ដោយ៖ ញឹម គឹមសាន
ថ្ងៃចន្ទ ទី5 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញចោទគណបក្សសង្គ្រោះជាតិបានប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះនៅផ្លូវវ៉េងស្រេង គឺដើម្បីធ្វើអាជីវកម្មនយោបាយ ។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញ បានប្រារព្ធពិធីរំឮកខួប១ឆ្នាំ នៃព្រឹត្តិការណ៍បាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង ធ្វើនៅទីស្នាក់ការកណ្ដាលរបស់បក្សនេះ ដោយមានការសម្ដែងមតិ និងពិធីបុណ្យសាសនា ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ លើកឡើងថា គណបក្សសង្គ្រោះជាតិ គឺជាអ្នកទទួលខុសត្រូវមិនអាចប្រកែកបានចំពោះព្រឹត្តិការណ៍ប៉ះទង្គិចកាលពីថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ។ សាលារាជធានីភ្នំពេញអះអាងថា ពេលនោះ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលសភា និងបានប្រើប្រាស់កម្លាំងអាណាធិបតេយ្យបន្លំខ្លួនជាមួយកម្មករ កម្មារនីរោងចក្រ ធ្វើបាតុកម្មហិង្សា និងកុបកម្ម បិទផ្លូវសាធារណៈ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជន ក្នុងការផ្ដួលរំលំ ជាហេតុធ្វើឲ្យអាជ្ញាធរបង្ខំចិត្តប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ ។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ សាលារាធានីភ្នំពេញក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិ បញ្ឈប់ឧបាយកលក្នុងការបំបែកបំបាក់ឯកភាពជាតិ បំផ្លាញស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ហើយគួរតែរួមគ្នាជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល អនុវត្តនូវវប្បធម៌សន្ទនា ដើម្បីពង្រឹងគ្រឹះប្រជាធិបតេយ្យឲ្យរឹងមាំ ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ ហៅការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាប់ ។ លោកបន្តថា ការធ្វើប្រារព្ធពិធីបង្សុកូល នោះជាពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះតែប៉ុណ្ណោះ ។
គួររំឮកដែរថា ពេលប្រទេសកម្ពុជានៅជាប់គាំងនយោបាយនោះ មានការប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ១នាក់បាត់ខ្លួន និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស នៅពេលធ្វើការតវ៉ាដំឡើងប្រាក់ឈ្នួល។ រីឯហិង្សានៅមុខស្ពានស្ទឹងមានជ័យរវាងសមត្ថកិច្ច និងកម្មករ ខណៈនោះសមត្ថកិច្ចបានបាញ់បង្ក្រាបកម្មករបណ្តាលឲ្យអ្នកលក់បាយម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកហិង្សារវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ កាលពីចុងឆ្នាំ២០១៣ នៅជិតស្ពានក្បាលថ្នល់ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉ៅ សុចាន់ ស្លាប់ តែករណីទាំងអស់នោះតុលាការមិនទាន់វែកមុខជនដៃដល់មកផ្តន្ទាទោសនៅឡើយ គឺចាប់តែបាតុករ២៣នាក់ទៅដាក់គុកមួយរយៈ ៕
សូមសរសេរមកលោក ញឹម គឹមសាន តាមរយៈ nhimkimsan2012@vodhotnews.com
អ្នកធ្វេី អាជីវកម្ម នយោបាយ គឺ អ្នកយកអំណាច រកសុីទិញដូរ ប្រព្រឹត្តអំពេី ពុករលួយ ក្លាយទៅជាប្រយោជន៏ផ្ទាល់ខ្លួន។
បេីមិនច្បាស់ សាកសួរ អ្នកអក្សរសាស្ត្រ និង បញ្ញវន្ត ណាលោក។
សំនៀង
អ្នកធ្វេី អាជីវកម្ម នយោបាយ គឺ អ្នកយកអំណាច រកសុីទិញដូរ ប្រព្រឹត្តអំពេី ពុករលួយ ក្លាយទៅជាប្រយោជន៏ផ្ទាល់ខ្លួន។
បេីមិនច្បាស់ សាកសួរ អ្នកអក្សរសាស្ត្រ និង បញ្ញវន្ត ណាលោក និង មហា អស់លោក។
បេីឃ្លានចំណេះទេីបចេះស្វែងរកទិសដៅ បេីស្គាល់ខ្លួនខ្លៅ ទេីបស្គាល់ ប្រាជ្ញា ។
សំនៀង