ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី5 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អ្នកមានទំនាស់ដីធ្លីនៅសហគមន៍បឹងឈូក តវ៉ានៅមុខសាលាដំបូងរាជធានី កាលពីព្រឹកមិញ (រូបថត៖ ជន ស្រីណុច)
អ្នកមានទំនាស់ដីធ្លីនៅសហគមន៍បឹងឈូក នៅថ្ងៃចន្ទនេះ ខកចិត្តនឹងតុលាការដែលមិនបានចាត់ការទៅលើអ្នករំលោភដី បែរជាកោះហៅតំណាងពួកគេឲ្យចូលបំភ្លឺនៅតុលាការ ដោយចោទពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។
តំណាងសហគមន៍បឹងឈូក អ្នកស្រី ខៀវ ចិន្តា ដែលជាប់ចោទដែរនោះ ថ្លែងថាប្រជាពលរដ្ឋដែលរស់នៅបឹងឈូករងនូវភាពអយុត្តិធម៌ពីតុលាការ ក៏ដូចជាអាជ្ញាធរដែលចោទប្រកាន់តំណាងបួននាក់ថាបង្ករហិង្សាខណៈពួកគេគ្មានកំហុសសោះ ។ អ្នកស្រីបន្តថាពួកគេរងគ្រោះពីរជាន់ គឺទាំងការបណ្តេញចេញជាច្រើនដងពីដីដែលពួកគេរស់នៅច្រើនឆ្នាំមកហើយ និងរងគ្រោះដោយសារតែតុលាការមិនឯករាជ្យ ។
អ្នកស្រី ខៀវ ចិន្តា ចោទថាការដែលតុលាការកោះហៅខ្លួន និងតំណាងផ្សេងទៀតនេះគឺដើម្បីបំបាក់ស្មារតីពួកគេកុំប្រឆាំងនឹងការបណ្តេញចេញ ។ អ្នកស្រីបន្តថា «អ្នកដែលរងគ្រោះជាម្ចាស់ផ្ទះ ម្ចាស់ដី តែងតែគេចោទប្រកាន់ពីបទនេះបទនោះ ដូចខ្ញុំជាដើម ពីបទប្រើអំពើហិង្សានេះ គេយកប្រព័ន្ធតុលាការមកគាបសង្កត់ពួកយើង ដើម្បីកុំឲ្យពួកយើងទាំងអស់គ្នា ហ៊ានចេញមុខទាមទារតវ៉ាសិទ្ធិលំនៅដ្ឋាន របស់ខ្លួនឯង» ។
តំណាងសហគមន៍បុរីកីឡាអ្នកស្រី ឆាយ គឹមហ៊ន ដែលដឹកនាំសកម្មជននៅតំបន់នោះជួយតវ៉ានៅមុខតុលាការព្រឹកនេះ រៀបរាប់ថាតុលាការចោទប្រកាន់ពួកគេដោយមិនមានមូលដ្ឋានច្បាស់លាស់ ។ អ្នកស្រីសំណូមពរដល់តុលាការ ក៏ដូចជារដ្ឋាភិបាលបញ្ឈប់នូវការយកប្រព័ន្ធតុលាការមកគាបសង្កត់រាស្ត្រក្រីក្រ ។ អ្នកស្រីថា «ពួកយើងសង្ឃឹមថា តុលាការនឹងធ្វើយ៉ាងណាកុំឲ្យមានការចាប់ខ្លួនសកម្មជន ជាបន្តបន្ទាប់ទៀត ព្រោះយើងមើលឃើញភាពអយុត្តិធម៌ស្រុកខ្មែរនេះ គឺកាន់តែច្រើនឡើងៗ ។ អ្វីដែលយើងសោកស្តាយ គឺយើងសោកស្តាយនូវប្រព័ន្ធតុលាការដែលគាត់អត់មានភាពឯករាជ្យសម្រាប់ពួកយើងជាជនរងគ្រោះ» ។
ប្រតិកម្មរបស់អ្នកភូមិក្រីក្រទាំងនោះ គឺធ្វើឡើងខណៈសាលាដំបូងរាជធានីភ្នំពេញហៅអ្នកភូមិបឹងឈូក៤នាក់មកបើកសវនាការនៅព្រឹកនេះ បន្ទាប់ពីផ្ទះពួកគេជាង៤០ខ្នងត្រូវបានអគ្គីភ័យឆេះអស់កាលពីខែធ្នូ ឆ្នាំ២០១៤ ហើយអ្នកភូមិចោទថាអាជ្ញាធរលួចដុត ។ ប៉ុន្តែសវនាការនេះមិនមានវត្តមានដើមបណ្តឹង ហើយអ្នកឃ្លាំមើលអះអាងថាមានភាពមិនប្រក្រតីច្រើនលើឯកសារចោទមួយចំនួន ខណៈចៅក្រមសម្រេចលើកពេលសវនាការជាលើកទី៣ដោយមិនទាន់កំណត់ពេល ដើម្បីទុកពេលស្រាវជ្រាវ និងកោះហៅដើមបណ្តឹងឲ្យចូលក្នុងសវនាការពេលក្រោយ ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សម្រាប់សង្គមកម្ពុជាគឺជាទម្លាប់ទៅហើយដែលអ្នកមានលុយ ឬមានអំណាចតែងតែយកប្រព័ន្ធតុលាការមកជិះជន់ពលរដ្ឋក្រីក្រដើម្បីបណ្តេញចេញពីលំនៅដ្ឋាន ។ លោកថា «ពេលដែលមានបញ្ហាដីធ្លី គឺគេតែងតែប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាគំនាប ក្នុងការប្តឹងទៅប្រជាពលរដ្ឋដែលរស់នៅពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីធ្វើការគាបសង្កត់ឲ្យប្រជាពលរដ្ឋធ្វើការចាកចេញ ឬក៏យើងស្ទើរតែឃើញគ្រប់កន្លែងទាំងអស់គឺថា ប្រជាពលរដ្ឋត្រូវបានជាប់ពន្ធនាគារ ដោយសារតែការប្តឹងតាមរយៈប្រព័ន្ធតុលាការហ្នឹង និងការចោទប្រកាន់ផ្សេងៗ ដើម្បីដណ្តើមឬក៏ដើម្បីទាមទារយកដីប្រជាពលរដ្ឋនោះ» ។
VOD មិនទាន់អាចសុំប្រតិកម្មពីចៅក្រមជំនុំជម្រះលើសំណុំរឿងនេះគឺលោក តុប ឈុនហេង បានទេ ។
ជនត្រូវចោទទាំង៤នាក់នៅសហគមន៍បឹងឈូកជាយរាជធានីភ្នំពេញនោះលើកឡើងថា ពួកគេ មិនដែលបានប្រព្រឹត្តអំពើហិង្សា ហើយក៏មិនដែលស្គាល់ដើមចោទនោះដែរ ហើយថាការកោះហៅ ឲ្យចូលសវនាការនេះគឺដើម្បីបង្ខំឲ្យពួកគាត់ចាកចេញពីដីទំនាស់ប៉ុណ្ណោះ ខណៈអ្នកភូមិធ្លាប់ទាមទារឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លី ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com