​កម្លាំងចម្រុះ​ទទួលជោគជ័យ​ក្នុង​ការរារាំង​ពលរដ្ឋ​បុរី​កីឡា​មិន​ឲ្យ​ហែ​ក្បួន​ទៅកាន់​រដ្ឋសភា​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជិត​កន្លែង​ថ្លឹងរថយន្ត​ ផ្លូវ​វ៉េងស្រេង ដើម្បី​រារាំង​ក្រុមអ្នក​ហែ​ក្បួន​ទៅ​បុរីកីឡា (រូបថត៖ ជន ស្រីណុច​)

​ប្រជា​សហគមន៍​បុរី​កីឡា នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ សម្រេច​ផ្អាក​ការដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្រោយ​ពេល​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​រាប់សិប​នាក់ ដាក់ពង្រាយ​បិទ​ច្រកចេញ​ចូល​សហគមន៍​នេះ​ ។​

​តំណាង​សហគមន៍​បុរី​កីឡា​ម្នាក់ អ្នកស្រី ​ឆាយ គឹម​ហ៊​ន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​សម្រេច​ផ្អាក​ការដើ​រហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដោយសារ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពង្រាយ​ព័ទ្ធ​ច្រកចេញ​ចូល​បុរី​កីឡា ហើយ​ប្រជាពលរដ្ឋ​មិន​ចង់ឲ្យ​មាន​ការប៉ះទង្គិ​ច​ជាមួយ​កម្លាំង​ចម្រុះ​ទាំងនោះ ​។ អ្នកស្រីសម្ដែង​ការសោកស្ដាយ និង​អន់ចិត្តដែល​កម្លាំង​ចម្រុះ​ទាំងនោះរារាំង​ពួកគេ​មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ជាតិ​កម្ពុ​ជា ដើម្បី​ឲ្យ​តំណាងរាស្ត្រ​បាន​ដឹងឮ​ពី​ទុក្ខលំបាក​របស់​ពួកគេ រស់​វេទនា​អស់​រយៈពេល​បី​ឆ្នាំ​លើ​គំនរ​សំរាម និង​ជា​ពិសេស​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អាជ្ញធ​ររាជធានី​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​។ 

ទោះយ៉ាងណាអ្នកស្រី​ ឆាយ គឹម​ហ៊​ន អះអាងថាការរារាំង​ប្រជា​សហគមន៍​បុរី​កីឡា​នេះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ព្រោះ​ពួកគេ​នឹង​នៅតែ​មាន​មធ្យោបាយ​ផ្សេងទៀត ដើម្បី​យក​ញត្តិ​ទៅ​ជូន​រដ្ឋសភា​ ។ អ្នកស្រី​បន្ត​ថា ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ​ចង់បាន គឺ​ចង់ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​សាងសង់​អគារ​ពីរ​បន្ថែមទៀត សម្រាប់​ពួកគាត់ ដូចដែល​មាន​កិច្ចសន្យា​។​

​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក​ណៃ វ៉ង់​ដា មានប្រសាសន៍ថា កម្លាំងចម្រុះ​មិនគួរ​ទៅ​រារាំង​ក្រុម​ស្ត្រី និង​កុមារបុរី​កីឡា​ប្រមាណ​ហា​ហុកសិប​នាក់​នោះទេ ព្រោះ​ពួកគេ​ធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី និង​អហិង្សា​ ។ លោក​បញ្ជាក់ថា ការរារាំង​បែបនេះមិន​មាន​ប្រសិទ្ធភាព និង​គ្មាន​ប្រយោជន៍​ទាល់តែសោះ ព្រោះ​វា​អាច​ដោះស្រាយ​បាន​តែ​មួយ​រយៈ​ខ្លី​តែប៉ុណ្ណោះ គឺ​មិន​អាច​ដោះស្រាយ​ជា​រៀងរហូត​បាន​ទេ​ ។ លោក​ថា ប្រជាពលរដ្ឋ​ក៏​មាន​មធ្យោបាយ​របស់គាត់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ដែរ​ ។ 

សូម​រំឭកថា ថ្ងៃ​៣ មករា គឺជា​ខួប​បី​ឆ្នាំ ដែល​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កង​ប្រដាប់អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​ឈូស​បំផ្លាញ និង​កម្ទេច​លំនៅដ្ឋាន ទ្រព្យសម្បត្តិ របស់​ពលរដ្ឋ​រាប់រយ​គ្រូ​សារ​នៅ​សហគមន៍​បុរី កីឡា និង​បាន​ជម្លៀស​ទាំង​បង្ខំ ឲ្យទៅ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​រហូត​៤០​គីឡូម៉ែត្រ ដោយ​ផ្តល់​សំណង​តិចតួច ។ ចំណែក​ពលរដ្ឋ​ជាង​១០០​គ្រូ​សារ​ដែល​បាន​បណ្តេញ​ចេញ​ដែរ​នោះ មិន​ព្រម​ទទួល​សំណង​ហើយ​ចេញ​តវ៉ា​រហូត​ពេលនេះ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles