះឈានដល់ភាពជាប់គាំង។
នាពេលជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិដែលកំពុងធ្វើពហិការមិនចូលសភា ក៏កំពុងធ្វើការតវ៉ាខ្លាំងក្លាដែរនៅតាមផ្លូវធំៗ ក្នុងរាជធានី និងបានប្រើប្រាស់ទីលានប្រជាធិបតេយ្យជាជំរំតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ខណៈជំរុញឲ្យបន្តសកម្មភាពតវ៉ា ពីមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រាប់កម្មករឲ្យប្រកាន់ជំហរទាមទារ ១៦០ដុល្លារ ហើយដោយសារមានការគាំទ្រពី «រលកយក្សដែលមិនអាចបញ្ឈប់បាន» សកម្មភាពតវ៉ាទាំងពីរក្រុមនេះបានឈានដល់ចំណុចប្រសព្វគ្នា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរំឭកថា៖ «កាលពេលនោះ ពួកគេកំពុងដឹកនាំការតវ៉ានិងបង្កើនការរំពឹងទុក។ គណបក្សសង្គ្រោះជាតិកំពុងតែចាប់យកឱកាសនោះ…ព្រោះវាជាព្យុះដ៏ឥតខ្ចោះមួយ»។
ប៉ុន្តែ នៅពីរបីថ្ងៃដំបូង ក្នុងដើមឆ្នាំ២០១៤ អ្វីៗត្រូវបានផ្លាស់ប្តូរទៅវិញ។ កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានអនុវត្តការបង្ក្រាបទៅលើកូដករនិងក្រុមអ្នកតវ៉ាដោយហិង្សា។
នៅថ្ងៃនេះ កាលពីឆ្នាំមុន កងកម្លាំងសន្តិសុខបានចូលព័ទ្ធផ្លូវវេងស្រេង ដែលជាផ្លូវសម្បូរដោយរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ ដោយបាញ់គ្រាប់ពិតទៅលើក្រុមអ្នកតវ៉ានិងអ្នកនៅជិតនោះ។ មនុស្សយ៉ាងហោច ៥នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានោះ។
នៅថ្ងៃបន្ទាប់នៅទីលានប្រជាធិបតេយ្យ កម្លាំងសន្តិសុខបានបណ្តេញក្រុមអ្នកតវ៉ា ដែលគាំទ្រគណបក្សប្រឆាំងចេញពីទីលានប្រជាធិបតេយ្យ ដោយវាយនិងចាប់ខ្លួនមនុស្សព្រមទាំងរុះរើឆាកនិងតង់ស្នាក់នៅរបស់ក្រុមអ្នកតវ៉ាមកពីតាមខេត្ត។
ការតវ៉ារបស់ក្រុមកម្មករកាត់ដេរនិងអ្នកគាំទ្រគណបក្សប្រឆាំង ត្រូវបានបង្ក្រាបឲ្យស្ងប់ស្ងាត់ទៅវិញ តែក្នុងរយៈពេល៤៨ ម៉ោងប៉ុណ្ណោះ។
លោក អ៊ូ វីរៈ បានថ្លែងថា៖ «រដ្ឋាភិបាលសម្រេចបាននូវអ្វីដែលខ្លួនចង់បាន។ រដ្ឋាភិបាលក៏បានបញ្ឈប់ការតវ៉ានិងបានដាក់សម្ពាធឲ្យគណបក្សប្រឆាំងត្រឡប់ទៅរកតុចរចាវិញ»។
ចាប់ពីពេលនោះមក ចលនាក្នុងឧស្សាហកម្មកាត់ដេរបានទទួលរងសម្ពាធជាបន្តបន្ទាប់យ៉ាងច្រើនទៀត។ ការហាមប្រាមមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈ បានធ្វើឡើងដោយសំអាងហេតុផលថា ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋ និងបរិយាកាសសង្គម ហើយនិងការវិនិយោគ…។
មេដឹកនាំសហជីពធំៗបានប្រឈមនឹងបទចោទប្រកាន់ ហើយសហជីពត្រូវប្រឈមនឹងបម្រាមមិនឲ្យចុះបញ្ជិកាផងដែរ។ សមាគមអាជីវកម្មបានធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ តាមកាសែតថា សិទ្ធិធ្វើកូដកម្មមិនមែនជាសិទ្ធិមូលដ្ឋានទេ។ មនុស្ស ២៣នាក់ រួមមានសកម្មជនសហជីព និងសកម្មជនសិទ្ធិមនុស្ស បានជាប់ពន្ធនាគាររយៈពេលជាច្រើនខែដោយសារបទចោទប្រកាន់ពាក់ព័ន្ធនឹងការតវ៉ាថ្ងៃទី២ ទី៣ ខែមករា ខណៈដែលអង្គការសិទ្ធិមនុស្សនានាធ្វើការរិះគន់ខ្លាំងក្លាចំពោះការដាក់ពន្ធនាគារនោះ។
ទន្ទឹមនឹងនោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញរបាយការណ៍ស្តីពីការធ្លាក់ចុះខ្លាំងនៃការនាំចេញ។
នៅពេលការតវ៉ារបស់កម្មករកាត់ដេរមានសភាពស្ងប់ស្ងាត់ជាងមុន ក្រុមសកម្មជនខ្មែរកម្ពុជាក្រោម និងសកម្មជនបឹងកក់ បានបន្តធ្វើបាតុកម្មជាញឹកញាប់នៅតាមដងផ្លូវ។
បើតាមតួលេខរបស់ក្រសួងការងារ ដែលចេញផ្សាយក្នុងសប្តាហ៍នេះ ចំនួនកូដកម្ម បានធ្លាក់ចុះពី ៤១៨ លើកក្នុងឆ្នាំ២០១៣ មកនៅត្រឹមតែ ២៧៦ លើកនៅក្នុងឆ្នាំ២០១៤។
ការលើកឡើងអំពីមូលហេតុមួយក្នុងចំណោមហេតុផលដទៃទៀត អំពីការដែលកម្មករធ្វើកូដកម្ម គឺការទាមទារដំឡើងប្រាក់ឈ្នួល។ កាលខែវិច្ឆិកា កម្មករត្រូវបានផ្តល់ឲ្យនូវប្រាក់ឈ្នួលគោល ១២៨ ដុល្លារ ដែលនេះគឺជាចំនួនកើនឡើងទ្វេដងនៃប្រាក់ឈ្នួលអប្បបរមាកាលពី ពីរ-បីឆ្នាំមុន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានថ្លែងថា៖ «បញ្ហារបស់យើងមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ រឿងតែមួយគត់ដែលបានផ្លាស់ប្តូរ គឺប្រាក់ឈ្នួលអប្បបរមា។ ប៉ុន្តែ កម្មករនៅតែមានការភ័យខ្លាចក្នុងការងារ»។
លោក Dave Welsh នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារ (ACILS) បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាលើកនេះ មិនឃើញរដ្ឋាភិបាលធ្វើការកែតម្រូវលើសំណងទូទាត់ចំពោះអំពើហិង្សាកាលឆ្នាំមុនៗទេ។
លោកថ្លែងថា៖ «វាជារឿងផ្ទុយច្បាប់។ មាននិទ្ទណ្ឌភាពទាំងស្រុង គ្មានការចាប់ខ្លួន គ្មានការស៊ើបអង្កេតនិងគ្មានការផ្តល់សំណងដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ ហើយមនុស្ស ២៣ នាក់ ត្រូវបានសម្រេចចោទប្រកាន់ឲ្យជាប់ទោស»។
ជាការពិត រដ្ឋាភិបាល បានព្យាយាមបំបិទសហជីពមិនឲ្យចរចា ហើយនៅទីបំផុតសម្រេចផ្តល់ឲ្យកម្មករតិចជាង «ប្រាក់ឈ្នួលអាចពួកគេរស់នៅបានសមរម្យ»។
លោកបន្តថា៖«យើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលកម្មករមិនអាចរស់លើប្រាក់ឈ្នួលអប្បបរមានេះ លុះត្រាតែធ្វើការងារថែមម៉ោងច្រើន»។
លោកថា ទន្ទឹមនេះផងដែរ «មេដឹកនាំសហជីពឯករាជ្យទាំងអស់នៅតែស្ថិតក្រោមបណ្តឹងស្ទើរគ្រប់ៗគ្នា នៅក្នុងតុលាការ»។
លោកបន្តថា៖ «ខ្ញុំគិតថា កម្មករមិនរីករាយទេ។ មានការរំពឹងខ្ពស់ឲ្យមានការដំឡើងប្រាក់ឈ្នួលច្រើនជាងនេះ ហើយយើងនឹងមើលឃើញផលវិបាកក្នុងបញ្ហានោះ»។
មួយឆ្នាំបន្ទាប់ពីកូនប្រុសរបស់គាត់ឈ្មោះ គឹម សុផាត ដែលកាលពេលនោះអាយុ ១៦ឆ្នាំ ត្រូវគេឃើញចុងក្រោយបំផុតមានរបួសត្រង់ទ្រូងនៅផ្លូវវេងស្រេង លោក គឹម សឿន អាយុ ៤១ឆ្នាំ ជាឪពុក រង់ចាំដោយសង្ឃឹមថា ថ្ងៃណាមួយ គាត់នឹងត្រឡប់មកផ្ទះវិញ។
លោកថា៖ «មួយឆ្នាំកន្លងទៅ ខ្ញុំមិនបានឮព័ត៌មានអ្វីសោះថា តើកូនប្រុសខ្ញុំនៅកន្លែងណា? ខ្ញុំនឹងមិនឈប់ស្វែងរកគាត់នោះទេ បើទោះជាពេលខ្លះ ខ្ញុំគិតថា គាត់ស្លាប់ហើយក៏ដោយ»។
សម្រាប់គ្រួសារលោក គឹម សឿន ជីវិតត្រូវតែបន្តទៅមុខ។ បងស្រីរបស់ សុផាត អាយុ២១ឆ្នាំ បន្តធ្វើការងារនៅរោងចក្រមួយនៅសួនកាណាឌីយ៉ា តាមផ្លូវវេងស្រេង ជាកន្លែងដែលសមត្ថកិច្ចប្រដាប់អាវុធបានបាញ់ប្រហារទៅលើប្អូនប្រុសនាងកាលពី ១២ ខែកន្លងទៅ។
លោក គឹម សឿន និយាយថា៖ «ជាញឹកញាប់ ខ្ញុំទូរស័ព្ទទៅនាងដើម្បីឲ្យប្រាកដថា នាងមិនអីនិងមិនឲ្យនាងចូលរួមការតវ៉ាណាមួយទៀតនោះទេ»។
អ្នករស់នៅតាមផ្លូវវេងស្រេង បានត្រឡប់មករកភាពធម្មតាវិញ សម្រាប់ពលករភាគច្រើន។ សំឡេងកម្មករអ៊ូអរ និងអាជីវករលក់ដូរម្ហូបអាហារ និងចរាចរណ៍ទៅមក គឺកកកុញដូចកាលពីមុនដែរ។
កម្មការិនីម្នាក់ ផន សុខលាភ បានប្រាប់ថា៖«វាមិនស្ងប់ស្ងាត់ទេ វាអ៊ូអរណាស់។ ប្តីខ្ញុំនិងខ្ញុំបានសម្រេចចិត្តរើចេញពីផ្ទះចាស់ នៅផ្លូវវេងស្រេង ដោយសារបញ្ហាសន្តិសុខ ប៉ុន្តែ ខ្ញុំនៅតែទៅធ្វើការនៅរោងចក្រជាធម្មតា»។
ទោះយ៉ាងណា ភាពខុសគ្នានៅតាមបណ្តោយផ្លូវវេងស្រេង គឺឥរិយាបថរបស់កម្មករមួយចំនួនចំពោះការតវ៉ាជាថ្មី។
កម្មករមួយចំនួនប្រាប់កម្ពុជាចុងសប្ដាហ៍ថា ពួកគេនឹងធ្វើកូដកម្មជាថ្មីម្តងទៀត ប្រសិនបើពួកគេ គិតថា នឹងជួយធ្វើឲ្យលក្ខខណ្ឌការងាររបស់ពួកគេបានប្រសើរឡើងជាងនេះ។
លោក សូ ណាង កម្មករកាត់ដេរនិងជាអ្នករត់តុ ដែលត្រូវបាញ់របួសនៅលើផ្លូវវេងស្រេង កាលឆ្នាំមុនបាននិយាយថា៖ «មនុស្សភាគច្រើនមិនខ្លាចទេ។ វាជារឿងកន្លងទៅយូរហើយ។ ខ្ញុំនឹងធ្វើការតវ៉ាម្តងទៀត ដើម្បីលក្ខខណ្ឌការងារកាន់តែប្រសើរ។ ប៉ុន្តែ ខ្ញុំនឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ លុះត្រាតែ ពួកគេតវ៉ាដើម្បីផលប្រយោជន៍ជាតិ មិនមែនសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជាប់ពន្ធនាគារជិត ៥ ខែបន្ទាប់ពីត្រូវបានចាប់ខ្លួន ក្នុងអំឡុងការតវ៉ាកាលពីឆ្នាំមុន។
លោកនិងសកម្មជនសហជីព ២២ នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធបទចោទប្រកាន់ដែលត្រូវបានអង្គការនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងថា ជារឿងនយោបាយ។ ពួកគេត្រូវបានដោះលែងដោយការព្យួរទោស កាលពីចុងខែឧសភា ឆ្នាំ២០១៤។
លោក វន់ ពៅ បន្តថា ក្នុងបទពិសោធដ៏អាក្រក់នោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាញឹកញាប់ បានទៅសួរសុខទុក្ខសកម្មជននៅក្នុងពន្ធនាគារ។
លោកថា៖ «លោក កឹម សុខា បានប្រារព្ធពិធីជប់លៀងមួយ នៅពេលពួកយើងត្រូវបានដោះលែង»។
ទោះយ៉ាងណាក្តី ជាច្រើនខែកន្លងមក លោក វន់ ពៅ មិនមានការទាក់ទងអ្វីជាមួយគណបក្សប្រឆាំងនោះទេ។
លោកថា៖ «ខ្ញុំមិនមានការគាំទ្រទៅលើគណបក្សសង្គ្រោះជាតិ ចាប់តាំងពីពេលនោះមក ហើយយើងក៏មិនមានមិត្តភាពនឹងគ្នាដែរ។ ខ្ញុំមិនអាចនិយាយថា តើខ្ញុំនឹងគាំទ្រគណបក្សសង្គ្រោះជាតិឬអត់ទេ? លុះត្រាតែខ្ញុំឃើញពួកគេធ្វើការដើម្បីអត្ថប្រយោជន៍សង្គមឬផ្ទាល់ខ្លួន»។
លោក អ៊ូ វីរៈ បានថ្លែងបន្តថា៖ «១២ខែ ចាប់តាំងពីការបាញ់នោះ បរិយាកាសនយោបាយមាន «ស្ថិរភាពចម្លែក»។ ការគាំទ្រលើសលប់ទៅលើគណបក្សប្រឆាំង ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនិងសហជីព មានលក្ខណៈធ្លាក់ចុះជាងពីមុន។
លោកបន្តថា៖ «អ្នកដែលគិតថា នឹងមានការតវ៉ាខ្លាំង ចាប់ផ្តើមមើលឃើញថា អ្វីៗខុសប្លែកនាពេលនេះ»។
តាមរយៈការចូលក្នុងសភា និងការបញ្ចប់ការតវ៉ារបស់គណបក្សប្រឆាំង កាលថ្ងៃទី២២ កក្កដា គណបក្សសង្គ្រោះជាតិបាន «ចេញផុតពីភាពហានក្លា» ហើយប្រឈមនឹងការធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធមួយដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
លោក អ៊ូ វីរៈ បានថ្លែងថា ការរិះគន់គណបក្សប្រឆាំងថា បានដើរទៅរកគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើការងារនេះ គឺថា «ឥឡូវនេះ ពួកគេកំពុងរងការវាយប្រហារ»។
ប៉ុន្តែលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំង ដែលត្រូវចាប់ខ្លួនកាលដើមឆ្នាំនេះដោយសាររឹងទទឹងនឹងការហាមប្រាមមិនឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យបានជឿថា ចលនាតវ៉ាក្នុងរយៈកាល ១៨ ខែកន្លងមក បានធ្វើឲ្យសកម្មជនយល់ដឹងពីលក្ខណៈច្បាប់ក្នុងប្រទេសកម្ពុជា។
លោកស្រីថា៖ «ខ្ញុំគិតថា វាបានធ្វើឲ្យប្រជាជនដឹងថា ពួកគេមានសិទ្ធិបញ្ចេញមតិនិងសេរីភាពនៃការប្រមូលផ្តុំ។ ឥឡូវនេះ ប្រជាជនមកពីមជ្ឈដ្ឋាននានាហ៊ានគាំទ្រសេរីភាពនេះ»។
លោកស្រី មូរ សុខហួរ បានថ្លែងថា មួយឆ្នាំចាប់តាំងពីការតវ៉ាដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ទំនាក់ទំនងរបស់គណបក្សសង្គ្រោះជាតិ ជាមួយនឹងចលនាសហជីពនៅតែដដែល។
លោកស្រីបន្តថា៖ «គំនិតយើងគឺដូចគ្នា គឺការប្រយុទ្ធដើម្បីសេរីភាព។ ប៉ុន្តែវាមិនមែនមានតែកម្មករកាត់ដេរទេ វាអាចនឹងមានយុវជនវ័យក្មេងជាច្រើន ដែលអាចសំខាន់ជាងនេះ។
លោកស្រីគិតថា៖«នៅមានយុវវ័យ… នៅកន្លែងណាក៏ដោយដែលមានយុវវ័យ យើងនឹងសម្លឹងមើលពួកគេ»។
ទំនាក់ទំនងរវាងចលនាក្នុងវិស័យកាត់ដេរនិងគណបក្សសង្គ្រោះជាតិ គឺគ្មានអ្វីសំខាន់ទេ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានចូលរួមតវ៉ាជាមួយគណបក្សប្រឆាំងក្នុងអំឡុងការជាប់គាំងនយោបាយខណៈលោក សម រង្ស៊ី ជួយបង្កើតសហជីពសេរីកម្មករក្នុងទសវត្សរ៍ឆ្នាំ៩០។
ប៉ុន្តែលោក Welsh ជឿថា កត្តាដទៃទៀតក៏នៅមានផងដែរ នៅពេលនិយាយអំពីរដ្ឋាភិបាលមានភាពលំបាកក្នុងការធ្វើឲ្យប្រជាជនវ័យក្មេងជឿជាក់លើខ្លួន ដូចជា ក្រុមកម្មករកាត់ដេរជាដើម៕ PS
Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?