​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​មេមត់​ស្កាត់​ជួប​នាយក​រដ្ឋមន្ត្រី​ ពេល​សម្ពោធ​បើក​ការដ្ឋាន​សាលាខេត្ត​ត្បូងឃ្មុំ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃចន្ទ ទី5 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កម្លាំងចម្រុះ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះរារាំង​ប្រជាពលរដ្ឋ​ជាង​៥២៤​គ្រួសារមិនឲ្យ​ជួប​នាយករដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ដែល​បាន​អូសបន្លាយ​ជាង​៦ឆ្នាំ ដោយ​សមត្ថកិច្ច​អះអាងថា​ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​ ។​

អ្នក​តវ៉ា​ម្នាក់​អ្នកស្រី អ៊ុន ស៊ូ​ចេង រស់នៅ​ភូមិ​ខ្នង​ក្រពើ​ខាងលិច ឃុំ​ត្រមោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥នេះ​ថា ពួកគាត់​ជាង​៥២៤​គ្រួសារ រស់​នៅ​ទីតាំង​នោះតាំងពី​ឆ្នាំ​១៩៧៩​មក ដល់​ឆ្នាំ​២០០៨ ទើប​ក្រុមហ៊ុន​ឯកជន​មួយ​មក​អះអាងថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនដែល​រដ្ឋាភិបាល​ប្រគល់ឲ្យ​ ។ 

​ស្ត្រី​រូប​នោះ​បន្តថា ដោយសារ​មាន​ការរំលោភបំពាន​បែបនេះ ទើប​ពួកគាត់​ទៅស្កាត់​ជួប​នាយករដ្ឋមន្ត្រី ដែល​ទៅ​បញ្ចុះសីមា​ចាក់គ្រឹះ​សាលាខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​នេះ ដើម្បី​រក​យុត្តិធម៌ បាន​រស់នៅ​លើ​ដី​កំណើត​វិញ ​។

​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​លោក អាំ សុផល មានប្រសាសន៍ថាសមត្ថកិច្ច​មិន​បាន​រារាំង​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ គឺ​គ្រាន់តែ​ត្រួតពិនិត្យ​បញ្ហា​ចរាចរណ៍​តែប៉ុណ្ណោះ ​។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទិ្ធ​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុ​វ៉ាត មានប្រសាសន៍ ការរារាំង​របស់​សមត្ថកិច្ច​ចម្រុះ គឺជា​ការព្យាយាម​លាក់បាំង​ការ​ពិត​មិន​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដឹង ​។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ជាជាង​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន ហើយ​គេចវេស​មិន​ព្រម​ដោះស្រាយ ​។​

​កន្លង​ប្រជាពលរដ្ឋ​ភូមិ​ខ្នង​ក្រពើ​ខាងលិច ឃុំ​ត្រមោង ស្រុក​មេមត់ ខេត្ត​ត្បួងឃ្មុំ ធ្លាប់​បាន​ដាក់​ញត្តិ​បី​ដង​រួចមក​ហើយ​ដើម្បី​សុំ​អន្តរាគមន៍​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពួកគាត់ ដោយ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១១ លើក​ទី​២ ឆ្នាំ​២០១២ ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លើក​ទី​៣ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤​នេះ ដាក់​ញត្តិ​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles