ធនាគារ ANZ បំភ្លឺ​រឿង​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ វិនិយោគ​ស្ករ​អំពៅ

ដោយ រ៉ាន់ សំណាង
2015-01-02
RFA

តវ៉ា ធនាគារ អេ.អិន.ហ្សិត ៦២០
ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តវ៉ា​នៅ​ខាង​មុខ​ធនាគារ អេ.អិន.ហ្សិត (ANZ) នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ សីហា ២០១៤។ RFA/Uon Chhin

តំណាង​សហគមន៍​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ទទួល​លិខិត​ឆ្លើយ​តប​មួយ​ពី​ខាង​ធនាគារ អេ.អ៊ិន.ហ្ស៊ិត (ANZ) នៅ​រសៀល​ថ្ងៃ​ទី​២ មករា ពាក់ព័ន្ធ​នឹង​ការ​បំភ្លឺ​រឿង​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ធ្វើ​ការ​វិនិយោគ​ស្ករ​អំពៅ។

ក្នុង​លិខិត​នេះ នាយក​ផ្នែក​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព នៃ​ធនាគារ អេ.អ៊ិន.ហ្ស៊ិត លោក ប៊ែន វ៉កឃើរ (Ben Walker) សរសេរ​ថា ធនាគារ​របស់​លោក​មិន​បាន​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ទិញ​ដី​សម្បទាន ហើយ​ក៏​មិន​បាន​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​រឹប​អូស​ដី​ណា​មួយ​ដែរ។

លោក ប៊ែន វ៉កឃើរ បញ្ជាក់​ថា បញ្ហា​ដីធ្លី​ដែល​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទាំង​ពីរ​ស្រុក ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​តែ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) និង​រាជ​រដ្ឋាភិបាល​កម្ពុជា ប៉ុណ្ណោះ ដែល​អាច​ស្វែងរក​ដំណោះស្រាយ​បាន​តាម​រយៈ​វេទិកា​នៃ​គណៈកម្មាធិការ​អាដហុក (adhoc)។

បើ​ទោះ​បី​ជា​មាន​ការ​ឆ្លើយ​តប​យ៉ាង​នេះ​ក្តី តំណាង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​មក​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក ចាន់ សុឃឿន ថ្លែង​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ឆ្លើយ​តប​នេះ។ លោក រួម​ទាំង​ពលរដ្ឋ​ឯ​ទៀត​យល់​ថា ដោយសារ​តែ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​ធ្វើ​អោយ​ពួក​គាត់​បាត់​បង់​ដី​ស្រែ​ចម្ការ៖ «យើង​បាន​ទាមទារ​រយៈពេល បី​លើក​មក​ហើយ គាត់​ខ្លាច​យើង​មក​ទាមទារ គាត់​ក៏​ឆ្លើយ​តប​ជា​លិខិត​មួយ​មក»

អ្នក​តំណាង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ទាំង​ពីរ​ស្រុក​អះអាង​ថា ពលរដ្ឋ​នឹង​នាំ​គ្នា​មក​តវ៉ា​មុខ​ធនាគារ អេ.អ៊ិន.ហ្ស៊ិត ជា​ថ្មី​ទៀត លុះត្រា​តែ​ពួក​គាត់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ពី​ខាង​ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles