អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ធ្លី​មិន​ឱ្យ​ជួប​នាយករដ្ឋមន្ត្រី

ដោយ សូត សុខប្រាថ្នា
2015-01-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​ឃុំត្រមូង មេមត់ ៦២០

សមត្ថកិច្ច​ដាក់​បារាស​រារាំង​ពលរដ្ឋ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៣ ភូមិ​និគមលើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី ៥ មករា ២០១៥។ RFA/Saut SokPratna

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៥២៤​គ្រួសារ នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើក​គ្នា​ដើម្បី​មក​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ប៉ុន្តែ​ត្រូវ​បរាជ័យ។ ពួកគេ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ជា​ច្រើន​កន្លែង​ដើម្បី​រារាំង​​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន ហើយ​ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា សមត្ថកិច្ច​ធ្វើ​បែប​នេះ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ថ្នាក់​ដឹកនាំ។

​ពលរដ្ឋ​នាំ​គ្នា​ជិះ​ម៉ូតូ​ផង រថយន្ត​ផង ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​ស្កាត់​មក​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោលបំណង​ដាក់​ញត្តិ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​នឹង​កន្លែង​ដល់​ពួកគាត់។ ប៉ុន្តែ​ពលរដ្ឋ​ត្រូវ​ខក​បំណង ដោយសារតែ​ពួកគាត់​មិន​អាច​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ពីព្រោះ​មាន​សមត្ថកិច្ច​រាយ​កម្លាំង​ជា​ច្រើន​កន្លែង​ដើម្បី​រារាំង​ពួកគាត់។ ពលរដ្ឋ​បាន​ត្រឹម​នាំ​គ្នា​ឈរ​កាន់​បដា និង​ស្រែក​នៅ​កំណាត់​ផ្លូវ​ជាតិ​៧៣ នៅ​ចំណុច​ភូមិ​និគមលើ ឃុំ​ស្រឡប់ ដែល​ឆ្ងាយ​ពី​កន្លែង​បើក​ការដ្ឋាន​ប្រមាណ ៣​គីឡូម៉ែត្រ ជា​ចំណុច​ដែល​អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​ចុង​ក្រោយ ខណៈ​ដែល​កម្មវិធី​បើក​ការដ្ឋាន​ត្រូវ​ចប់​ទៅ​ហើយ។

​ពលរដ្ឋ​នៅ​ភូមិ​ខ្នងក្រពើលិច អ្នកស្រី ស៊ីម ស្រីនាង ឱ្យ​ដឹង​ថា មូលហេតុ​ពួកគាត់​ចង់​ទៅ​ជួប​លោក ហ៊ុន សែន ពីព្រោះ​ចង់​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ឱ្យ​បាន​ឆាប់​រហ័ស។ អ្នកស្រី​បន្ត​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​ឱ្យ​ពួកគាត់​ជួប​ថ្នាក់​ដឹកនាំ ពីព្រោះ​មិន​ចង់​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់៖ «ខ្ញុំ​យល់​ថា គេ​មិន​ចង់​ឱ្យ​ខ្ញុំ​ចូល​ជួប ពីព្រោះ​មិន​ចង់​ឱ្យ​ពួក​ខ្ញុំ​មាន​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន»

​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី លីម ស្រីលក្ខណ៍ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​តាម​ដាន​ពួកគាត់​តាំង​ពី​រសៀល​ថ្ងៃ​ទី​៤ មករា មក​ម្ល៉េះ ហើយ​រហូត​ដល់​ព្រលឹម​ឡើង គឺ​មាន​អាជ្ញាធរ​កាន់តែ​ច្រើន​ឡើង​ដាក់​ពង្រាយ​ដើម្បី​បង្អាក់​ដំណើរ​របស់​ពួកគាត់​មិន​ឱ្យ​មក​ទាន់​វត្តមាន​របស់​ថ្នាក់ដឹកនាំ​កំពូល។

អ្នកស្រី​ថា ត្បិត​តែ​ពលរដ្ឋ​បរាជ័យ​ក្នុង​ការ​ជួប​លោក ហ៊ុន សែន ក៏​ដោយ​ចុះ ប៉ុន្តែ​ពួកគាត់​សង្ឃឹម​ថា ដំណឹង​នេះ​នឹង​បាន​ដឹង​ដល់​ថ្នាក់ដឹកនាំ​ជាក់​ជា​មិន​ខាន៖ «ពួក​បងៗ មីងៗ​​ទាំង​អស់​នៅ​សហគមន៍​ខ្នងក្រពើ គឺ​គាត់​មានបំណង​ចង់​ទៅ​ជួប​សម្ដេច គឺ​ចង់​ឱ្យ​គាត់​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​ខ្ញុំ ព្រោះ​ខាង​ក្រោម​ហ្នឹង​គេ​អត់​រាយការណ៍​ជូន​គាត់​ទេ»

​អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ​នឹង​រិះរក​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ឱ្យ​ពួកគាត់​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​នឹង​កន្លែង។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ ៥២៤​គ្រួសារ​លើ​ទំហំ​ដី​ជាង ២០​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​អូស​បន្លាយ​ប្រមាណ ៦​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​អវិនិយោគ​ពី​ក្រុមហ៊ុន​របស់​រដ្ឋ​មក​ជា​ក្រុមហ៊ុន​ឯកជន ហើយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​មាន​ពលរដ្ឋ​តិច​បំផុត​ដែល​ព្រម​ចាក​ចេញ។

​ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​បាន​រារាំង​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​គ្រាន់តែ​ចង់​រក្សា​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ៖ «អូន! មិន​មែន​សមត្ថកិច្ច​រារាំង​ទេ គឺ​ទី​នេះ​គឺ​ជា​កន្លែង​ការពារ​សុវត្ថិភាព​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា អញ្ជើញ​មក​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សាលា​ខេត្ត​ថ្មី។ អ៊ីចឹង​ជា​ការ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ និង​អង្គ​ពិធី​ទាំង​មូល មិន​មាន​ការ​បិទ​រារាំង​ប្រជាពលរដ្ឋ​យើង​ទេ»

​លោក​បន្ថែម​ថា បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ខាង​លោក​នឹង​ពាំនាំ​នូវ​សំណើ​របស់​ពួកគាត់​ទៅ​ជូន​អភិបាល​ខេត្ត​ដើម្បី​ដោះស្រាយ។ ពលរដ្ឋ​សម្រេច​នាំគ្នា​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រមាណ​ជា ១១​ថ្ងៃត្រង់ ស្រប​ពេល​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល​ចាក​ចេញ​ទៅ​អស់។

​យ៉ាងណា​មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ដែល​បាន​ឃ្លាំមើល​រឿង​នេះ លោក ខុន ខូយ យល់​ថា ការ​លើក​ឡើង​របស់​អាជ្ញាធរ​គឺ​ជា​រឿង​ត្រឹមត្រូវ​មួយ​ផ្នែក ក៏ប៉ុន្តែ​សម្រាប់​មួយ​ជ្រុង​ទៀត គឺ​អាជ្ញា​ធរមាន​ចេតនា​មិន​ចង់​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​អាច​ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី​តែម្ដង ពីព្រោះ​ជម្លោះ​ដីធ្លី​នេះ គឺ​ជា​បញ្ហា​រសើប​សម្រាប់​អាជ្ញាធរ​ខេត្ត។

​លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​ហាក់​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​នេះ​ទេ ពីព្រោះ​បញ្ហា​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​លទ្ធផល​អាជ្ញាធរ​បាន​ត្រឹម​រុញ​ការ​ដោះស្រាយ​ដាក់​គ្នា​ប៉ុណ្ណោះ។ ជាក់​ស្ដែង​កាល​ពី​ខែ​សីហា លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ចេញពី​ស្ថាប័ន​រដ្ឋ​សភា និង​ព្រឹទ្ធសភា តម្រូវ​ឱ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ពិនិត្យ​និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ដាក់​បារាស​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ផ្លូវ​ជាតិ​លេខ​៧៣ ភូមិ​ព្រះធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៥ មករា ២០១៥។

សមត្ថកិច្ច​ដាក់​បារាស​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ផ្លូវ​ជាតិ​លេខ​៧៣ ភូមិ​ព្រះធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៥ មករា ២០១៥។

ពលរដ្ឋ​មាន​ជម្លោះ​ដី​លើក​បដា​តវ៉ា​អម​សងខាង​ផ្លូវ​៧៣ ក្នុង​ភូមិ​និគមលើ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខណៈ​រថយន្ត​គណៈប្រតិភូ​ធ្វើ​ដំណើរ​ចេញ​ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ខេត្ត។

ពលរដ្ឋ​មាន​ជម្លោះ​ដី​លើក​បដា​តវ៉ា​អម​សងខាង​ផ្លូវ​៧៣ ក្នុង​ភូមិ​និគមលើ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខណៈ​រថយន្ត​គណៈប្រតិភូ​ធ្វើ​ដំណើរ​ចេញ​ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ខេត្ត។

ពលរដ្ឋ​មាន​ជម្លោះ​ដី​លើក​បដា​តវ៉ា​អម​សងខាង​ផ្លូវ​៧៣ ក្នុង​ភូមិ​និគមលើ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខណៈ​រថយន្ត​គណៈប្រតិភូ​ធ្វើ​ដំណើរ​ចេញ​ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ខេត្ត។

ពលរដ្ឋ​មាន​ជម្លោះ​ដី​លើក​បដា​តវ៉ា​អម​សងខាង​ផ្លូវ​៧៣ ក្នុង​ភូមិ​និគមលើ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខណៈ​រថយន្ត​គណៈប្រតិភូ​ធ្វើ​ដំណើរ​ចេញ​ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ រដ្ឋបាល​ខេត្ត។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles