​អ្នក​ឆ្លង​រោគ​អេដស៍​នៅ​ខេត្ត​បាត់តំបង ស្នើ​ទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​លើកទឹកចិត្ត​ដល់​ពួកគេ​កុំ​ឲ្យ​បាក់​ស្មារតី​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី11 មករា 2015
http://vodhotnews.com

តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ម្នាក់​ក្នុងចំណោម​២៣៤​នាក់ នៅ​ខេត្ត​បាត់ដំបង ស្នើ​ទៅ​រដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​យកចិត្តទុកដាក់​ជា​បន្ទាន់ ដោយ​ជួយ​ផ្តល់​ជា​ស្បៀង ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​កន្លែង​ព្យាបាលដើម្បី​លើកទឹកចិត្ត​ដល់​អ្នកជំងឺ​កុំឲ្យ​បាក់ស្មារតី​ ។​

ជំទប់​ទី​២​នៃ​ឃុំ​រកា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្ទុក​មេរោគ​អេដស៍បាន​អះអាង​ថា ជា​អ្នកតំណាង​ឲ្យ​អ្នក​ឆ្លង​មេរោគ​ទាំងនោះ លោក សឿ​ម ឆ​ម​ ឲ្យ​ VOD ​ដឹងថាបើ​តាម​ការចុះ​ស្រង់​ស្ថិតិ​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ គិត​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥ អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន​២៣៤​នាក់​ហើយ​ ។ លោក​ថា ៣​ថ្ងៃ​ចុងក្រោយ​នេះ អ្នក​ផ្ទុកមេរោគ​៨​នាក់ក្នុងចំណោម​២៣៤​នាក់ មាន​សភាព​ធ្ងន់ធ្ងរ គឺ​ក្អួតនៅ​ពេល​ពួកគេ​ផឹក​ថ្នាំ​ប្រឆាំង​មេរោគ ហើយ​បច្ចុប្បន្ន​នេះកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ថែទាំ លើកទឹកចិត្ត និង​ជួយ​ពន្យល់​ណែនាំ​ពួកគេ​ផង ដើម្បី​កុំឲ្យ​បាក់ស្មារតី ​។​

តែ​សម្រាប់​ក្រសួង​សុខាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​បាន​ធ្វើការ​រួម​ក្នុង​ការស្រាវជ្រាវរ​កមូ​លហេតុ​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង ឲ្យដឹងថា​មនុស្ស​ចំនួន​២១២​នាក់ ត្រូវ​បាន​បញ្ជាក់ថា​បាន​ឆ្លង​មេរោគ​អេដស៍ ហើយ​ការសន្និដ្ឋាន​ដំបូងគឺ​ដោយសារ​ការចាក់​ថ្នាំ និង​ការប្រើប្រាស់​សេរ៉ូម​ ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៩ ​ខែ​មករា ឆ្នាំ​២០១៥ ឲ្យដឹងថា​ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ប្រជាជន​ចំនួន​១៩៤០​នាក់ រស់នៅ​ឃុំ​រកា ស្រុក​សង្កែ បាន​មក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ដែល​ក្នុងនោះ​មាន​២១២ បាន​ឆ្លង​មេរោគ​អេដស៍ ​។ ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​អេដស៍​ទាំងនោះ អ្នកភូមិ​រកាមាន​ចំនួន​១៧៤​នាក់ ដែល​ស្មើនឹង​៨២​ភាគរយ​ ។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​ដែល​ឆ្លង​មេរោគ​អេដស៍ មាន​ចំនួន​៣៩​នាក់ ស្មើនឹង​១៨​ភាគរយ អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៥៩​ឆ្នាំ មាន​ចំនួន​១២៧​នាក់ ស្មើនឹង​៦០​ភាគរយ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​៤៦​នាក់ ស្មើនឹង​២២​ភាគរយ​ ។​

គួរបញ្ជាក់​ថា ករណី​នៃ​ការឆ្លង​មេរោគ​អេដស៍​នេះ គ្រូពេទ្យ​ភូមិ​ម្នាក់​ឈ្មោះ យ៉ែម ជ្រិន ត្រូវបាន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លង​មេរោគ​អេដស៍​នេះ ហើយ​ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​លើ​ចំណុច​៣​នៃ​បទ​ចោទ គឺ​ទី​១ ការចម្លង​ជំងឺ​អេដស៍​ទៅ​អ្នកដទៃ ទី​២ ពាក់ព័ន្ធ​នឹង​ក្រមព្រហ្មទណ្ឌ​(​អំពើ​ឃោរឃៅ​មាន​ទារុណកម្ម​) និង​ទី​៣ ពាក់ព័ន្ធ​នឹង​ខុស​វិជ្ជាជីវៈ​ពេទ្យ ​។ ក្រោម​បទ​ចោទ​ទាំងនេះ លោក យ៉ែម ជ្រិន អាច​ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​ ៕ ​

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles