បញ្ជូន​ខ្លួន​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម បី​នាក់​ទៅ​ឲ្យ​តុលាការ

ក្រុម​ជន​សង្ស័យ​ធ្វើសកម្ម​ភាព​ប្លន់​យ៉ាងសកម្ម​​ ដែលត្រូវ​បញ្ជូន​ទៅ​តុលាការ​។ រូបថត សហ​ការី

ក្រុម​ជន​សង្ស័យ​ធ្វើសកម្ម​ភាព​ប្លន់​យ៉ាងសកម្ម​​ ដែលត្រូវ​បញ្ជូន​ទៅ​តុលាការ​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ចំនួន ៣​នាក់ ជា​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ភ្នំពេញ ទៅ​កាន់​សាលា​ដំបូង​រាជធានី ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

លោក អេង សោភា នាយ​ការិយា​ល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ម្សិលមិញ នៅ​ស្នងការ​ដ្នាន​នគរបាល​រាជធានី​ថា ជន​សង្ស័យ​ទាំង ៣ នាក់​នេះ​មាន​ឈ្មោះ ទី១-​គី ធឿន ហៅតួ ភេទប្រុស ត្រូវ​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​មករា នៅ​ម្ដុំ​លូ​៥ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ដោយ​ដក​ហូត​បាន​កាំភ្លើង​ខ្លី កា-៥៩ មួយ​ដើម គ្រាប់ ១៤ គ្រាប់​ម៉ូតូ​គុប​មូល​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ ១​គ្រឿង ទី២-ឈ្មោះ សូត យ៉ា ហៅ យ៉ាន ភេទប្រុស ត្រូវ​ចាប់​ខ្លួន​នៅ​ផ្ទះ​ជួល​ ម្ដុំលូ៥ នៅ​ម៉ោង​ជាង​៥ ល្ងាច​ថ្ងៃ​ទី ០១ ខែ​មករា នៅ​ម្តុំលូ ៥​នេះ​ដែរ និង​ទី៣- ឈ្មោះ ឡ វុធ ហៅ វ៉ា ភេទ​ប្រុស ត្រូវ​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មករា នៅ​មុខ​វត្ដ​អង្គ​តាមិញ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោក អេង សោភា បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​មេខ្លោង​របស់​ក្រុម​ប្លន់​ខាង​លើ​នេះ មាន​ឈ្មោះ ខេង ពិសិដ្ឋ ហៅ ខល័រ ភេទ​ប្រុស ត្រូវ​សមត្ថកិច្ច​នគរបាល​បាញ់​ស្លាប់​នៅ​ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ខណៈ​ដែល​ជន​នេះ​បាន​បាញ់​ត​ដៃ​ជាមួយ​សមត្ថកិច្ច ដើម្បី​ប៉ុនប៉ង​រត់​គេច​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ ជន​រងគ្រោះ​នៅ​ទីតាំង​ខាង​លើ។

លោក​បន្ថែម​ថា យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច​នគរបាល ជន​សង្ស័យ​ទាំង ៤ នាក់​នេះ គឺជា​មុខ​សញ្ញា​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចាស់ តែង​តែ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​និង​ប្លន់​រថយន្ដ​យ៉ាង​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត ហើយ​នៅ​ពេល​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​ម្ដងៗ គឺ​តែង​តែ​បាញ់​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ​ដែល​បណ្តាល​ឲ្យ​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​ផង​ក្នុង​ពេល​កន្លង​មក។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ លោក គឺ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ​រឿង​នេះ មិន​អាច​ទាក់​ទង ដើម្បី​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បាន​ឡើយ​កាល​ពី​ម្សិល​មិញ។ ចំណែក​ឯ​ជន​ជាប់​ចោទ​ទាំង ៣​នាក់ ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ដូច​គ្នា​ដែរ។

គួររំឭក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី ០១ ខែមករា កន្លង​ទៅ​មាន​ករណី​ប្លន់​ម៉ូតូ​មួយ​កើត​ឡើង នៅ​ម្ដុំលូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ជន​រងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លួវ​វេង​ស្រេង។

ក្រោយ​អំពើ​ប្លន់​ភ្លាមៗ​នោះ សមត្ថកិច្ច​រួម​មាន កម្លាំង​នគរបាល​រាជធានី និង​នគរបាល​ខណ្ឌ ហើយ​និង​កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី បាន​សហការ​គ្នា​យ៉ាង​សកម្ម​តាម​ប្រមាញ់ និង​ចាប់​បក្ខ​ពួក​ជន​សង្ស័យ និង​បាញ់​ត្រូវ​មេ​ខ្លោង​ឈ្មោះ ខេង ពិសិដ្ឋ ហៅ​ខល័រ ស្លាប់​នៅ​នឹង​វាល​ស្រែ ក្នុង​ពេល​ជន​នេះ​បាញ់​ត​ដៃ ជាមួយ​សមត្ថកិច្ច​នគរបាល នៅ​ភូមិ​រោល​ជ្រូក ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ៕


What Next?

Recent Articles