Sat, 3 January 2015
សុង គីមសួរ
ភ្នំពេញប៉ុស្តិ៍
ការផ្ទុះឡើងនៃរឿងរ៉ាវនៃការឆ្លងមេរោគអេដស៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលសរុបមានចំនួន១៩០នាក់ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ហាក់ដូចជាសញ្ញាដាស់តឿនមួយដល់ក្រសួងសុខាភិបាលដើម្បីពង្រឹង និងចាត់វិធានការលើបញ្ហាអវិជ្ជមានផ្សេងៗក្នុងក្រសួងមួយនេះ។
ថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញលិខិតមួយចុះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ ដោយធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការលុបបំបាត់សេវាសុខាភិបាល «ខុសច្បាប់»នៅទូទាំងប្រទេស។ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤ ក្រសួងសុខាភិបាល ក៏បានចេញនូវសេចក្តីប្រកាសមួយទៀតស្តីពីការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ។
ជារៀងរាល់ឆ្នាំរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីពង្រឹងវិស័យសុខាភិបាល។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់អស់ចំនួន ១៨៧ លានដុល្លារអាមេរិកដែលស្មើនឹង ២៤ ភាគរយ នៃថវិកាចំណាយសុខភាពជាតិ។
ភាគរយនេះគឺជាចំនួនខ្ពស់បំផុតបើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០១០ ដែលមានចំនួន ១១,៩៤ ភាគរយ ហើយមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១១ ពោលគឺមានចំនួន ១០,៩១ ភាគរយ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងសុខាភិបាលប្រចាំឆ្នាំ០១២។
កន្លងមកប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជា តែងទទួលរងការរិះគន់ជាច្រើនរាប់មិនអស់ ពីសំណាក់ប្រជាពលរដ្ឋទូទៅ រួមមានទាំងអាកប្បកិរិយា សម្តីសំដៅរបស់ក្រុមគ្រូពេទ្យមួយចំនួន ជាពិសេសនៅមន្ទីរពេទ្យរដ្ឋ ការស៊ីសំណូកសូកប៉ាន់ពីសំណាក់អ្នកមានប្រាក់ដើម្បីទទួលបានការព្យាបាលរហ័ស ការនាំចូលទិញ ឬលក់ឱសថក្លែងក្លាយ ការបើកឱសថស្ថានមិនមានអាជ្ញាប័ណ្ណ គ្រូពេទ្យដែលបម្រើការគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវជាដើម។ល។
សេវាកម្មសុខាភិបាលរបស់រដ្ឋភាគច្រើនត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋនៅតាមទីជនបទដែលមិនមានជម្រើសអ្វីផ្សេង តែសម្រាប់ប្រជាជនដែលមានជីវភាពធូរធារនៅតាមទីរួមខេត្ត ឬក្រុងភាគច្រើន គឺគេមិនសូវជាមានទំនុកចិត្តខ្លាំងលើសេវាសុខភាពរបស់រដ្ឋប៉ុន្មានឡើយ។
កញ្ញាសោម ស្រីពេជ្រ អាយុ២២ឆ្នាំ បានរៀបរាប់ពីបទពិសោធរបស់ខ្លួនថា កាលពីពីរឆ្នាំមុននៅពេលដែលនាងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដែលមិនសូវជាធ្ងន់ធ្ងរទេ ហើយនាងត្រូវបាននាំទៅមណ្ឌលសុខភាពរបស់រដ្ឋដែលនៅក្បែរនោះ។
នាងបាននិយាយថា នៅក្នុងបន្ទប់សង្គ្រោះគឺគ្មានអនាម័យនោះទេ ហើយរបស់របរប្រើប្រាស់វិញក៏គគ្រិចទៀតផង។ នាងថា នាងមិនដឹងថា ខ្លួនឯងឆ្លងមេរោគអ្វីនោះផង។
មិនថាតែសេវាកម្មរបស់រដ្ឋទេ គ្លីនិកឯកជនមួយចំនួនក៏មានបញ្ហាដែរ។ នៅតាមគ្លីនិកឯកជនខ្លះ គ្រូពេទ្យបើកថ្នាំឲ្យអ្នកជំងឺដោយមិនបានគិតពីស្ថានភាពរបស់អ្នកជំងឺនោះទេ គឺគិតតែដើម្បីលក់ថ្នាំឲ្យអស់តែប៉ុណ្ណោះ។
ស្រីពេជ្រដែលបានជួបប្រទះបញ្ហាបែបនេះក្នុងពេទ្យឯកជនមួយ បានពោលថា គ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យនាងទៅទិញថ្នាំនៅតាមឱសថស្ថានខាងក្រៅ។ អ្វីដែលនាងនឹកស្មានមិនដល់នោះគឺនៅពេលដែលបង្ហាញវេជ្ជបញ្ជាអ្នកលក់ថ្នាំបាននិយាយទៅកាន់នាងថាថ្នាំទាំងនោះតាមពិតទៅគឺមិនស័ក្តិសមនឹងវ័យរបស់នាងនោះទេភាគច្រើនគេប្រើសម្រាប់មនុស្សចាស់ ឬមនុស្សដែលជិតស្លាប់ព្រោះវាមានសារធាតុញៀនបើសិនជានាងប្រើប្រាស់ច្រើនអាចនឹងប៉ះពាល់ដល់សុខភាព។
នាងបាននិយាយថា៖ «ឆ្លងកាត់រឿងពីរលើកនោះមកខ្ញុំលែងមានទំនុកចិត្តទៅលើសេវាសុខភាពរបស់ប្រទេសខ្មែរយើងហើយទាំងសេវាកម្មរដ្ឋ ទាំងឯកជន»។
លោក សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងករណីនោះថា កន្លងមកក្រសួងតែងតែបានយកចិត្តទុកដាក់លើបញ្ហាទាំងអស់នេះ។
លោកថា ក្រសួងតែងតែធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យទាំងអស់រក្សាឲ្យបាននូវក្រមសីលធម៌របស់គ្រូពេទ្យ។ យ៉ាងណាមិញលោកទទួលស្គាល់ថា បើទោះបីជាមានការណែនាំយ៉ាងណាក្រមសីលធម៌គឺជារឿងរបស់បុគ្គលម្នាក់ៗមិនអាចថា ងាយស្រួលដើម្បីអនុវត្តឲ្យបានគ្រប់ទីកន្លែងនោះទេ។ ដូច្នេះមានកន្លែងខ្លះទៅអនុវត្តបានហើយកន្លែងខ្លះក៏មិនទាន់បាន។
លោកក៏ទទួលស្គាល់ថា មកដល់ពេលបច្ចុប្បន្ននេះអ្វីដែលខាងក្រសួងកំពុងតែមានកង្វះខាតនោះគឺបញ្ហាធនធានមនុស្សតែម្តងដែលរួមមានចំណេះដឹងរបស់គ្រូពេទ្យជំនាញ និងបទពិសោធ។ ដូច្នេះលោកថា កម្ពុជាទាមទារឲ្យមានការបណ្តុះបណ្តាលបន្ថែមដល់គ្រូពេទ្យហើយការអនុវត្តច្បាប់ដែលមានស្រាប់នៅមានចំណុចខ្វះខាតដោយឃើញថា ខេត្តខ្លះអនុវត្តបានហើយខេត្តខ្លះមិនទាន់អនុវត្តបាននៅឡើយ។
យ៉ាងណាមិញលោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលបានជួបបញ្ហាអសកម្មនានានៅតាមមណ្ឌលសុខភាពទូទាំងប្រទេសសូមរាយការណ៍ដោយផ្ទាល់ទៅមន្ទីរសុខាភិបាលដើម្បីវែកមុខរកបុគ្គលិកពេទ្យដែលបានប្រព្រឹត្តដូចអ្វីដែលបានលើកឡើងខាងលើដើម្បីជាការជួយកែលម្អដល់វិស័យសុខាភិបាលនៅកម្ពុជាផងដែរ។
លោកថា៖ «ប្រសិនជាមិនមានការរាយការណ៍ធ្វើម្តេចខាងក្រសួងបានដឹង?»។
កត្តាទាំងអស់នេះហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅតែមិនជឿ និងមិនពេញចិត្តពីសេវាកម្មរបស់ពេទ្យក្នុងស្រុក។ អ្នកដែលមានលទ្ធភាពមួយចំនួនតួច សុខចិត្តធ្វើដំណើរទៅប្រទេសជិតខាងដូចជាវៀតណាម ឬថៃដើម្បីព្យាបាលជំងឺ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រ មិនមានជម្រើសច្រើនឡើយដើម្បីស្វែងរកសេវាសុខាភិបាលដែលមានទំនុកចិត្ត។
អ្នកនាង សេង ស្រីមុំ វ័យ២៨ឆ្នាំ ម្ចាស់អាជីវកម្មសេវាកម្មផ្នែកសុខភាពឯកជន បានពោលថា ប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យសុខភាពនៅបរទេសកើនឡើងច្រើនដោយសារសេវាកម្មពិនិត្យសុខភាពនៅបរទេសមានភាពសុក្រឹតជាង ហើយមានការរីកចម្រើនច្រើនជាង។ នាងពោលបន្តថា យើងមិនថា ស្រុកខ្មែរយើងអន់ទេ ប៉ុន្តែយើងពុំទាន់មានដូចគេ។
នាងថា៖ «ខ្ញុំធ្លាប់ទទួលការរអ៊ូរទាំពីអ្នកជំងឺកន្លងមកច្រើនដែរ គឺថាការពិនិត្យនៅស្រុកខ្មែរថា ធ្ងន់ធ្ងរបែបនេះ ឬបែបនោះ ប៉ុន្តែដល់ពេលទៅដល់បរទេសបែរជាខុសគ្នាទៅវិញ។ មួយវិញទៀតគ្រូពេទ្យនៅក្នុងស្រុកតែងតែមើលជំងឺអ្វីមួយថា ធ្ងន់ធ្ងរ ដោយណែនាំឲ្យទទួលវះកាត់ជាដើម លុះអ្នកជំងឺជួបជាមួយគ្រូពេទ្យបរទេសបែរជាមិនធ្ងន់ធ្ងរដល់ថ្នាក់វះកាត់ទៅវិញ»។
អ្នកនាងបន្តថា៖ «មួយទៀតគឺការផ្តល់ថ្នាំឲ្យអ្នកជំងឺ ដោយមិនព្រមផ្តល់ជាវិធីសាស្រ្តក្នុងការព្យាបាលទៅវិញ បើទោះជាជំងឺនោះស្រាលក៏ដោយ។ ជាពិសេសគឺក្រមសីលធម៌របស់ក្រុមគ្រូពេទ្យ តែម្តង អ្នកជំងឺតែងតែរអ៊ូរទាំទៀតថា នៅពេលដែលគាត់គ្មានប្រាក់ ឬប្រាក់តិចតួច គ្រូពេទ្យមិនចង់ព្យាបាលឲ្យផង»។
ជាមួយគ្នានេះដែរកញ្ញាថៃ ដាណែត បុគ្គលិកសាលាឯកជន បាននិយាយថា ជាធម្មតា នាងមិនដែលទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋទេ ព្រោះមន្ទីរពេទ្យក្នុងស្រុកមិនបានធ្វើឲ្យនាងមានទំនុកចិត្តទេក្នុងការពិនិត្យ។ នាងបាននិយាយថា៖ «ពេលខ្លះយើងមិនឈឺអីផងក៏ពិនិត្យចេញមកថាយើងឈឺនេះឈឺនោះ ហើយឲ្យថ្នាំមកលេបចុងក្រោយនៅតែមិនជាដដែល»។
យុវតីដាណែត វ័យ២០ឆ្នាំរូបនេះ បានសំណូមពរថា៖ «មន្ទីរពេទ្យរដ្ឋសូមឲ្យនាំចូលនូវគ្រឿងបរិក្ខាដែលទំនើបៗដើម្បីព្យាបាលអ្នកជំងឺដែលខ្វះខាតផង។ ម្យ៉ាងបុគ្គលិកក៏គួរតែមានភាពរហ័សរហួនដើម្បីព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា មិនមែនគិតតែពីប្រាក់នោះទេ»។
នាងបន្តទៀតថា៖ «បើពេទ្យឯកជនវិញទាល់តែមើលទៅមានប្រាក់បានឲ្យជួបគ្រូពេទ្យជំនាញ បើមើលទៅមិនទំនងទេឲ្យជួបតែពេទ្យដែលមិនសូវជំនាញ ឬបុគ្គលិកពេទ្យធម្មតាប៉ុណ្ណោះ»។
ដាណែត បានបន្ថែមផងដែរថា៖ «បើខ្ញុំឈឺហើយមានលទ្ធភាពក៏ខ្ញុំទៅមើលនៅបរទេសដែរ»។
ផ្ទុយទៅវិញ លោក សុខ ស្រ៊ុន បាននិយាយថា ការពិតបើប្រៀបធៀបពីសមត្ថភាពរបស់ពេទ្យនៅស្រុកខ្មែរ និងប្រទេសជិតខាងក៏មិនមានអ្វីលើសខ្វះគ្នាប៉ុន្មានដែរ។
លោកបាននិយាយថា៖ «អ្នកខ្លះគាត់ចង់ឆ្លៀតពេលទៅដើរលេងស្រុកគេផងទេបានជាទៅពិនិត្យជំងឺនៅបរទេសនោះ»។សម្រាប់ករណីរបស់ស្រីពេជ្រ និងដាណែត មិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីនោះទេ តែមានករណីខ្លះវិញជាពិសេសនៅតាមទីជនបទនានាបានបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតក៏មាន។ ដោយឡែកដំណោះស្រាយគឺបានត្រឹមតែជាការសងប្រាក់ទៅដល់ក្រុមគ្រួសាររបស់ជនរងគ្រោះជាការស្រេច។
ជាក់ស្តែងនៅក្នុងអត្ថបទរបស់មិត្តអ្នកអានដែលបានចេញផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤ បានរៀបរាប់ពីករណីនៅក្នុងឃុំ១នៃស្រុកវ៉ារិន ពេទ្យឆ្មបបានចាក់ថ្នាំជាច្រើនមុខដល់ក្មេងអាយុ១០ឆ្នាំបន្ទាប់ពីប្រតិកម្មក្មេងប្រកាច់ត្រដរខ្យល់ពេទ្យឆ្មបមិនអាចជួយបានបែរជាធ្វើជាខ្មោចចូលហើយស្រែកថា«អញមកយកព្រលឹងហើយ»។ ក្រោយក្មេងស្លាប់គ្មានចំណាត់ការអ្វីក្រៅពីឲ្យលុយទៅបងប្អូនអ្នកស្លាប់។
នៅក្នុងអត្ថបទនោះដដែលបានបន្តទៀតថា នៅឃុំមួយនៅស្រុកពួក ស្ត្រីម្នាក់ដែលមិនបានស្គាល់សាលាពេទ្យទាល់សោះតែបានព្យួសេរ៉ូមក្មេងម្នាក់រហូតហើមសួត និងស្លាប់នៅពេទ្យជ័យវរ្ម័នទី៧។ រឿងនេះបញ្ចប់ត្រឹមសងលុយទៅម្ដាយ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តទៀត។ នៅឃុំមួយនាស្រុកពួកដដែលគិលានុបដ្ឋាកម្នាក់ព្យួរសេរ៉ូមចោលនៅតាមភូមិស្លាប់មនុស្សបីនាក់ក្នុងរយៈពេលមិនដល់៣ខែតែសំណុំរឿងបញ្ចប់ត្រឹមសាលាស្រុក។
ករណីទាំងអស់នោះ គឺជាសញ្ញាដាស់តឿនមួយដល់ក្រសួងសុខាភិបាលដើម្បីស្រាវជ្រាវ និងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធានានូវសេវាសុខភាពមួយដែលប្រជាពលរដ្ឋអាចទុកចិត្តបាន។
យោងតាមគេហទំព័ររបស់ Bloomberg ដែលបានធ្វើចំណាត់ថ្នាក់លើប្រទេសដែលមានការថែទាំសុខភាពមានប្រសិទ្ធភាពជាងគេក្នុងឆ្នាំ ២០១៤ គឺប្រទេសសិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ១ និងតាមពីក្រោយតាមលេខរៀងដោយហុងកុង អ៊ីតាលី ជប៉ុន កូរ៉េ អូស្ត្រាលី អ៊ីស្រាអែល បារាំង អារ៉ាប់ ចក្រភពអង់គ្លេស។ល៕
